
បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ ត្រូវបានរៀបចំធ្វើឡើងរួចរាល់កាលពីថ្ងៃអាទិត្យកន្លងមកនេះនោះ ការអះអាងមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា ចំនួនពលរដ្ឋចេញទៅបោះឆ្នោត មានចំនួនប្រហែល ៥០ភាគរយនៃចំនួនពលរដ្ឋនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត។ ការលើកឡើងបែបនេះ ត្រូវបានប្រតិកម្ម និងចែកចាយដោយអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានអះអាងថា ពលរដ្ឋប្រហែល ៥០ភាគរយ មិនបានបោះឆ្នោតនោះឡើយដោយសារកត្តាផ្សេងៗ។ អ្នកប្រើប្រាស់បណ្ដាញសង្គមដដែលនេះ បានបង្ហោះការអះអាងបែបនេះជាមួយនឹងរូបថតមួយសន្លឹកដែលបង្ហាញឱ្យឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយារបស់លោក ទម្លាក់សន្លឹកឆ្នោតក្នុងប្រអប់ដែកនៅឯមណ្ឌលបោះឆ្នោតមួយកន្លែង។
ការអះអាងបែបនេះ ត្រូវបានចែករំលែកជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក ខណៈអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនទៀត បានបញ្ចេញមតិ និងប្រតិកម្មចម្រុះផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ខាងលើ បានសរសេររៀបរាប់ថា «ពលរដ្ឋប្រមាណ៥០% មិនបានបោះឆ្នោត មួយចំនួនមិនទៅបោះ មួយចំនួនពុំមានសិទ្ធិបោះឆ្នោត មិនមានឈ្មោះក្នុងបញ្ជី មួយចំនួននៅក្នុងគុក មួយចំនួននៅក្រៅស្រុក និងមួយចំនួនទៀតកំពុងជាប់ចំណាប់ខ្មាំង ហ៊ុន សែន ដូចជាក្រុម លោក កឹម សុខា ជាដើម…»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើការអះអាង ដែលបានបង្ហោះខាងលើ តាមរយៈការផ្ទៀងផ្ទាត់សេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ទំព័រហ្វេសប៊ុកផ្លូវការរបស់គ.ជ.ប. ផ្សព្វផ្សាយកាលពីថ្ងៃទី០៦ ខែមិថុនាកន្លងទៅ បានបញ្ជាក់ថា ចំនួនពលរដ្ឋបានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះ មានចំនួនប្រមាណ ៨០.១៩ភាគរយនៃចំនួនអ្នកបោះឆ្នោតសរុប។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាអាណត្តិទី៥នេះ គឺជាការបោះឆ្នោតថ្នាក់មូលដ្ឋានជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់សរុបជាង ១ម៉ឺននាក់នៅទូទាំងប្រទេស ដែលក្នុងនោះមានមេឃុំ ចៅសង្កាត់ប្រមាណ ១,៦៥២រូប។ លទ្ធផលជាផ្លូវការនៃការបោះឆ្នោតនេះ នឹងត្រូវប្រកាសឡើងនៅថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុករបស់ គ.ជ.ប. បានបង្ហាញនូវទិន្នន័យចំនួនពលរដ្ឋចេញទៅបោះឆ្នោតថ្នាក់មូលដ្ឋាន ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាអាណត្តិទី៥។

របាយការណ៍នៃចំនួនពលរដ្ឋបានចេញទៅបោះឆ្នោតឆ្នាំ២០២២នេះ ក៏ត្រូវបានផ្សព្វផ្សាយជាសាធារណៈផងដែរ នៅលើគេហទំព័ររបស់គ.ជ.ប.។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រខាងលើអំពីចំនួនសរុបបឋមនៃពលរដ្ឋចេញទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ។

National Election Committee | Archived Link
ដូចគ្នានេះ ក្នុងសន្និសីទសារព័ត៌មានមួយក្រោយបញ្ចប់ការរាប់សន្លឹកឆ្នោត លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប. បានបញ្ជាក់ថា ចំនួនពលរដ្ឋបានចេញទៅបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះ មានចំនួន ៧,១៧២,៤៤៨នាក់ ស្មើប្រមាណ ៧៧.៩១ភាគរយ ក្នុងចំណោមពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតប្រមាណ ៩លាន ២សែននាក់។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបរបស់ប្រធាន គ.ជ.ប ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលើនេះ គឺធ្វើឲ្យមានការយល់ច្រឡំ។ គ.ជ.ប. បានប្រកាសឱ្យដឹងថា ចំនួនពលរដ្ឋបានចេញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ មានចំនួន ៧,៣៨២,៤៤៩នាក់ ស្មើប្រមាណ ៨០.១៩ភាគរយ ក្នុងចំណោមពលរដ្ឋប្រមាណ ៩.២លាននាក់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតរបស់គ.ជ.ប.។

Title:ចំនួនពលរដ្ឋចេញទៅបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំនេះ មានជាង ៨០ភាគរយ
Fact Check By: Kakada SimResult: Misleading
