ភូមា ឬ​មីយ៉ាន់ម៉ា បាន​ធ្លាក់​ក្នុង​អស្ថេរភាព​នយោបាយ​ និង​អំពើ​ហិង្សា​ដ៏​បង្ហូរ​ឈាម​អស់​រយៈ​ជាង ២​ខែ​ហើយ ក្រោយ​ពី​ក្រុម​យោធា​បាន​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក​នេះ។

ទន្ទឹម​គ្នា​នេះ ឃ្លីប​វីដេអូ​ហេតុការណ៍​ភ្លើង​ឆាប​ឆេះ​មួយ ត្រូវ​បាន​គេបានអះអាងថា បង្ក​ឡើង​ដោយ​ក្រុម​យោធា​ភូមា ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋមីយ៉ាន់ម៉ា​ជាច្រើននាក់​​ស្លាប់បាត់បង់ជីវិត និងបាត់បង់​ជម្រកស្នាក់នៅ។

ទោះយ៉ាងណា ការស៊ើបអង្កេតរបស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាង និង​ផ្សព្វផ្សាយនោះ គឺ​មិនពិតនោះឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាលពីថ្ងៃទី២៣ ខែមីនា​កន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញហេ្វសបុក​ម្នាក់ បានអះអាងថា ពលរដ្ឋ មីយ៉ាន់ម៉ាជាច្រើននាក់ ត្រូវបានស្លាប់ដោយសារតែភ្លើងឆេះជំរុំ។​

រូបភាព​ផ្ដាម​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក រៀបរាប់​ថា «ក្តៅៗស៊ែរបន្ទាន់ ដើម្បីឲ្យលោក UN, NATO, ICC

ពលរដ្ឋភូមាត្រូវស្លាប់និងបាត់បង់ជំរក ពិចារណាដល់ណាទៀតលោក ពិចារណារអោយលឿនៗទៅ»។

Facebook Link | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

ក្រុមការងាររបស់ Fact Crescendo Cambodia ចាប់ផ្តើមធ្វើការត្រួតពិនិត្យ​តាមរយៈការស្វែងរកនូវប្រភពវីដេអូនានា ដែលនាំឱ្យយើងមានទៅដល់ប្រភពមួយចំនួនទាក់ទងនឹងព្រឹត្តិការណ៍នេះ។

បើតាមការផ្សព្វផ្សាយមួយរបស់សារព័ត៌មាន​ The New York Times បានឲ្យដឹងថា ហេតុការណ៍ភ្លើងឆេះជំរុំជន ភៀសខ្លួននេះ បានកេីតឡេីងនៅក្នុងប្រទេសបង់ក្លាដេស កាលពីថ្ងៃទី២២ ខែមីនា​កន្លងទៅនេះ ដែលបានឆក់ជីវិត ជនភៀស​ខ្លួន​រ៉ូហ៊ិងយ៉ា ១៥នាក់ និងរងរបួសជាច្រើនរយនាក់។

The New York Times News Report | Archived Link

យោងទៅតាមការបង្ហោះវីដេអូមួយនៅក្នុងបណ្តាញវីដេអូ YouTube ជាភាសា Bengali ដែលបានបង្ហោះមុនមួយថ្ងៃនៃ ការ​អះអាងខាងលើបានឲ្យដឹងថា ហេតុការណ៍នេះ គឺត្រូវបានកើតឡើងនៅក្នុងតំបន់ជំរុំជនភៀសខ្លួនមួយស្ថិតនៅក្នុង ប្រទេសបង់ក្លាដេស។

YouTube Link | Archived Link

Fact Crescendo Cambodia ក៏បានរកឃើញវីដេអូដូចគ្នាដោយបានសរសេរថា «ជំរុំជនភៀសខ្លួននៅក្នុងប្រទេស បង់ក្លាដេសបាននឹងកំពុងឆេះ ដោយមានមនុស្ស​ជាង ៤០០នាក់បានបាត់ខ្លួន និងជាង ៥៦០នាក់បានរងរបួស»។

Facebook Link | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បានរកឃើញថា ការអះអាងថាមានពលរដ្ឋមីយ៉ាន់ម៉ាបានស្លាប់ និងបាត់បង់ជំម្រក ដោយសារ តែភ្លើងឆេះយ៉ាងសន្ធោសន្ធៅនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ដោយផ្អែកទៅលើសារព័ត៌មានអន្តរជាតិធំៗ បានបញ្ជាក់ថា ពុំមានហេតុការណ៍បែបនេះ បានកើតឡើងនៅក្នុងប្រទេសមួយនេះនោះទេ ប៉ុន្តែផ្ទុយទៅវិញ ហេតុការណ៍នេះ ត្រូវបានកើតឡើង នៅក្នុងជំរុំជនភៀសខ្លួនរ៉ូហ៊ិនយ៉ា ក្នុងប្រទេសបង់ក្លាដេស ដែលបានសម្លាប់ មនុស្សប្រមាណជាង១៥នាក់។

Avatar

Title:Fact Check: វីដេអូ​ភ្លើង​ឆេះ​ជំរុំ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​បង់ក្លាដែស​ត្រូវ​បាន​អះ​អាង​ថា កើត​ឡើង​នៅ​ភូមា

Fact Check By: Kakada Sim

Result: False