
ខណៈពេលនឹងមានការបោះឆ្នោតថ្នាក់ក្រោមជាតិនៅឆ្នាំក្រោយ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ខាងមុខនោះ ការចោទប្រកាន់ និងវាយប្រហាររិះគន់រវាងគណបក្សនយោបាយមួយទៅលើគណបក្សនយោបាយមួយទៀត បានកើតឡើងព្រោងព្រាតនៅលើបណ្តាញសង្គម ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងចំណោមនោះ រូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរូបតាំងរបស់មេដឹកនាំវៀតណាមនោះ ត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុកកម្ពុជា។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនោះ មិនមែនជាការពិតនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ អ្នកប្រើហ្វេសប៊ុកម្នាក់បានបង្ហោះរូបថតមួយសន្លឹក ចូលទៅក្នុងក្រុមហ្វេសប៊ុក Cnrp Fresh News ដោយបានបង្ហាញរូបរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងអង្គុយធ្វើការនៅក្នុងការិយាល័យរបស់លោក។ រូបថតមួយសន្លឹកដដែរនេះ ក៏បង្ហាញអំពីរូបថតតាំងនៅពីក្រោយកៅអីដែលលោកកំពុងអង្គុយផងដែរ ដោយបានបង្ហាញអំពីទិដ្ឋភាពរបស់លោកកំពុងតែឈរចាប់ដៃជាមួយនឹងមេដឹកនាំរបស់ប្រទេសវៀតណាម។
រូបថតនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដងរួមជាមួយការបញ្ចេញប្រតិកម្មជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុកដែលបានសរសេររៀបរាប់ថា «អាខ្វាក់ ក្បត់ជាតិខ្មែរ ធ្វើបដិវត្តន៍ពណ៌ ប្លន់អំណាចពីរដ្ឋាភិបាលស្របច្បាប់ប៉ុលពត យកទៅលក់ឲ្យយួន ដែលធ្វើឲ្យយួនឈ្លានពាន និងគ្រប់គ្រងខ្មែររហូតមកដល់ពេលនេះ»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើរូបភាពនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នានៅក្នុងការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានរកឃើញ និងបង្ហោះនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកផ្ទាល់កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។ រូបថតដដែរនេះ បានបង្ហាញអំពីទិដ្ឋភាពរូបព្រះឆាយាល៏ក្ខណ៍របស់សម្ដេចតា សមេ្តចយាយ និងសម្ដេចព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលតាំងនៅពីក្រោយកន្លែងអង្គុយរបស់លោកនាយករដ្ឋមន្ត្រីផងដែរ។
រូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកដែលបានសរសេររៀបរាប់ថា «សារាចរណែនាំ ស្ដីពីការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ពី ថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២១ និងវិធានបង្ការ និងទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩»។

តាមរយៈសេចក្តីរាយការណ៍នៅក្នុងគេហទំព័រសារព័ត៌មានក្នុងស្រុកមួយ Phnom Penh Post បានចុះផ្សាយផងដែរ ដោយមានបង្ហាញអំពីរូបថតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងការិយាល័យរបស់លោក។ រូបថតផ្សាយដោយគេហទំព័រមួយនេះ ពុំបានបង្ហាញទិដ្ឋភាពរូបថតថ្នាក់ដឹកនាំរបស់ប្រទេសវៀតណាមនោះឡើយ។
រូបភាពផ្ដាមចេញពីគេហទំព័រសារព័ត៌មាន Phnom Penh Post បានសរសេររៀបរាប់ចំណងជើងជាភាសាអង់គ្លេសថា «$8M to civil servants, military for holidays» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «៨លានដុល្លារដល់មន្រ្តីរាជការ និងយោធាសម្រាប់ថ្ងៃឈប់សម្រាក»។

The Phnom Penh Post’s Report | Archived Link
រូបថតមួយសន្លឹកដែលមានទម្រង់ និងភិនភាគដូចគ្នាទាំងស្រុងនេះ ក៏ត្រូវបានរកឃើញ និងផ្សព្វផ្សាយដោយគេហទំព័រសារព័ត៌មាន Nokorwat News កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះផងដែរ ដោយបានបង្ហាញអំពីទិដ្ឋភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែត្រួតពិនិត្យឯកសារនៅក្នុងការិយាល័យផ្ទាល់ខ្លួនរបស់លោក។
រូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មានដែលមានចំណងជើងរៀបរាប់ថា «សម្តេចតេជោ អំពាវនាវឲ្យពលរដ្ឋថែរក្សាសុខសន្តិភាព និងការរីកចម្រើននៅក្នុងប្រទេសជាតិយើងឲ្យបានយូរអង្វែង»។

Nokorwat News’s Report | Archived Link
នៅក្នុងសេចក្តីរាយការណ៍មួយផ្សេងទៀតរបស់គេហទំព័រសារព័ត៌មាន Nokor Dragon News ដែលផ្សព្វផ្សាយកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦កន្លងទៅ ក៏បានបង្ហាញអំពីរូបថតមួយសន្លឹករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងអង្គុយធ្វើការនៅក្នុងការិយាល័យរបស់លោកផងដែរ។ រូបថតតាំងនៅក្នុងការិយាល័យរបស់លោក ពុំបានបង្ហាញទិដ្ឋភាពរូបថតថ្នាក់ដឹកនាំរបស់ប្រទេសវៀតណាមដូចទៅនឹងការបង្ហោះខាងលើនោះទេ។

Nokor Dragon News’s Report | Archived Link

សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះ និងអះអាងដោយអ្នកប្រើប្រាស់ខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ ត្រូវបានកាត់តមុននឹងបង្ហោះនៅលើបណ្តាញសង្គម។ ការពិត ច្បាប់ដើមនៃរូបថតដែលដាក់តាំងនៅក្នុងការិយាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន នោះ គឺជារូបព្រះឆាយាល៏ក្ខណ៍របស់សម្ដេចតា សមេ្តចយាយ និងសម្ដេចនរោត្តម សីហមុនី។

Title:រូបថតតាំងនៅក្នុងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានកាត់ត
Fact Check By: Kakada SimResult: Altered
