វីដេអូ​នេន​តូច​រាំង​លេង​កម្សាន្ត​តាម​ភ្លេង​ធុង​បាស់ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ដើម​ខែ​នេះ ដែល​នាំ​ឱ្យ​មាន​ការ​រិះគន់​ចំពោះ​នេន​តូច​ទាំង​នេះ​ថា បាន​ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ។ វីដេអូ​​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

វីដេអូ​បង្ហាញ​ព្រះ​សង្ឃ​ក្មេងៗ​រាំង​លេង​តាម​ចង្វាក់​ភ្លេង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​ចោទ​សួរ​ថា តើ​នេន​តូចៗ​ទាំង​នោះ​ជា​ព្រះ​សង្ឃ​កម្ពុជា ឬ​ព្រះ​សង្ឃ​នៅ​ប្រទេស​ណា។

វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏ទទួល​បាន​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជាវីដេអូដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី០៧ ខែ​សីហា ឆ្នាំ​២០២៤ ដែល​ចោទ​សួរ​ថា “ចប់​ លោក​ខ្មែរ​យើង ឬ​ក៏មិន​មែន​ទេ និយាយ​លែង​ចេញ​ហើយ”។

Facebook Post | Archived Link

ព័ត៌មាន​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ដោយ​អ្នក​នយោបាយ​​របស់​គណបក្ស​ប្រឆាំង លោក មុត ចន្ថា ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “យួន​ក្លាយ។

Facebook Post | Archived Link

វីដេអូ​​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​​ហ្វេសប៊ុក​ផ្សេង​ទៀត​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ សូម​មើល​ព័ត៌មាន​ដូច​គ្នា​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ

វីដេអូ​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ YouTube ផង​ដែរ​ដោយ​ឆាណែល​មួយ​ឈ្មោះ​ថា SANGHA Official Primitive កាល​ពីថ្ងៃ​ទី០៧ ខែ​សីហា ឆ្នាំ​២០២៤។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​វីដេអូ​ដូច​គ្នា​ទាំង​ស្រុង​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ខែ​កក្កដា​កន្លង​មក​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ Angel Studio និង​មាន​សំណេរ​ជា​អក្សរ​ភូមា​​ផង​ដែរ។

បើ​ផ្អែក​តាម​ការ​បក​ប្រែ​ដោយ Google Translate សំណេរ​ជា​ភាសា​ភូមា​នោះ រៀបរាប់​ក្នុង​ន័យ​ថា នេន​តូច​គួរ​ឱ្យ​ស្រឡាញ់​ទាំង​នោះ​ កំពុង​លោត​រាំ​លេង​តាម​ចង្វាក់​ភ្លេង​ធុង​បាស់ធំៗ​នៅ​ទីនោះ។

Facebook Post | Archived Link

ជាង​នេះ​ទៀត យើង​បាន​រក​ឃើញ​វីដេអូ​នេះ​នៅ​លើ​បណ្ដាញ​សង្គម TikTok ដែល​បង្ហោះ​ដោយ​អ្នកប្រើ​ប្រាស់​ TikTok ឈ្មោះ Thiri Aung ដែល​តែង​តែ​បង្ហោះ​វីដេអូ​នៃ​ការ​រាំ​លេង​កម្សាន្ត​ទៅ​តាម​ភ្លេង​ធុង​បាស់​ធំៗ។

TikTok | Archived Link

ទោះជាយ៉ាងណា គ្មាន​ព័ត៌មាន​ច្បាស់​លាស់​បន្ថែម​ត្រូវ​បាន​រក​ឃើញ​នោះ​ឡើយ ក្រៅ​ពី​ព័ត៌មាន​បញ្ជាក់​បាន​ថា សង្ឃ​ក្មេងៗ​នៅ​ក្នុង​វីដេអូ​នេះ ស្លៀក​ស្បង​ពណ៌​ក្រហម​ក្រមៅ ដែល​ជា​ពណ៌​ស្បង​ប្រើ​ប្រាស់​ទូទៅ​សម្រាប់​ព្រះ​សង្ឃ​ភូមា។

ពណ៌​ស្បង​ចីវរនេះ​មិន​ដូច​ទៅ​នឹង​ពណ៌​ស្បង​លឿង​ខ្ចី​ ឬ​លឿង​ស្រាល ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ទូទៅ​ដោយ​ព្រះ​សង្ឃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ។

សូម​មើល​រូបថត​នៃ​ការ​ប្រៀប​ធៀប​រវាង​ពណ៌​ស្បង​ចីវរ​ដែល​គ្រង​ដោយ​ព្រះ​សង្ឃ​ខ្មែរ និង​​ស្បង​ចីវរ​ដែល​គ្រង​ដោយ​ព្រះ​សង្ឃ​ភូមា។

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​ទៅ​លើ​វីដេអូ​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​ដែល​បង្ហាញ​នេន​តូចៗ​រាំ​តាម​ភ្លេង​ធុង​បាស់​នេះ មិន​មែន​ជា​ព្រះ​សង្ឃ​ខ្មែរ​នោះ​ឡើយ។ នេនតូចៗ​ក្នុង​វីដេអូ​នេះ គឺ​ជា​ព្រះ​សង្ឃ​ភូមា ដែល​គ្រង​ស្បង​ពណ៌​ក្រហម​ក្រមៅ​ខុស​ពី​ពណ៌​ស្បង​ចីវរ​ពណ៌​លឿង​ខ្ចី​ដែល​គ្រង​ដោយ​ព្រះ​សង្ឃ​ខ្មែរ។

Avatar

Title:វីដេអូ​នេន​តូច​ភូមា​រាំ​លេង​បង្ក​ការ​យល់​ច្រឡំ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ខ្មែរ

Fact Check By: Jay Udom

Result: Misleading