
គិតត្រឹមថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាបានរកឃើញមនុស្សរហូតដល់ទៅ ៥៥ ១៨៧នាក់ហើយបានឆ្លងមេរោគកូវីដ-១៩ ដែលភាគច្រើនបំផុតត្រូវបានរកឃើញឆ្លងច្រើនចាប់ពីថ្ងៃទី២០ ខែកុម្ភៈកន្លងមក។
ខណៈដែលកម្ពុជាបន្តប្រឈមមុខនឹងកំណើននៃការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩បែបនេះ ការអះអាងមួយលើបណ្ដាញសង្គម លើកឡើងថា ការទទួលតែបៃតងឆុងជាមួយទឹកក្ដៅ អាចជួយព្យាបាលជំងឺកូវីដ-១៩យ៉ាងមានប្រសិទ្ធភាព។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តដោយអ្នកប្រើប្រាស់បណ្ដាញសង្គមរហូតដល់រាប់សិបពាន់ដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មដ៏ច្រើន។
ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិតរកឃើញថា ការអះអាងនេះ មិនទាន់ត្រូវបានបញ្ជាក់ត្រឹមត្រូវដោយអង្គការសុខភាពពិភពលោកនៅឡើយទេ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកមួយបានបង្ហោះនូវការអះអាងមួយថា តែបៃតងលាយជាមួយទឹកក្ដៅ អាចព្យាបាលជំងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព ហើយវិធីសាស្ត្រព្យាបាលនេះ ត្រូវបានអនុវត្តនៅក្នុងប្រទេសវៀតណាម ដែលធ្វើឱ្យអត្រាស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសជិតខាងកម្ពុជាមួយនេះ មានកម្រិតសូន្យរហូតដល់ដើមខែកក្កដានេះ។
ការអះអាងអំពីវិធីព្យាបាលជំងឺកូវីដ-១៩បែបនេះ ត្រូវបានចែករំលែកតៗគ្នារហូតដល់ទៅរាប់ពាន់ដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក រួមជាមួយការបញ្ចេញមតិយោបល់ និងការចុចពេញចិត្តជាច្រើនទៀត។
រូបភាពផ្ដាមពីការអះអាងនៅលើបណ្ដាញសង្គមរៀបរាប់ថា «[…] ទោះបីជាត្រូវឆ្លងវីរុសកូវីដនេះក៏ដោយ វាប្រាកដជាមិនបណ្ដាលឱ្យស្លាប់ឡើយ។ ភស្ដុតាងជាច្រើនដែលបង្ហាញពីការពិតថា រូបមន្តនៅតែសាមញ្ញបំផុត ប៉ុន្តែ វាមានប្រសិទ្ធភាពពិសេស»។
ការអះអាងនោះរៀបរាប់បន្តថា «រូបមន្តសម្ដាត់នៃការព្យាបាលទំនើបអន្តរជាតិដូចខាងក្រោម៖ ១) ទឹកក្ដៅឆុងជាមួយតែបៃតង ២) លាយទឹកក្រូចឆ្មា បន្ទាប់មកផឹកទឹកតែក្ដៅៗ និង ៣) រូបមន្តសម្ងាត់អាចសម្លាប់មេរោគកូវីដបានភ្លាមៗ»។

ការអះអាងនេះ ត្រូវបានទំព័រហ្វេសប៊ុកមួយទៀតយកទៅបង្ហោះបន្ត ហើយត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរកាន់តែច្រើន បានចែករំលែកបន្តទៅទៀត និងមានការបញ្ចេញមតិយោបល់ និងការចុចពេញចិត្តយ៉ាងច្រើនផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍នៃទំព័រហ្វេសប៊ុក Bay and Mum ដែលបានបង្ហោះការអះអាងមួយនេះនៅលើបណ្ដាញសង្គមរបស់ខ្លួននៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១។

ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យមើលការអះអាងនេះតាមរយៈការឈ្វេងយល់ការសិក្សាបែបវេជ្ជសាស្ត្រពីស្ថាប័នអន្តរជាតិនានា ដែលនាំឱ្យយើងបានជួបនឹងព័ត៌មានដូចតទៅនេះ៖
ការទទួលទានតែបៃតងក្ដៅព្យាបាលជំងឺកូវីដ-១៩ ត្រូវបានលើកឡើងជាបន្តបន្ទាប់ ដែលនាំឱ្យក្រុមអ្នកវិទ្យាសាស្ត្រនៅតាមបណ្ដាប្រទេសមួយចំនួន សិក្សាស្រាវជ្រាវថា តើសារធាតុនៅក្នុងស្លឹកតែបៃតងពិតជាជួយព្យាបាលវីរុសកូរ៉ូណា ឬក៏យ៉ាងណា។
ការសិក្សាមួយដោយក្រុមអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានបច្ចេកវិទ្យាគីមីសាស្ត្រ នៅប្រទេសឥណ្ឌា ចេញផ្សាយកាលពីខែកក្កដាឆ្នាំមុន បានរកឃើញថា សារធាតុប៉ូលីហ្វីណុល (Polyphenols) និងសារធាតុ Theaflavins ដែលមាននៅក្នុងស្លឹកតែ សុទ្ធតែមានប្រតិកម្មប្រឆាំងនឹងមេរោគកូវីដ-១៩។

Publication on NCBI | Archived Link
ចំណែកឯការសិក្សាមួយដោយវេជ្ជបណ្ឌិត Maksim Storozhuk បម្រើការនៅវិទ្យាស្ថានសរីរវិទ្យា Bogomeletz នៃបណ្ឌិតសភាវិទ្យាសាស្ត្រអ៊ុយក្រែន កាលពីខែតុលាឆ្នាំមុន បានផ្ដល់នូវការយល់ឃើញថា សារធាតុក្នុងតែបៃតង មានទំនាក់ទំនងទៅនឹងការកាត់បន្ថយហានិភ័យទាក់ទងនឹងមេរោគកូវីដ-១៩។ ប៉ុន្តែ អ្នកស្រាវជ្រាវនៃការសិក្សានេះ បញ្ជាក់ថា ទាមទារឱ្យមានការសិក្សាបន្ថែមទៀត ដោយសារតែសិក្សានេះនៅមានកម្រិតនៅឡើយ។

Study published on medRxiv | Archived Link
ក្រុមអ្នកវេជ្ជសាស្ត្រឥណ្ឌាមួយក្រុមទៀត បានធ្វើការសិក្សាមួយទៀតដើម្បីស្វែងយល់ថា តើតែបៃតងអាចក្លាយទៅជាថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ឬក៏យ៉ាងណា។ ការសិក្សាដែលត្រូវបានបោះពុម្ពផ្សាយកាលពីចុងខែមីនាកន្លងមកនេះ បានផ្ដល់ជាមតិថា សារធាតុម្យ៉ាងនៅក្នុងតែបៃតង អាចប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណានៅពីក្រោយជំងឺកូវីដ-១៩។
ប៉ុន្តែ ក្រុមអ្នកសិក្សាស្រាវជ្រាវនេះ សង្កត់ធ្ងន់ថា ការសិក្សានេះគ្រាន់តែជាដំណាក់កាលដំបូងប៉ុណ្ណោះ ហើយវាស្ថិតនៅលើផ្លូវវែងឆ្ងាយនៃការពិសោធន៍ និងសាកល្បង។
វេជ្ជបណ្ឌិត Suresh Mohankumar សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Swansea នៅរាជាណាចក្រអង់គ្លេស បានដឹកនាំការសិក្សានេះនៅពេលលោកបម្រើការនៅមហាវិទ្យាល័យឱសថសាស្ត្រ នៃបណ្ឌិតសភាសិក្សាជាន់ខ្ពស់ និងស្រាវជ្រាវ នៅក្នុងប្រទេសឥណ្ឌា។ សាស្ត្រាចារ្យរូបនេះ លើកឡើងថា គេចាំបាច់ត្រូវសិក្សាបន្ថែមទៀត ដើម្បីបញ្ជាក់ថា តែបៃតងអាចមានប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការការពារ ឬព្យាបាលជំងឺកូវីដ-១៩។

Royal Society of Chemistry Publication| Archived Link
ការសិក្សាមួយទៀតដ៏សំខាន់មួយ ត្រូវបានធ្វើឡើងនៅប្រទេសអ៊ីតាលីដោយក្រុមអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន Nazionale Biostructure ដែលត្រូវបានចេញផ្សាយកាលពីចុងខែឧសភាកន្លងមកថ្មីៗនេះ។ ការសិក្សានេះ បានផ្តោតទៅលើប្រសិទ្ធភាពនៃសារធាតុកាតេជិន (Catechin)មាននៅក្នុងតែបៃតង ចំពោះការព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាលនៅអ៊ីតាលី។ កាតេជិន គឺជាសារធាតុប្រឆាំងនឹងជាតិពុល ប្រឆាំងនឹងភ្នាក់ងារវីរុសបង្កឱ្យឡើងកម្ដៅ ហើយវាមានសុវត្ថិភាពសម្រាប់មនុស្សទទួលទាន។
ការសិក្សានេះ បានជ្រើសរើសអ្នកជំងឺកូវីដ-១៩ចំនួន ១០នាក់សម្រាប់ការព្យាបាលរយៈពេល ១៥ថ្ងៃនៅតាមផ្ទះ ដោយប្រើប្រាស់ថ្នាំដែលផ្សំចេញពីសារធាតុកាតេជិន។ លទ្ធផលនៃការព្យាបាលនេះ រកឃើញថា អ្នកជំងឺទាំងអស់ បានជាសះស្បើយទាំងស្រុង ហើយមិនមានរោគសញ្ញាកូវីដ-១៩ទៀតឡើយនៅក្នុងរយៈពេល ៩ថ្ងៃ ឬចន្លោះពី ៧ ទៅ ១៥ថ្ងៃ។
ការសិក្សានោះ រកឃើញថា អ្នកជំងឺ ៧នាក់ បានបាត់បង់រោគសញ្ញាកូវីដ-១៩នៅនៅក្នុងរយៈពេល ៩ថ្ងៃ។ ការសិក្សាក៏រកឃើញផងដែរថា ក្នុងចំណោមអ្នកជំងឺ ៣នាក់ដែលនៅតែមានរោគសញ្ញាកូវីដ-១៩នោះ រោគសញ្ញាកូវីដ-១៩នៅលើអ្នកជំងឺម្នាក់ បានធ្លាក់ចុះដល់«កម្រិតទាប»។
ការសិក្សានោះបញ្ជាក់ថា អ្នកជំងឺទាំងអស់ បានចាកចេញពីមណ្ឌលចត្តាឡីស័កនៅចុងបញ្ចប់នៃការព្យាបាល ដោយសារតែពួកគេមិនមានរោគសញ្ញាទៀតនោះឡើយ។
ក្រុមអ្នកវិទ្យាសាស្ត្រដែលបានធ្វើការសិក្សានេះ បានផ្ដល់ការសន្និដ្ឋានថា «សម្រាប់ការយល់ដឹងល្អបំផុតរបស់យើង នេះគឺជារបាយការណ៍ដំបូងនិយាយពីប្រសិទ្ធភាពនៃសារធាតុកាតេជិនរបស់តែបៃតងក្នុងការប្រឆាំងនឹងរោគសញ្ញាជំងឺកូវីដ-១៩។ លទ្ធផលនៃការសិក្សានេះ អាចបើកបង្ហាញនូវទស្សនទានថ្មីក្នុងការប្រយុទ្ធនឹងជំងឺនេះ»។

MDPI Publication | Archived Link
ទោះជាយ៉ាងណា ការពិសារតែបៃតងលាយជាមួយទឹកក្ដៅ មិនទាន់មាននៅក្នុងតារាងណែនាំដោយអង្គការសុខភាពពិភពលោកនៅឡើយទេ។ ផ្ទុយទៅវិញ អង្គការសុខភាពពិភពលោក បានណែនាំឱ្យញាំទឹកឱ្យបានគ្រប់គ្រាន់រៀងរាល់ថ្ងៃចន្លោះពី ៨ ទៅ ១០កែវក្នុងមួយថ្ងៃអំឡុងពេលវិបត្តិកូវីដ-១៩នេះ។

សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា បើទោះបីជាការទទួលទានតែបៃតងមានសារៈប្រយោជន៍សម្រាប់សុខភាព ប៉ុន្តែ គ្មានភស្តុតាងណាបញ្ជាក់ថា វាអាចការពារ ឬព្យាបាលជំងឺកូវីដ-១៩បាននោះឡើយ។ ខណៈដែលវាអាចជួយកាត់បន្ថយបណ្ដោះអាសន្ន ការទទួលតែបៃតងដើម្បីព្យាបាលជំងឺកូវីដ-១៩ មិនត្រូវបានណែនាំដោយអង្គការសុខភាពពិភពលោកនោះឡើយ។ រហូតមកដល់សព្វថ្ងៃនេះ គ្មានឱសថណាមួយត្រូវបានណែនាំថា វាមានប្រសិទ្ធភាពបញ្ឈប់ជំងឺកូវីដ-១៩នោះឡើយ ប៉ុន្តែ ប្រសិទ្ធភាពរបស់វាអាស្រ័យលើស្ថានភាពជំងឺ។

Title:តើការពិសារតែបៃតងឆុងជាមួយទឹកក្ដៅអាចព្យាបាលជំងឺកូវីដ-១៩មែនឬទេ?
Fact Check By: Jay UdomResult: Misleading
