ខណៈ​ដែល​រូបថត​សត្វ​ចម្លែក​ជាច្រើន​កំពុង​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ រូបភាព​សត្វ​មាឌ​ធំៗ​ជាច្រើន​សន្លឹក ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​២​សប្ដាហ៍​កន្លង​មក ដោយ​មាន​ការ​អះអាង​ថា ជា​រូប​សត្វ​សម័យ​បុរាណ។ ការ​អះអាង​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ១៣០០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាងលើបណ្ដាញសង្គម

រូបថតជាច្រើន​សន្លឹក​ដែល​បង្ហាញ​ក្រុម​មនុស្ស​ និងសត្វ​ចិញ្ចឹម​ធំៗ​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា សត្វ​សម័យ​មុន​មាន​រូបរាង​ធំៗ​ណាស់។

រូបភាព​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ១,៣០០​ដង និង​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបភាព​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពីថ្ងៃ​ទី១០ ខែមិថុនា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀប​រាប់​ថា «សម័យ​ដើម​សត្វ​ធំៗ​ណាស់»។

Facebook Post | Archived Link

រូបភាព​ទាំង​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ជាមួយ​ការ​រៀបរាប់​ជា​ភាសា​ថៃ​ក្នុង​ន័យ​ថា រូបភាព​ទាំង​នេះ​ជា​រូបភាព​ប្រវត្តិសាស្ត្រ​ដែល​បង្ហាញ​សត្វ​នៅ​សម័យ​មុន​មាន​មាឌ​ធំៗ​​ជាង​មនុស្ស​ទៅ​ទៀត។

រូបភាព​ជាមួយ​នឹង​ការ​រៀបរាប់​បែប​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជិត ១​ពាន់​ដង​ផង​ដែរ និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ឆ្លើយ​តប​នឹង​ការ​បង្ហោះ​រូបភាព​ទាំង​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​បង្ហោះ​រូបភាព​​សត្វ​ធំៗ​ទាំង​នេះ​កាល​ពី​ខែ​មីនា​កន្លង​មក​ជាមួយ​ការ​រៀបរាប់​ថា «ภาพถ่ายหลักฐาน​ทางประวัติศา​สตร์ ว่าสมัยก่อน​ สัตว์​ตัวใหญ่กว่าทุกวันนี้ค่ะ​ เมืองไทยเราอุดมสมบูรณ์​สุดๆ​ค่ะ วันนี้รวย»។

Facebook Post | Archived Link

រូបភាព​ទាំង​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived)។

ការត្រួតពិនិតុ្យការពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​ទាំង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search យើង​បាន​រក​ឃើញ​គេហទំព័រ​ភាសា​ថៃ​មួយ បាន​និយាយ​ថា រូបភាព​ទាំង​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត ឬ​ហៅ​កាត់​ខ្លីថា AI។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​ជា​ភាសា​ថៃ​មួយ​ដែល​សរសេរ​រៀបរាប់​ថា រូបភាព​ដែល​បង្ហាញ​សត្វ​មាន​មាធ​ធំៗ​ជាង​មនុស្ស​នោះ មិន​មែន​ជា​រូប​ពិត​ប្រាកដ​ទេ ប៉ុន្តែ រូបភាព​ទាំង​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី AI ដែល​ធ្វើ​ឱ្យ​រូបភាព​មើល​ទៅ​ដូច​ការ​ពិត​។

Kapook | Archived Link

Fact Crescendo Cambodia បាន​ស្នើ​សុំ​ការ​បក​ស្រាយ​បញ្ជាក់​ពី​ទំព័រ​ហ្វេសប៊ុក Lady Sunga Couture ដែល​បាន​បង្ហោះ​រូបភាព​ទាំង​នេះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា​កន្លង​មក​ផង​ដែរ ប៉ុន្តែ គ្មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​រូបភាព​ជាច្រើន​ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​នេះដែល​បញ្ជាក់​ថា រូបភាព​ទាំង​នោះ​សុទ្ធ​តែ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី AI។ សូម​មើល​រូបភាព​ជាច្រើន​ទៀត​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក Lady Sunga Couture។

សមាជិក​ម្នាក់​នៃ​ក្រុម Midjourney ដែល​ជា​ក្រុម​ចែក​រំលែក​រូបភាព​បង្កើត​ឡើង​ដោយ​កម្មវិធី AI នោះ បាន​អះអាង​ថា រូបភាព​ទាំង​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី AI។

កាល​ពី​ដើម​ខែ​ឧសភា​កន្លង​មក Fact Crescendo Cambodia ក៏​បាន​ផ្ទៀង​ផ្ទាត់​រួច​មក​ហើយ​ដែរ​នូវ​រូបភាព​ត្រី​ធំៗ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី AI ប៉ុន្តែ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​យក​ទៅ​សរសេរ​រៀបរាប់​ថា វា​ជា​រូបភាព​ដ៏​កម្រ​នៃ​ត្រី​ធំៗ​នៅ​តាម​ដង​ទន្លេ​មេគង្គ​កាល​ពី​ ១៥០​ឆ្នាំ​មុន។ សូម​មើល​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបភាព​ដែល​បង្ហាញ​សត្វ​មាន​មាឌ​ធំៗ​ជាង​មនុស្ស​ទៅ​ទៀត​នោះ មិន​មែន​ជា​រូប​ពិត​ប្រាកដ​នា​សម័យ​បុរាណ​នោះ​ឡើយ។ រូបភាព​ទាំង​នេះ ត្រូវ​បាន​បង្កើត​ឡើងដោយ​កម្មវិធី AI តែ​ប៉ុណ្ណោះ។

Avatar

Title:រូបភាព​សត្វ​មាឌ​ធំៗ​បង្កើត​ឡើង​ដោយ​កម្មវិធី AI បង្ក​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យល់​ច្រឡំ

Written By: Jay Udom

Result: False