ឃ្លីប AI ត្រូវ​បាន​គេ​ចែក​ចាយ​ព្រោង​ព្រាត​ថា ​ជា​មហន្តរាយ​ក្រោយ​រញ្ជួយ​ដី​នៅ​ភូមា

False International

បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ភូមា​កាល​ពី​ចុង​ខែ​មីនា​កន្លង​មក រូបភាព និង​វីដេអូ​ជាច្រើន ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​សំណង់​លំនៅ​ឋាន​បាក់​បែក​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​មហន្តរាយ​ក្រោយ​រញ្ជួយ​ដី​នៅ​ភូមា។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គមជាច្រើន​ បាន​ចែក​ចាយ​ការ​អះអាង​នេះជាមួយ​ការ​បញ្ចេញ​អារម្មណ៍​តក់​ស្លុត​ចំពោះ​វីដេអូ និង​រូបភាព​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

វីដេអូ​ឃ្លីបមាន​រយៈ​ពេល ២១​វិនាទី ដែល​បង្ហាញ​សំណង់​លំនៅឋាន​បាក់​បែក​នោះ ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​មហន្តរាយ​កើត​ឡើង​ទៅ​លើ​ប្រទេស​ភូមា ក្រោយ​រង​ការ​វាយ​ប្រហារ​ដោយ​រញ្ជួយ​ដី​កម្លាំង ៧.៧​រ៉ិចទ័រ​កាល​ពី​ចុង​ខែ​មីនា​កន្លង​មក​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែលត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​កាល​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២៥ ជាមួយ​សំណេរ​រៀបរាប់​ថា “គ្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា៖ USGS ប៉ាន់​ស្មាន​ថា អ្នក​ស្លាប់​អាច​លើស ១០,០០០​នាក់”

Facebook Post | Archived Link

វីដេអូ​ឃ្លីប​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​បន្ត​ដល់​ទៅ​ជិត ៣,០០០​ដង រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ដែល​បាន​បង្ហាញ​អារម្មណ៍​តក់​ស្លុត និង​សោក​ស្ដាយ​ចំពោះ​គ្រោះ​មហន្តរាយ​នេះ។

ខាង​ក្រោម​នេះ គឺ​ជាវីដេអូ​ឃ្លីប​ដូច​គ្នា​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២៥ ដោយ​អ្នក​ប្រើ​ប្រាស់ហ្វេសប៊ុក​ផ្សេង​ទៀត ដែល​សរសេរ​រៀប​រាប់​ថា “ភូមា ឬ Myanmar រញ្ជួយ​ដី”។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Instagram កាល​ពី​ចុង​ខែ​មីនា​កន្លង​មក​ ដោយ​ភ្ជាប់​ជាមួយ​សំណេរ​ក្នុង​ន័យ​បង្ហាញ​ការ​អាណិត​អាសូរ​ដល់​ប្រទេស​ភូមា​ដែល​រង​មហន្តរាយ​ដោយសារ​រញ្ជួយ​ដី។

Instagram Post | Archived Link

ជាង​នេះ​ទៅ​ទៀត រូបភាព​នេះ​ក៏​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ​ដោយ​ភ្ជាប់​ជាមួយ​សំណេរ​ជា​ភាសា​អង់គ្លេស​ក្នុង​ន័យ​ថា វា​ជា​មហន្តរាយ​កើត​ឡើង​នៅ​ប្រទេស​ភូមា ក្រោយ​រង​ការ​វាយ​ប្រហារ​ដោយ​គ្រោះ​រញ្ជួយ​ដី​។

សារ​នេះត្រូវ​បាន​ចែក​ចាយ​បន្ត​ជាច្រើន​ដង ជាពិសេស​ការ​បង្ហាញ​ក្ដី​អាណិត​អាសូរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ដែល​បាន​បញ្ចេញ​មតិ​យោបល់​ទៅ​នឹង​សារ​មួយ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដូច​គ្នា​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម TikTok ជាភាសា​វៀតណាម ដោយ​បាន​បញ្ជាក់​ថា វា​ជា​មហន្តរាយ​ក្រោយ​ការ​រញ្ជួយ​នៅ​ប្រទេស​ភូមា និង​ប្រទេស​ថៃ​កាល​ពី​ចុង​ខែ​មុន។

TikTok Video | Archived Link

Facebook Post | Archived Link

ដោយសារវា​មាន​ភាព​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម គេ​អាច​រក​ឃើញ​មើល​វីដេអូ និង​រូបភាព​ភ្ជាប់​ជាមួយ​ការ​អះអាង​ដូច​នេះ​នៅ​លើ​ប​ណ្ដាញ​សង្គម​តាម​រយៈ​តំណ​ភ្ជាប់​ជាច្រើន​ទៀត​មាន​នៅ​ទីនេះ៖ Link 1 (archived), Link 2 (archived), និង Link 3 (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ការ​អះអាង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​ជួយ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​ថា វីដេអូ​ឃ្លីប​នេះ​ត្រូវបាន​គេ​រក​ឃើញ​ថា វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត (artificial intelligence) ឬ AI តែ​ប៉ុណ្ណោះ ពោល​គឺ​មិន​មែន​ជា​រូបភាព​ពិត​ប្រាកដ​នៃ​មហន្តរាយនៅ​ប្រទេស​ភូមា​ដែល​បណ្ដាល​មក​ពី​រញ្ជួយ​ដី​នោះ​ឡើយ។

នៅ​ក្នុង​អត្ថបទ​របស់​ខ្លួនចុះ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន ក្រុម​អ្នក​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​នៃ​ស្ថាប័ន Fact Crescendo បាន​កត់​សម្គាល់​ចំណុច​មិន​ប្រក្រតី​ជាច្រើន​ចំណុច ដែល​បញ្ជាក់​ថា វីដេអូ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី AI តែ​ប៉ុណ្ណោះ។

ក្រុម​អ្នក​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ក្លែង​ក្លាយ បាន​កត់​សម្គាល់​ឃើញ​មាន​សំណង់​វត្ត​បុរាណ​នៅ​សម័យ​បាហ្កាន (Bagan) ត្រូវ​បាន​រំលេច​ឡើង​នៅ​ក្នុង​វីដេអូ​នេះ ដែលសំណង់​បុរាណ​នេះ​មិន​ស្ថិត​នៅ​ក្នុង​តំបន់រង​គ្រោះ​ដោយការ​រញ្ជួយ​ដី​នៅ​តំបន់ Mandalay និង Sagaing នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​សេចក្ដី​រាយការព័ត៌មាន​ដែល​ត្រូវ​បាន​ផ្សាយ​ដោយ​សារព័ត៌មាន​ហ្វីលីពីន INQUIRER កាល​ពី​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ​២០២៥។

YouTube Video

ជាង​នេះ​ទៅ​ទៀត ការ​វិភាគ​ដោយ​កម្មវិធី​ពិនិត្យ​មាតិកា​បង្កើត​ឡើង​ដោយ AI នោះ បង្ហាញ​ថា រូបភាព​នៅ​ក្នុង​វីដេអូ​ឃ្លីប​ដ៏​ខ្លី​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី AI។

ខាង​ក្រោម​នេះ គឺ​ជា​លទ្ធផល​វាយ​តម្លៃ​ដោយ​វេបសាយ​មួយ​ឈ្មោះ​ថា “wasitAI” ដែល​បញ្ជាក់​ថា រូបភាព​នៅ​ក្នុង​វីដេអូ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត។

Source: Was it AI?

ដោយ​ពិនិត្យ​ទៅ​លើ​វីដេអូ​ឃ្លីប​នេះ​ឡើង​វិញ គេ​បាន​កត់​សម្គាល់ឃើញ​សញ្ញា​សម្គាល់​នៅ​លើ​វីដេអូ​ឃ្លីប​ភ្ចាប់​មក​ជាមួយ​ថា “Wan” ដែល​ជា​កម្មវិធី AI របស់​ក្រុមហ៊ុន Alibaba។ វា​ជា​កម្មវិធី​បង្កើត​វីដេអូ និង​រូបភាព​ដែល​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ប្រើ​វា​ដោយ​សេរី​ដោយ​គ្រាន់​តែ​ភ្ជាប់​មក​ជាមួយ​សញ្ញា​សម្គាល់​មួយ​នេះ​ប៉ុណ្ណោះ។

អ្នកសារព័ត៌មាន BBC លោក Shayan Sardarizadeh បាន​បញ្ជាក់​នៅ​លើ​គណនី​បណ្ដាញ​សង្គម X របស់​លោក​ថា វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រើ​កម្មវិធី Wan AI ប៉ុន្តែ វា​ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ដោយ​ថា វា​ជា​មហន្តរាយ​នៅ​ប្រទេស​ភូមា ក្រោយ​រញ្ជួយ​ដី។

ផ្អែក​តាម​សារ​របស់​លោក Shayan Sardarizadeh វីដេអូ​ឃ្លីប​នេះ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម TikTok ដោយ​គណនី​មួយ​ឈ្មោះ​ថា lee.media7 ប៉ុន្តែ គណី​នេះ​បាន​បាត់​ពី​បណ្ដាញ​សង្គម TikTok ទៅ​ហើយ។

នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​នេះ​ដែរ​នោះ បាន​រក​ឃើញ​ថា វីដេអូ​ឃ្លីប​នេះ​ត្រូវ​បាន​បង្កើត​ឡើងដោយ AI ដោយ​ផ្អែក​តាម​ការ​បញ្ជាក់​ពី​អ្នកជំនាញ​ផ្នែក​វិភាគ​មាតិកា​បង្កើត​ឡើង​ដោយ AI។

ក្រោយ​គ្រោះ​រញ្ជួយ​ដី​កាល​ពី​សប្ដាហ៍​មុន​មក គេ​សង្កេត​ឃើញ​ការ​លេច​ឡើង​នូវ​ព័ត៌មាន​ក្លែង​ក្លាយ និង​ការ​អះអាង​នានា​នៅ​លើ​បណ្ដាញ​សង្គម​នានា។

ជាង​មួយ​​សប្ដាហ៍​កន្លង​មក​នេះ Fact Crescendo បាន​រួម​ចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ទប់​ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ ឬ​ការ​អះអាង​មិន​ត្រឹមត្រូវ​នៅ​លើ​បណ្ដាញ​សង្គម។ ខាង​ក្រោម​នេះ គឺ​ជា​អត្ថបទ​ដែល​ចេញ​ផ្សាយ​ដោយ​ស្ថាប័ន Fact Crescendo៖

  1. ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា ព្រះ​សង្ឃ និង​ពុទ្ធ​បរិស័ទ​ភូមា​ធ្វើ​សមាធិ​ជា​ជន​រង​គ្រោះ​រញ្ជួយ​ដី​ថ្មីៗ
  2. ប្រាសាទ​បុរាណ​ខូច​ខាត​ដោយ​រញ្ជួយ​ដី​នៅ​ Mandalay ត្រូវ​បាន​ច្រឡំ​ថា​ជា​ចេតិយ​ Shwedagon
  3. វត្តមាន​របស់​​ត្រី Oarfish ជា​សញ្ញា​ប្រាប់​គ្រោះ​មហន្តរាយ​ខាង​មុខ តើ​ជា​ការ​ពិត​ឬទេ?
  4. រូបភាព​ក្មេង​ដែល​មើល​ទៅ​ដូចជាប់​​ក្នុ​ង​គំនរ​បាក់បែក​​ មិន​មែន​ជា​ជន​រង​គ្រោះ​រញ្ជួយ​ដី​ថ្មីៗ​នេះ​ទេ
  5. Misleading Claim Portrays Meditating Monks as Earthquake Victims
  6. Viral Video of Myanmar Earthquake Aftermath Revealed as AI-Generated
  7. Viral Image of Trapped Child Not Related to Myanmar Earthquake
  8. Old video from Taiwan falsely shared, linking to the recent Myanmar-Thailand earthquake

Follow Us and Stay Up to Date with Our Latest Fact-Checks

Facebook | Twitter | Telegram | TikTok | WhatsApp | Instagram

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត មិន​មែន​ទិដ្ឋភាព​ជាក់​ស្ដែង​នៃ​មហន្តរាយ​បណ្ដាល​មក​ពី​គ្រោះ​រញ្ជួយ​ដី​នៅ​ភូមា​នោះ​ឡើយ។

Avatar

Title:ឃ្លីប AI ត្រូវ​បាន​គេ​ចែក​ចាយ​ព្រោង​ព្រាត​ថា ​ជា​មហន្តរាយ​ក្រោយ​រញ្ជួយ​ដី​នៅ​ភូមា

Written By: Jay Udom  

Result: False

Leave a Reply

Your email address will not be published. Required fields are marked *