
បន្ទាប់ពីអ្នកស្រី អែនជែលីណា ជូលី (Angelina Jolie) ដែលជាតារាភាពយន្តអន្តរជាតិដ៏ល្បីល្បាញមួយរូប បានបង្ហាញវត្តមាននៅរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរវត្តកាលពីឆ្នាំមុនមក សម្រង់សម្ដីមួយដែលត្រូវបានគេអះអាងថាជាសម្ដីផ្ទាល់របស់តារាភាពយន្តហូលីវូដរូបនេះ ត្រូវបានគេបង្ហោះ និងចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គម។ Fact Crescendo Cambodia បានពិនិត្យ និងផ្ទៀងផ្ទាត់ជាមួយប្រភពពាក់ព័ន្ធនានា ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃសម្រង់សម្ដីនេះ។ ខាងក្រោមនេះ គឺជាអ្វីដែលប្រភពពាក់ព័ន្ធបានបញ្ជាក់មកកាន់ស្ថាប័នរបស់យើង។
សម្រង់សម្ដីអ្នកស្រី អែនជែលីណា ជូលី ល្បីផុសផុលលើបណ្ដាញសង្គម
កាលពីខែធ្នូកន្លងមកនេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានបង្ហោះសម្រង់សម្ដីតារាសម្ដែងភាពយន្តហូលីវូដ អ្នកស្រី អែនជែលីណា ជូលី ដែលនិយាយថា អ្នកស្រីចង់ធ្វើទៅដំណើរទៅណាមកណានៅក្នុងប្រទេសកម្ពុជាដោយមិនបារម្ភពីសុវត្ថិភាព ឬត្រូវការអង្គរក្សការពារខ្លួននោះឡើយ។
ខ្លឹមសារនៃសម្រង់សម្ដីអ្នកស្រី អែនជែលីណា ជូលី បន្តថា អ្នកស្រីងឿងឆ្ងល់ថា ហេតុអ្វីបានជាមនុស្សនៅលើពិភពលោកភ័យខ្លាចមិនហ៊ានមកលេងប្រទេសកម្ពុជា។
ការបង្ហោះសម្រង់សម្ដីតារាសម្ដែងល្បីឈ្មោះរូបនេះ ទទួលបានការចែករំលែកបន្តយ៉ាងព្រោងព្រាត ហើយក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិចម្រុះបែប និងប្រតិកម្មផ្សេងៗផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះសម្រង់សម្ដីអ្នកស្រី អែនជែលីណា ជូលី ដែលនិយាយថា «កំពូលតារាហូលីវូដ អ្នកនាង អេនជែលីណា ជូលី បានលើកឡើងថា៖ នៅប្រទេសកម្ពុជា ខ្ញុំចង់ដើរទៅណាមកណាក៏បាន អត់ខ្វល់រឿងសុវត្ថិភាព ឬត្រូវការអង្គរក្សអីទេ។ ខ្ញុំចេះតែឆ្ងល់ហេតុអ្វីមនុស្សនៅលើពិភពលោកនេះ បែរជាខ្លាចមិនហ៊ានមកលេងប្រទេសដ៏ស្រស់បំព្រងមួយនេះ»។

សម្រង់សម្ដីតារាសម្ដែងភាពយន្តហូលីវូដរូបនេះ ត្រូវបានបង្ហោះ និងចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីខែធ្នូកន្លងមកនេះពីសំណាក់បុគ្គលល្បីៗមួយចំនួនផងដែរ។ សូមមើលខ្លឹមសារនៃការបង្ហោះលើបណ្ដាញសង្គមនៅទីនេះ ឬនៅទីនេះ ឬនៅទីនេះ ឬនៅទីនេះទៀត។

តើនេះជាសម្រង់សម្ដីផ្ទាល់របស់តារាភាពយន្តហូលីវូដរូបនេះមែនឬទេ?
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទៀង និងត្រួតពិនិត្យនៅលើសម្រង់សម្ដីរបស់តារាភាពយន្តហូលីវូដ អ្នកស្រី អែនជែលីណា ជូលី ដែលត្រូវបានបង្ហោះខាងលើនេះតាមរយៈសាកសួរទៅកាន់ប្រភពជិតដិតនឹងគាត់។ យើងបានរកឃើញការពិតដូចខាងក្រោមនេះ។
សម្រង់សម្ដីរបស់តារាសម្ដែងភាពយន្តហូលីវូដ អ្នកស្រី អែនជែលីណា ជូលី ដែលត្រូវបានចែករំលែកដោយទំព័រហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀត សុទ្ធតែបញ្ជាក់ថា បានចម្លងពីទំព័រហ្វេសប៊ុក AFC ជាអក្សរកាត់សំដៅដល់ទំព័រហ្វេសប៊ុក Academic Film Criticism។
នៅក្នុងប៉ុស្តិ៍មួយរបស់ខ្លួនកាលពីថ្ងៃទី២៧ ខែធ្នូកន្លងមកនេះ ទំព័រហ្វេសប៊ុក AFC បានទាមទារទៅទំព័ហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ឱ្យផ្ដល់តម្លៃទៅលើស្នាដៃរបស់ខ្លួនផង។

ឆ្លើយតបនឹង Fact Crescendo Cambodia លោក វ៉ាន់ ស៊ីណារ៉ូ ដែលអះអាងថាជាអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក Academic Film Criticism នោះ បានឱ្យដឹងថា លោកទទួលបានសម្រង់សម្ដីរបស់អ្នកស្រី អែនជែលីណា ជូលី បែបនេះ ដោយផ្អែកតាមប្រសាសន៍របស់ផលិតករភាពយន្តល្បីឈ្មោះ លោក ប៉ាន់ រិទ្ធី ដែលបានថ្លែងនៅឯសិក្ខាសាលាភាពយន្តមួយ នៃមហោស្រពភាពយន្តជាតិខ្នាតខ្លីលើកទី៣នៅឆ្នាំ២០២២កន្លងមកនេះ។
Fact Crescendo Cambodia បានស្នើសុំការបញ្ជាក់ពីលោក ប៉ាន់ រិទ្ធី តាមរយៈសារអេឡិចត្រូនិកដែរ ប៉ុន្តែ គិតត្រឹមថ្ងៃចេញផ្សាយអត្ថបទនេះ លោកមិនបានឆ្លើយតបនៅឡើយទេ។ Fact Crescendo Cambodia នឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀត បន្ទាប់ពីលោក ប៉ាន់ រិទ្ធី បញ្ជាក់លម្អិតអំពីរឿងនេះ។
នៅក្នុងសារមួយកាលពីខែធ្នូកន្លងមកនេះ ទំព័រហ្វេសប៊ុកមហោស្រពជាតិភាពយន្តខ្នាតខ្លី (Cambodia National Short Film Festival) បានបង្ហាញផលិតករភាពយន្ត លោក ប៉ាន់ រិទ្ធី អង្គុយនៅលើវេទិកាមួយដែលមានផលិតករភាពយន្តដទៃចូលរួមជាវាគ្មិនផងដែរ។
លោក ឆាយ បូរ៉ា ជាផលិតករភាពយន្តកម្ពុជាឈានមុខមួយរូបផងដែរ ដែលបានមានវត្តមានក្នុងវេទិកាសិក្ខាសាលានោះ បានឱ្យដឹងថា លោកបានស្ដាប់លឺលោក ប៉ាន់ រិទ្ធី មានប្រសាសន៍លើកឡើងពីតារាភាពយន្តហូលីវូដ អ្នកស្រី នាង អែនជែលីណា ជូលី នាពេលនោះ។
ផលិតករភាពយន្តរូបនេះ បញ្ជាក់ថា ប្រសាសន៍របស់លោក ប៉ាន់ រិទ្ធី គឺសំដៅដល់រូបថតរបស់អ្នកស្រី អែនជែលីណា ជូលី ដែលបានធ្វើដំណើរទៅណាមកណានៅក្នុងប្រទេសកម្ពុជាតែម្នាក់ឯង ហើយគ្មានអង្គរក្សតាមការពារនោះឡើយ។
ទោះជាយ៉ាងណា ក្នុងសារអេឡិចត្រូនិចឆ្លើយតបមកកាន់ Fact Crescendo Cambodia អ្នកស្រី Arminka Helic ដែលត្រូវបានគេស្គាល់ថាជាមនុស្សមានទំនាក់ទំនងជិតដិតជាមួយនឹងអ្នកស្រី អែនជែលីណា ជូលី នោះ បដិសេធទទួលស្គាល់សម្រង់សម្ដីដែលត្រូវបានចែកចាយនៅលើបណ្ដាញសង្គមនេះ។

Title:សម្រង់សម្ដីមួយរបស់អ្នកស្រី Angelina Jolie ល្បីផុសផុលលើបណ្ដាញសង្គម
By: Jay UdomResult: Explainer
