
មនុស្សយន្ត ត្រូវបានមនុស្សយើងបង្កើតឡើងកាន់តែរស់រវើក ហើយត្រូវបានចែករំលែកឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមបានដឹងផងដែរ។ កាលពីពាក់កណ្ដាលខែកញ្ញាកន្លងមកនេះ វីដេអូមួយដែលបង្ហាញមនុស្សយន្តប្រកួតវាយសីជាមួយមនុស្សយើង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ដែលនាំឱ្យមានការចែករំលែកបន្តយ៉ាងផុសផុល ហើយនាំឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនជឿថា វាជាការប្រកួតពិតប្រាកដរវាងមនុស្ស និងមនុស្សយន្ត។ ទោះជាយ៉ាងណា យើងរកឃើញថា វីដេអូនោះត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
វីដេអូដែលបង្ហាញមនុស្សយន្តប្រកួតវាយសីជាមួយមនុស្សយើង ត្រូវបានបង្ហោះលើបណ្ដាញសង្គមកាលពីខែកញ្ញាកន្លងមកនេះ ហើយត្រូវបានអះអាងថា ជាវីដេអូពិតៗនៃការប្រកួតរវាងមនុស្ស និងមនុស្សយន្តពិតប្រាដក។
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយការរៀបរាប់ថា វាជាការប្រកួតវាយសីពិតប្រាកដរវាងមនុស្សយន្ត និងមនុស្សយើង។
ការអះអាងនេះ ត្រូវបានចែករំលែកយ៉ាងច្រើន ហើយក៏ទទួលបានមតិយោបល់ជាច្រើនផងដែរពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ក្នុងនោះអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ជឿថា វាជាការពិត។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យទៅលើការអះអាងនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងបានរកឃើញព័ត៌មាននៃវីដេអូនេះដែលត្រូវបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រួចមកហើយដោយក្រុមការងារត្រួតពិនិត្យការពិត Fact Crescendo នៅក្នុងប្រទេសស្រីលង្កាកាលពីខែកញ្ញាកន្លងមកនេះ។
លទ្ធផលនៃការត្រួតពិនិត្យការពិតដោយក្រុម Fact Crescendo នៅប្រទេសស្រីលង្កា បានរកឃើញថា វីដេអូនេះ ត្រូវបានកាត់តចេញពីមួយផ្នែកនៃវីដេអូការប្រកួតវាយសីនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០១២ ដែលត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
ក្រុមការងារ បានរកឃើញទៀតថា វីដេអូដើម បង្ហាញពីសកម្មភាពប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងកីឡាករចិន Lin Dan និងកីឡាករម៉ាឡេស៊ី Lee Chong Wei។ វីដេអូនៃការប្រកួតនោះ ត្រូវបានរកឃើញនៅលើឆាណែលផ្លូវការរបស់ស្ថាប័នកីឡាអូឡាំពិក ដែលបង្ហាញឱ្យឃើញថា កីឡាករចិនទទួលបានជ័យជម្នះក្នុងការប្រកួតនោះ។
វីដេអូដែលត្រូវបានបង្ហោះ និងអះអាងនៅលើបណ្ដាញសង្គម ត្រូវបានកាត់ត និងបង្វិលទិសដែលធ្វើឱ្យអក្សរនៅក្នុងវីដេអូបង្ហាញលក្ខណៈបញ្ច្រាញ។
Olympic YouTube Channel | Archived Link
ដោយបានប្រៀបធៀបទៅនឹងវីដេអូដែលត្រូវបានអះអាងនៅលើបណ្ដាញសង្គម យើងបានឈុតដូចគ្នាទាំងស្រុងនៅចន្លោះនាទី ២១.០៦ ទៅដល់នាទី ២១.៣៣ ដែលបង្ហាញចលនាដងខ្លួនរបស់កីឡាករចិន Lin Dan (ឈុតក្រហម) ដូចគ្នាទាំងស្រុងទៅនឹងចលនាដងខ្លួនរបស់មនុស្សយន្ត។
សេចក្ដីរាយការណ៍របស់សារព័ត៌មាន NDTV កាលពីឆ្នាំ២០១២ បានឱ្យដឹងថា កីឡាករចិន Lin Dan បានយកឈ្នះលើកីឡាករម៉ាឡេស៊ី Lee Chong Wei ជាមួយលទ្ធផល ២សិត ទល់ ១សិត (១៥-២១, ២១-១០, ២១-១៩)។ ជាលទ្ធផល កីឡាករចិនរូបនេះ ឈ្នះមេដាយមាសអូឡាំពិកលើកទី៦។
សម្រាប់ខ្លឹមសារលម្អិត លោកអ្នកអាចចូលទៅមើលអត្ថបទទាំងមូលរបស់ក្រុមការងារ Fact Crescendo Sri Lanka ដែលបានផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣តាមរយៈតំណភ្ជាប់នៅទីនេះ។
កាលពីខែកញ្ញាកន្លងមកនេះ ក្រុមការងារត្រួតពិនិត្យការពិត Fact Crescendo Cambodia ក៏បានផ្ទៀងផ្ទាត់ទៅលើវីដេអូមួយទៀតដែលបង្ហាញឱ្យឃើញមនុស្សយន្តប្រកួតកីឡាវាយគ្រាប់ឃ្លីលើតុជាមួយមនុស្ស។ ក្រុមការងារយើងបានរកឃើញថា វីដេអូនោះគឺជាវីដេអូកាត់តផងដែរ។ សូមមើលខ្លឹមសារទាំងស្រុងនៅទីនេះ។
CONCLUSION
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូនេះ មិនមែនជាការប្រកួតវាយសីរវាងមនុស្សយើង និងមនុស្សយន្តនោះឡើយ។ វីដេអូដើម គឺជាការប្រកួតវាយសីរវាងកីឡាករចិន Lin Dan និងកីឡាករម៉ាឡេស៊ី Lee Chong Wei នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅទីក្រុងឡុងដ៍កាលពីឆ្នាំ២០១២។

Title:វីដេអូមនុស្សយន្តប្រកួតវាយសីជាមួយមនុស្សគ្រាន់តែជាវីដេអូកាត់តប៉ុណ្ណោះ
Written By: Jay UdomResult: Altered
