Fact-Check: តើ​ក្រុម​មនុស្ស​ចាស់​នៅ​ក្នុង​រូបថត​នេះ​ស្ថិតនៅ​ទីណា?

Explainer Social

កាល​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​​​ដែល​បង្ហាញ​ក្រុម​ស្ត្រី​វ័យ​ចាស់ ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ រៀបរាប់​ថា ស្ត្រី​ទាំង​នោះ ត្រូវ​បាន​កូន​ចៅ​បោះ​បង់​ចោល ប៉ុន្តែ គ្មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត ត្រូវបាន​គេ​បង្ហាញ​ឱ្យ​ដឹងនោះ​ឡើយ។

រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្មជាច្រើន និង​មតិ​មួយ​ចំនួន​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ខាង​លើ ដែល​រៀបរាប់​ថា «រយ​លាន​អត្ថន័យ កាល​កូន​នៅ​ពី​តូច ម្ដាយ​មិន​ដែល​ហ៊ាន​ទុក​កូន​ចោល​ទេ ពេល​កូន​ធំ មាន​ប្រពន្ធ​ប្ដី តែង​តែ​ភ្លេច​គិត​ថា មាន​ម្ដាយ។ ស៊ែរ​ម្នាក់​១ បើ​អ្នក​ស្រឡាញ់​ម៉ាក់»។

Facebook Post | Archived Link

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅលើ​រូបថត​តាមរយៈ​​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូប​ថត​របស់ Google ដែល​នាំ​ឱ្យ​យើង​ជួប​ប្រទះ​រូបថត​ដូច​គ្នា​ទាំង​ស្រុង និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ​ផង​ដែរ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​ជាមួយ​អត្ថបទ​មួយ​នៃ​គេហទំព័រ​ភាសា​វៀតណាម Saigon Fun កាល​ពីថ្ងៃទី​០៤ ខែ​មករាកន្លង​មក​នេះ។

អត្ថបទ​សារព័ត៌មាន​នេះ បាន​ឱ្យ​ដឹង​ថា រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ពី​​ស្ត្រី​វ័យ​ចាស់​​មួយ​ក្រុម​​នៅ​ក្នុង​ចំណោម​ស្ត្រី​វ័យ​ចំណាស់ និង​កុមារ ១៤៩​នាក់ ដែល​គ្មាន​គ្រួសារ និង​គ្មាន​សាច់​ញាតិ។ ពួកគាត់​រស់នៅ​ក្នុង​វិហារ Lam Quang ស្ថិត​នៅ​ខណ្ឌ​លេខ៨ នៃ​ទីក្រុង​ហូជីមិញ។

បើ​តាម​គេហទំព័រ​មួយ​នេះ ក្រុម​មនុស្ស​វ័យ​ចាស់ និង​កុមារ​កំព្រា​ទាំង​នោះ រស់នៅ​ពឹង​អាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក និង​ពឹង​អាស្រ័យ​លើ​ក្ដី​ស្រឡាញ់​របស់​ព្រះ​ចៅ​អធិការ​វត្ត Lang Quang។

Saigon Fun | Archived Link

គេហទំព័រ​ព័ត៌មាន​ខាង​លើ​ទើប​តែ​ចុះ​ផ្សាយ​នៅ​ដើម​ឆ្នាំ​២០២១​នេះ​ប៉ុណ្ណោះ ប៉ុន្តែ រូបថត​នេះ និង​រូបថត​ដទៃ​ទៀត​ដែល​មាន​ក្នុង​គេហទំព័រ​ព័ត៌មាន​នេះ ត្រូវ​បាន​​បង្ហោះ​លើ​បណ្ដាញ​សង្គម​​ដោយ​ទំព័រ​ហ្វេសប៊ុក Bin Tan TPHCM តាំង​ពី​ចុង​ខែ​សីហា ឆ្នាំ​២០២០​មក​ម៉្លេះ។

សំណេរ​ជា​ភាសា​វៀតណាម​នែ​ទំព័រ​ហ្វេសប៊ុក​នេះ ដែល​បក​ប្រែ​ដោយ​ម៉ាស៊ីន​មាន​ន័យ​ថា ទំព័រ​ហ្វេសប៊ុក​នេះ អំពាវ​នាវ​ដល់​សប្បុរស​ជន​ជួយ​ដល់​ក្រុម​មនុស្ស​ចាស់ និង​កុមារ​តូចៗ​ចំនួន ១៤៩​នាក់ ដែល​គ្មាន​គ្រួសារ និង​សាច់​ញាតិ។

Bin Tan TPHCM | Archived Link

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ព្រម​ទាំង​ការ​អះ​អាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​បង្ហាញ​ថា ស្ត្រី​វ័យ​ចំណាស់​ទាំង​នោះ ត្រូវ​បាន​កូន​ចៅ​បោះ​បង់​ចោល​នោះ​ឡើយ។ មនុស្ស​វ័យ​ចាស់ និង​កុមារ​តូច​សរុប​ចំនួន ១៤៩​នាក់ ពុំ​មាន​ក្រុម​គ្រួសារ និង​សាច់​ញាតិ​នោះ​ឡើយ ហើយ​រស់​នៅ​ស្នាក់​អាស្រ័យ​នៅ​ក្នុង​វិហារ​មួយ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ហូជីមិញ។

Avatar

Title:តើ​ក្រុម​មនុស្ស​ចាស់​នៅ​ក្នុង​រូបថត​នេះ​ស្ថិតនៅ​ទីណា?

Fact Check By: Jay Udom 

Result: Explainer

Leave a Reply

Your email address will not be published.