បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​បន្ត​ពី​ឪពុក​របស់​លោក​ហើយ​នោះ ការ​អះ​អាង​មួយ​ដែល​កំពុង​តែ​ផ្ទុះ​នៅ​លើ​បណ្ដា​ញ​សង្គម​ បាន​លើក​ឡើង​ថា​ នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​រូប​នេះ​ បាន​ដាក់​តាំង​រូបថត​អតីត​មេដឹកនាំ​វៀតណាម​ លោក​ ហូ​ ជីមិញ​ នៅ​ក្នុង​ការិយាល័យ​របស់​លោក​។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាងផ​ុស​ផុល និង​បញ្ចេញ​មតិ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​កាត់​ត។​

ការ​អះអាង​លើ​បណ្ដាញ​សង្គម​

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ការ​ដាក់​តាំង​រូបថត​ស្ថាបនិក​នៃ​ប្រទេស​វៀតណាម​សង្គម​និយម លោក ហូ ជីមិញ នៅ​ក្នុង​ការិយាល័យ​លោក​ ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​ថ្មី​របស់​កម្ពុជា​នោះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បានបង្ហោះ​ភ្ជាប់​ជាមួយ​ការ​អះអាង​ថា លោក ហ៊ុន ម៉ាណែត បាន​ដាក់​តាំង​រូបថត​លោក ហូ ជីមិញ នៅ​ក្នុង​ការិយាល័យ​របស់​លោក ១​ថ្ងៃ​ក្រោយ​​ពី​លោក​ចូល​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​ផ្លូវការ​។

រូបថត​ជាមួយ​ការ​អះអាង​នេះ​ ត្រូវ​បាន​ចែកចាយ​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ថា​ «បង​ប្អូន​ខ្មែរ​យើង​ជួយ​មើល​ស្អី​គេ​ហ្នឹង​ ឡើង​បាន​ពីរ​ថ្ងៃ​តាំង​រូប​អ្នក​មាន​គុណ​បាត់​»។​

Facebook Post | Archived Link

រូប​ថត​បែប​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​ទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះ​អាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ (archived link)​, ឬ​តំណ​ភ្ជាប់​មួយ​នៅ​ទី​នេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។​

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​នៅ​ក្នុង​ការិយាល័យ​របស់​លោក​នាយករដ្ឋមន្ដ្រី​ថ្មី​ ហ៊ុន​ ម៉ាណែត​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​ក្នុង​​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​ផ្ទាល់​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០២៣​កន្លង​ទៅ​។​

រូប​ថត​ខាង​លើ​នេះ​ បាន​បង្ហាញ​ទិដ្ឋភាព​រូប​ព្រះឆាយាល័ក្ខណ៍​របស់​សម្ដេច​តា​ សម្ដេច​យាយ​ និង​ព្រះ​មហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ​ នរោត្តម​ សីហមុនី​ ដែល​តាំង​នៅ​ពី​ក្រោយ​តុ​ធ្វើការ​​របស់​លោក​នាយករដ្ឋមន្ដ្រី​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ថ្ងៃ​ទី​មួយ​ នៅ​ក្នុង​បន្ទប់​ការិយាល័យ​ធ្វើ​ការ​ថ្មី​»។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ រូប​ថត​បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ ម៉ាណែត​ អង្គុយ​នៅ​ក្នុង​បន្ទប់​ការិយាល័យ​ធ្វើការ​ថ្មី​របស់​លោក​ នៅ​វិមាន​សន្ដិភាព​ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ផង​ដែរ​ នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ Fresh News (archived link) កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៤​ ខែ​សីហា​កន្លង​ទៅ​។​​

ខាង​ក្រោម​ គឺ​ជា​ការ​ប្រៀប​ធៀប​រវាង​រូប​ថត​ដែល​ត្រូវ​បាន​កាត់​ត​ និង​រូប​ថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ និង​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នេះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​ពិត​ ច្បាប់​ដើម​នៃ​រូប​ថត​ដែល​ដាក់​តាំង​នៅ​ក្នុង​ការិយាល័យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ាណែត​ គឺ​ជា​រូប​ព្រះ​ឆាយាល័ក្ខណ៍​របស់​សម្ដេច​តា​ សម្ដេច​យាយ​ និង​សម្ដេច​នរោត្តម​ សីហមុនី​។​

Avatar

Title:រូប​ថត​តាំង​ក្នុង​ការិយាល័យ​លោក ហ៊ុន​ ម៉ាណែត​ ត្រូវ​បាន​កាត់​ត​​ឱ្យ​ខុស​ពី​រូបថត​ដើម

Written By: Kakada Sim

Result: Altered