ខណៈ​ដែល​អបិយ​ជំនឿ​កំពុង​តែ​គ្រប​ដណ្ដប់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អស់​រយៈ​ជាច្រើន​សប្ដាហ៍​មក​ហើយ​នោះ វីដេអូ​មួយដែល​មាន​រូបភាព​អាប​​ហោះ​ស៊ី​ត្រី​នៅ​ក្នុង​អាង​ចិញ្ចឹម​ត្រី​នៅ​មុខ​ផ្ទះ​មួយ​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា ជា​អាប​ពិត​ប្រាកដ​ដែល​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោងព្រាត ហើយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញម​តិ​យោបល់​ដែល​ជឿ​ថា ជា​អាប​ពិត​ប្រាកដ។ ទោះជា​យ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

ការ​អះអាង​មួយ​ដែល​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​កន្លង​មក​នេះ បាន​លើក​ឡើង​ថា អាប​ត្រូវ​បាន​ថត​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​របស់​គ្រួសារ​កម្ពុជា​មួយ​ ដែល​បាន​បង្ហោះ​វីដេអូ​នោះ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។

ការ​អះអាង​នេះ បាន​បង្ហោះ​មក​ជាមួយ​នូវ​វីដេអូ​ដែល​ថត​ចេញ​ពី​កាមេរ៉ា​សុវត្ថិភាព​នៃ​គេហដ្ឋាន​មួយ ដែល​បង្ហាញ​ឱ្យ​ឃើញ​នារី​ម្នាក់​មាន​តែ​ក្បាល និង​ពោះ​វៀន​មាន​ពន្លឺ​បៃតង​ហោះ​ទៅ​ក្បែរ​អាង​ចិញ្ចឹម​ត្រី​មួយ។

វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​ និង​មាន​អ្នក​ប្រើ​​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន​បាន​ចូល​ទៅ​បញ្ចេញ​មតិ​ចម្រុះ​បែប ក្នុង​នោះ​មាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​មួយ​ចំនួន​ជឿ​ថា​ជា​ការ​ពិត។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «អាប​មាន​ពិត ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាពយប់​មិញ»។

Facebook Post | Archived Link

វីដេអូ​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រាប់​រយ​ដង និង​មតិ​យោបល់​ជាច្រើន។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «ញាក់​សាច់​កាមេរ៉ា​សុវត្ថិភាព​ថត​ជាប់​អាប​ចាប់​ត្រី​ស៊ី​ក្នុង​អាង»។

Facebook Post | Archived Link

ការ​អះអាង​​ក្នុង​ន័យ​ដូច​គ្នា​​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​មតិ​យោបល់​ចម្រុះ​បែប​ពីអ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដដែល​នេះ ដែល​ត្រូវ​បាន​បង្ហោះ​ចូល​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៣។

Facebook Post | Archived Link

វីដេអូ​នេះ​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា មាន​អាប​ពិត​ប្រាកដ​ថត​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផ្សេងៗ​ទៀត។ សូម​មើល​វីដេអូ​នោះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​​តាម​រយៈ​​ការ​ដំណើរការ​កម្មវិធី Image Reverse Search ដែល​នាំ​ឱ្យ​យើងរក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាមរយៈ​កម្មវិធី Image Reverse Search យើង​បាន​រក​ឃើញ​វីដេអូ​ដូច​គ្នា​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​បង្កើត​មាតិកា​សង្គម​ឈ្មោះ «Puly TV» ដែល​បញ្ជាក់​ថា ជា​វីដេអូ​សម្ដែង​ក្នុង​គោល​បំណង​ដើម្បី​ការ​កម្សាន្ត​តែ​ប៉ុណ្ណោះ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ Puly TV កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​សរសេរ​រៀ​រាប់​ថា «អាប​មាន​ពិត ថត​ជាប់​តាម​កាមេរ៉ា​សុវត្ថិភាព​យប់​មិញ… សម្ដែង។ This video is made for entertainment purpose only»។

Facebook Post | Archived Link

៣​ថ្ងៃ​ក្រោយ​មក ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​ចេញ​វីដេអូ​មួយ​ទៀត​ដែល​បង្ហាញ​ការ​រាយ​មែក​ឫស្សី​​ដើម្បី​ចាប់​អាប​ហោះ​ទៅ​ស៊ី​ត្រី ប៉ុន្តែ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​បញ្ជាក់​ទៀត​ថា វីដេអូ​នេះ​គ្រាន់​តែ​ជា​ការ​សម្ដែង​ដើម្បី​ជា​ការ​កម្សាន្ត​តែ​ប៉ុណ្ណោះ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក Puly TV កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​សរសេរ​រៀបរាប់​ថា «អាប​មាន​ពិត! ដាក់​បន្លា​ជាប់​ពោះ​វៀន​មែន​ទែន! … សម្ដែង​ទេ»។

Facebook Post | Archived Link

ដោយ​ពិនិត្យ​ទៅ​លើ​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​បណ្ដាញ​សង្គម​បន្ត​បន្ទាប់​គ្នា យើង​បាន​រក​ឃើញ​ចំណុច​មួយ​ចំនួន​ដែល​បញ្ជាក់​បន្ថែម​ថា វីដេអូ​ទាំង​ពីរ មាន​កាល​បរិច្ឆេទ និង​ម៉ោង​ពេល​ដូច​គ្នា ដែល​បញ្ជាក់​ថា វា​ជា​វីដេអូ​តែ​មួយ​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​កាត់​ត​បញ្ចូល​រូបភាព​អាប។

សូម​ពិនិត្យ​មើល​​រូបភាព​ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​វីដេអូ​ទាំង​ពីរ ដែល​កាល​បរិច្ឆេទ​តែ​មួយ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​រង្វង់​ក្រហម​ក្នុង​រូបភាព​ទាំង​ពីរ​នេះ។

Fact Crescendo Cambodia ក៏​បាន​ស្នើ​សុំ​ការ​បក​ស្រាយ​ពី​ម្ចាស់​ទំព័រ​ហ្វេសប៊ុក Puly TV តាម​រយៈ​ប្រព័ន្ធ​ផ្ញើសារ​បណ្ដាញ​សង្គម​ផង​ដែរ ប៉ុន្តែ ពុំ​ទទួល​បាន​ការ​ឆ្លើយ​តប​នោះ​ឡើយ​រហូត​មក​ដល់​ថ្ងៃ​ចេញ​ផ្សាយ​អត្ថបទ​នេះ។

ទំព័រហ្វេសប៊ុក Puly TV បាន​ណែនាំ​ខ្លួន​ឯង​ថា ជា​អ្នក​បង្កើត​មាតិកា​ជា​វីដេអូ​ដែល​ផ្ដោត​លើ​ការ​ចម្អិន​ម្ហូប​អាហារ ការ​បង្កើត​រឿង​សប្បាយៗ និង​ការ​ច្នៃ​ប្រតិដ្ឋ។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​ដែល​មាន​រូបភាព​អាប​ថត​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​នោះ មិន​មែន​ជា​ការ​ពិត​ជាក់​ស្ដែង​នោះ​ឡើយ។ វីដេអូ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​បង្កើត​មាតិកា​លើ​បណ្ដាញ​សង្គម ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​តែ​ប៉ុណ្ណោះ។

Avatar

Title:វីដេអូ​សម្ដែង​ជា​អាប​ស៊ី​ត្រី​កំពុង​បង្ក​ការ​ភាន់​ច្រឡំ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម

Written By: Jay Udom

Result: False