Fact Check: តើ​លោក​ ហ៊ុន​ សែន​ ពិត​ជា​​បាន​ស្លាប់​​ដូចគេ​​អះ​អាង​មែន​ឬ​?

False Political

កាល​ពី​អំឡុង​ខែ​មិថុនា​ថ្មី​ៗ​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ខក​ខាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ជាច្រើន​ថ្ងៃ​ ដោយសារ​លោក​បាន​ជាប់​ធ្វើ​ចត្តាឡីស័ក ឬ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​​ដើម្បី​តាម​ដាន​សុខភាព ក្រោយ​ពី​លោក​ប្រកាស​ថា បាន​ប៉ះ​ពាល់​ជាមួយ​បុគ្គលដែល​​ឆ្លង​កូវីដ-១៩។

ការ​អវត្ត​មាន​របស់​រូប​លោក​ បាន​ធ្វើ​ឲ្យ​មាន​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​​ថា មេដឹកនាំ​កម្ពុជា​រូប​នេះបាន​ទទួល​មរណភាព​ហើយ ហើយ​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ 

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​  Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ដែល​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០១ ខែ​កក្កដា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បាន​បង្ហាញ​អំពី​រូប​ថត​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​សំណេរ​រៀប​រាប់​ថា​ រូប​លោក​បាន​ទទួល​មរណភាព​បាត់​ទៅ​ហើយ​។​ រូប​ថត​ជាមួយ​សំណេរ​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុកដែល​សរសេរ​រៀប​រាប់​ថា​ «អាងាប់​នេះ​ វា​ងាប់​ហើយ​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​​លើ​ការ​អះអាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើលសារ​បង្ហោះ​នានា​ នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​​​សេចក្ដី​រាយ​ការណ៍​ព័ត៌​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

ដំណឹង​មរណភាព​របស់​មេដឹកនាំ​ប្រទេស គួរ​តែ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ជា​​សាធារណៈ​ដោយ​ស្ថាប័ន​រដ្ឋាភិបាល ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ឯកជន និងតាម​មធ្យោបាយ​នៃ​ការ​ផ្សព្វផ្សាយ​​សំខាន់ៗ​ដទៃ​ទៀត។

តាម​រយៈ​​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៥​ ខែ​សីហា​ ឆ្នាំ​២០២១​នេះ​ បាន​ផ្សព្វ​ផ្សាយ​ផ្ទាល់​អំពី​ទិដ្ឋ​ភាព​វត្ត​មាន​ផ្លូវ​ការ​របស់​លោក​នៅ​ក្នុង​ពិធី​ទទួល​​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​-១៩ ​ដែល​ជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​ និង​ប្រជាជន​នៃ​ចក្រភព​អង់គ្លេស​នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ។​ ការ​ផ្សាយ​ផ្ទាល់​ដដែរ​នេះ​ បាន​បង្ហាញ​អំពី​សភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី​ដែល​មាន​សុខភាព​ និង​រស់​រាន​មាន​ជីវិត​ល្អ​ជា​ធម្មតា​នៅ​ឡើយ​។​

រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​បង្ហាញ​អំពី​សកម្មភាព​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​កំពុង​​អញ្ជើញ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-​១៩​ដែល​ជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​ និង​ប្រជាជន​នៃ​ចក្រភព​អង់គ្លេស​។​

Facebook Post | Archived Link

តាម​រយៈ​គេហទំព័រ​សារព័ត៌​មាន​ The Phnom Penh Post ក៏​បាន​ផ្សព្វផ្សាយ​អំពី​ទិដ្ឋ​ភាព​នៃ​ការ​ប្រគល់​ និង​ទទួល​​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​-១៩ ​ដែល​ជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​​នៃ​ចក្រភព​អង់គ្លេស​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​០៥​ ខែ​សីហា​ ឆ្នាំ​២០២១​ ក្រោម​ការ​ចូល​រួម​ដោយ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារព័ត៌​មាន​ដែល​បាន​សរសេររៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា​ «Prime Minister Hun Sen (right) and UK deputy ambassador to Cambodia Marc Thayre bump elbows at the AstraZeneca coronavirus vaccine handover ceremony at Phnom Penh International Airport on Thursday.» ឬ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ (ស្តាំ​) និង​លោក​ឯក​អគ្គ​រាជ​ទូត​​ចក្រ​ភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​លោក Marc Thayre​ នៅ​ក្នុង​ពិធី​ប្រគល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​-១៩​ នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍នេះ​»។​

The Phnom Penh Post’s Report | Archived Link

កាល​ពី​ល្ងាច​ថ្ងៃ​ទី​០៥​ ខែ​សីហា​​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការរបស់​លោក​ ហ៊ុន​ ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​កូន​ប្រុស​បង្កើត​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន​ សែន​ ក៏​បាន​បង្ហោះ​រូប​ថត​សកម្មភាព​ឪពុករបស់​ខ្លួន​នៅ​ក្នុងឱកាស​ថ្ងៃ​ខួប​កំណើត​ ៧០​ឆ្នាំ​ផង​ដែរ​។​​​

រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​កូន​ប្រុស​​លោក​នាយក​រដ្ឋ​មន្ត្រីនៅ​ក្នុង​ឱកាស​ថ្ងៃ​ខួប​កំណើត​ ៧០​ឆ្នាំ​ របស់​លោក​ ហ៊ុន​ សែន​។​

Facebook Post | Archived Link

ករណីការ​អះ​អាង​ដូច​គ្នា​មួយ​នេះ​ ក៏​ធ្លាប់​បាន​ត្រួត​ពិនិត្យ​ដោយ​ក្រុម​ការ​ងារ Fact Crescendo Cambodia កាល​ពី​ថ្ងៃ​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២១​កន្លង​មក​ផង​ដែរ។​ នៅ​ក្នុង​សេច​ក្តី​រាយ​ការណ៍​ដដែល​នេះ​ បាន​​បញ្ជាក់​ថាលោក​នាយករដ្ឋ​មន្ត្រី​ នៅ​រស់​រាន​មាន​ជីវិត​ និង​មាន​សុខភាព​ល្អ​ដូច​ធម្មតា​មិន​ដូច​ការ​អះ​អាង​នោះ​ឡើយ​។​

Fact Crescendo’s Report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ និង​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​​ រូប​ថត​មួយ​សន្លឹក​នោះ​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នៅ​រស់​រាន​មាន​ជីវិត​ដូច​ធម្មតានៅ​ឡើយ​ទេ​ ហើយ​លោក​ទើប​តែ​បង្ហាញ​វត្ត​មាន​ជា​ផ្លូវ​ការ​នៅ​ក្នុងពិធី​ទទួល​​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​-១៩ពី​ចក្រ​ភព​អង់គ្លេសកាលពី​ថ្ងៃ​ទី​០៥​ ខែ​សីហា​​ថ្មី​ៗ​នេះ។​

Avatar

Title:តើ​លោក​ ហ៊ុន​ សែន​ ពិត​ជា​​បាន​ស្លាប់​​ដូចគេ​​អះ​អាង​មែន​ឬ​?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.