Fact Check: តើ​លោក​ ហ៊ុន សែន​ ពិត​ជា​គ្មាន​សក់​មែន​ដែរ​ឬ​ទេ​?

Altered Political

ការ​បញ្ចេញ​មតិ​រិះគន់​​​ និង​សកម្ម​ភាពធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​ព្រះ​កិត្តិ​នាម​​របស់​​ព្រះមហាក្សត្រកម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង និង​បង្ហោះ​​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ និង​​​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ ដែល​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដេញ​ដោល​ និង​ជជែក​វែក​ញែក​នៅ​លើ​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល​។​

ទន្ទឹម​នឹង​នេះ​​​ ​រូបថត​មួយ​សន្លឹក​​​បង្ហាញ​សភាព​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ពុំ​មាន​សក់​ក្បាល​​ ខណៈ​ពេល​ដែល​សម្តេច​នរោត្តម​ សីហមុនី​ ទ្រង់​មាន​សក់​ជា​ធម្មតា​នោះ​​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ ចូល​ទៅ​ក្នុង​ក្រុមហ្វេស​ប៊ុក​​ សកម្មជន​ហ្វេសប៊ុក​ដើម្បី​សង្គ្រោះ​ជាតិ​ Facebook Activist To save The Nation ដោយ​បង្ហាញ​រូប​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់កម្ពុជា​ ដែល​ក្នុង​នោះ​លោក​ ហ៊ុន​សែន ​ជា​នាយករដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ បាន​កំពុង​ឈរ​កាន់​ដៃ​ជាមួយ​នឹង​សម្ដេច​​ព្រះ​មហាក្សត្រ នរោត្តម​ សីហមុនី​​​។​​ រូប​ថត​មួយ​សន្លឹក​ដដែរ​នេះ​ ក៏​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​របស់​សម្តេច​ព្រះ ​នរោត្តម​ សីហមុនី​ ដែល​ទ្រង់​មាន​សក់​ជា​ធម្មតា​ ខណៈ​ពេល​ដែល​លោក​ ហ៊ុន​ សែន​ ពុំ​មាន​សក់​ក្បាល​នោះ​ឡើយ។​ 

អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​

រូប​ថត​នេះ​ត្រូវ​បាន​ប្រតិកម្ម​ និង​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកដែល​បាន​សរសេរ​រៀប​រាប់​ថា​ «នៅ​កម្ពុជា​ សូម​កុំ​និយាយ​ពី​ច្បាប់​ យុត្តិធម៌​ តុលា​ការ​ សេរី​ភាព​ ប្រជា​ធិបតេយ្យ​​ និង​ការ​បោះឆ្នោត​ត្រឹម​ត្រូវ​ស្អី​នោះ​ វា​គ្មាន​ទេ​ សូម្បី​តែ​បោះឆ្នោត​ជា​សម្ងាត់​ ក៏​អត់​មាន​ផង​​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។ 

រូប​ថត​មួយ​សន្លឹក​ដែល​មានទម្រង់​ និង​ភិនភាគ​ដូច​គ្នា​ទាំង​ស្រុង​ ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​ដោយ​គេហទំព័រសារព័ត៌មាន​ China Daily កាល​ពី​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១២​កន្លង​ទៅ​នេះ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារព័ត៌មាន​ដែល​បាន​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «​​Cambodia’s Prime Minister Hun Sen (L) greets Cambodia’s King Norodom Sihamoni as the king arrives at Phnom Penh international airport before his departure for China, Oct 15, 2012»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​សែន​ (ឆ្វេង​​) ថ្វាយ​ព្រះ​ពរព្រះមហាក្សត្រ​ខ្មែរ​ ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​ សីហមុនី ​ខណៈទ្រង់​យាង​មក​ដល់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ មុន​ពេល​ព្រះអង្គ​យាង​ចាក​ចេញ​ទៅ​ប្រទេស​ចិន​ថ្ងៃ​ទី​១៥ ខែ​តុលា​ ឆ្នាំ​២០១២​»​។​

China Daily’s Report | Archived Link

ទីភ្នាក់​ងារ​ព័ត៌មាន​​ Reuters ក៏​បានបង្ហ្ាញ​ និង​ផ្សព្វ​ផ្សាយ​រូប​ថត​មួយ​សន្លឹក​ដែល​មានទម្រង់​ និង​ភិនភាគ​ដូច​គ្នា​ខាងលើ​​ផង​ដែរ​នៅ​ក្នុង​សេចក្តី​រាយ​ការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃទី​១៥​ ខែតុលា​ ឆ្នាំ​២០១២​កន្លង​ទៅ អំពី​ការ​យាង​ដំណើរ​របស់​​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​ សីហមុនី ទៅ​កាន់​ទីក្រុង​ប៉េកាំង​។ អតីត​ព្រះមហាក្សត្រ​កម្ពុ​ជា សម្តេច​ព្រះ​នរោត្តម​ សីហនុ​  ទ្រង់​បាន​​យាង​ចូល​ព្រះ​ទីវង្គតនា​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ ក្នុង​ព្រះជន្មាយុ ៩០ព្រះវស្សា​ ដោយ​ព្រះជរាពាធនៅ​មន្ទីរពេទ្យ ទីក្រុង​ប៉េកាំង ប្រទេស​​ចិន។ 

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​​ដែល​បានបង្ហាញ​អំពី​ការ​យាង​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​របស់ព្រះ​បាទ​​សមេ្តច​នរោត្តម​ សីហមុនី​ ដែល​ក្នុង​នោះ​មាន​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​សែន​ បាន​ចូលរួម​ជូន​ព្រះ​រាជ​ដំណើរផង​ដែរ។​

Reuters’s Report | Archived Link

តាម​រយៈ​គេហទំព័រសារព័ត៌​មាន​​ Global Times ក៏​បាន​ផ្សព្វ​ផ្សាយ​ និង​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ​មាន​ទម្រង់​ដូច​គ្នា​របស់​សម្ដេច​​ព្រះ​​បរមនាថ​ នរោត្តម​ សីហមុនី​ និងលោក​​នាយក​រដ្ឋ​មន្ត្រី​​កម្ពុជា​ផងដែរ​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​តុលា​ ឆ្នាំ​២០១២​ ដែល​ក្នុង​នោះ​ពុំ​បាន​បង្ហាញ​អំពី​សភាព​លោក​ ហ៊ុន​ សែន​ គ្មាន​សក់​ក្បាល​ និង​សម្តេច​នរោត្តម​ សីហមុនី​ ទ្រង់​មាន​សក់​ជា​ធម្មតា​នោះ​ឡើយ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​​ដែល​បាន​រៀប​រាប់​ជាភាសា​អង់​គ្លេស​ថា​ «Cambodian King Norodom Sihamoni (R) shakes hands with Prime Minister Hun Sen (L) before departing for China at Phnom Penh International airport on Monday. Cambodia’s former king Norodom Sihanouk, whose life mirrored the turbulent history of his nation where he remained a revered figure, died in Beijing on Sunday»​​ ឬ​ប្រែ​ជា​ភាសា​ខ្មែរមាន​ន័យ​ថា​ «ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​ សីហមុនី​ (ស្តាំ​) ទ្រង់​ចាប់​ដៃ​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន​ (ឆ្វេង​) មុន​ពេល​ចាក​ចេញ​ទៅកាន់​ប្រទេស​ចិន​នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​…​»​​។​

Global Times’s Report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ និង​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​​ រូប​ថត​មួយ​សន្លឹកនេះ​​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ ច្បាប់​ដើម​នៃ​រូប​ថត​នោះ គឺ​ត្រូវ​បាន​គេ​រក​ឃើញ​ថាសម្តេច​នរោត្តម​ សីហមុនី​ ទ្រង់​ពុំ​មាន​សក់​នោះ​ឡើយ​ ខណៈ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន​ គឺ​មាន​សក់​ជា​ធម្មតា​។​​​

Avatar

Title:តើ​លោក​ ហ៊ុន សែន​ ពិត​ជា​គ្មាន​សក់​មែន​ដែរ​ឬ​ទេ​?

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.