
បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសភូមាកាលពីសប្ដាហ៍មុន រូបភាព និងវីដេអូឃ្លីបដែលបង្ហាញផែនដីប្រេះបែកជាពីរនោះ ត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាអ្វីដែលកើតឡើងនៅភូមា។ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានចែកចាយការអះអាងនេះជាមួយការបញ្ចេញអារម្មណ៍តក់ស្លុតចំពោះវីដេអូ និងរូបភាពនេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
វីដេអូឃ្លីប ១០វិនាទី និងរូបភាពដែលបង្ហាញផែនដីប្រេះបែកជាពីរ ត្រូវបានគេបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាហេតុការណ៍គ្រោះរញ្ជួយដីកើតឡើងនៅភូមាកាលពីសប្ដាហ៍មុន។
រូបភាពខាងក្រោមនេះ បង្ហាញវីដេអូឃ្លីបដែលត្រូវបានចែកចាយយ៉ាងផុសផុលនៅលើបណ្ដាញសង្គមហ្វេសប៊ុកអមជាមួយសំណេរជាភាសាថៃថា “รอยแยก” ដែលអាចប្រែថា “ផែនដីប្រេះបែក”។ សំណេរនេះចង់បង្ហាញថា ផែនដីប្រេះបែកជាពីរនេះ គឺផលវិបាកកើតចេញពីគ្រោះរញ្ជួយដីនៅភូមាកាលពីសប្ដាហ៍មុន។
សារបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនេះ ត្រូវបានចែកចាយបន្តដល់ទៅជាង ៤ពាន់ដង រួមជាមួយការបញ្ចេញប្រតិកម្ម និងមតិយោបល់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាថៃ។
វីដេអូផ្ដាមចេញពីបណ្ដាញសង្គមខាងក្រោមនេះ បង្ហាញឱ្យឃើញឃ្លីបវីដេអូដដែលនេះត្រូវបានបង្ហោះនៅលើហ្វេសប៊ុក ហើយទទួលបានការចែកចាយបន្តដល់ទៅជាង ២ម៉ឺនដង ព្រមទាំងមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបពីអ្នកប្រើប្រាស់បណ្ដាញសង្គមថៃ។
ជាងនេះទៅទៀត ការអះអាងនេះត្រូវបានបង្ហោះព្រោងព្រាតជាភាសាដទៃទៀតនៅក្នុងតំបន់ និងភាសាអង់គ្លេសផងដែរ ហើយក៏ត្រូវបានចែកចាយបន្តយ៉ាងផុសផុលនៅលើបណ្ដាញសង្គម។
រូបភាពផ្ដាមចេញពីបណ្ដាញសង្គមខាងក្រោមនេះ បង្ហាញសារបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ដែលរៀបរាប់ជាភាសាអង់គ្លេសក្នុងន័យថា រូបភាពនេះគឺជាមហន្តរាយនៃគ្រោះរញ្ជួយដីនៅភូមាកាលពីសប្ដាហ៍មុន។
សារនេះទទួលបានការចែកចាយបន្តដល់ទៅជាង ១,២០០ដង ហើយមានការបញ្ចេញមតិ និងប្រតិកម្មយ៉ាងច្រើនពីអ្នកប្រើប្រាស់ហ្វេសប៊ុក។
វីដេអូខាងក្រោមបង្ហាញឃ្លីបវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ជាភាសាខ្មែរក្នុងន័យថា វាជាការប្រេះបែកផ្ទៃដីបណ្ដាលមកពីគ្រោះរញ្ជួយដីនៅភូមានាពេលថ្មីៗនេះ។
ឃ្លីបវីដេអូនេះ ត្រូវបានចែកចាយបន្តដល់ទៅជាង ១,២០០ដងផងដែរពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ដោយមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបង្ហាញអារម្មណ៍តក់ស្លុត។
ខាងក្រោមនេះគឺជារូបភាពផ្ដាមចេញពីការបង្ហោះនៅលើបណ្ដាញសង្គមជាភាសាចិន ដែលអាចប្រែសម្រួលក្នុងន័យថា រូបភាពនេះជាអ្វីដែលកើតឡើងនៅភូមានាពេលថ្មីៗនេះ។
វីដេអូឃ្លីប និងរូបភាពនេះ ក៏ត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមដទៃទៀតផងដែរ ក្នុងនោះមាន Threads និង Instagram ដែលជាបណ្ដាញសង្គមស្ថិតក្រោមដំបូលក្រុមហ៊ុន Meta បណ្ដាញសង្គម X (អតីត Twitter) និង TikTok។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Threads កាលពីចុងសប្ដាហ៍មុនជាសំណេរជាភាសាថៃដែលមានន័យថា រូបភាពនេះជាហេតុការណ៍ផែនដីប្រេះបែកជាពីរនៅភូមាបណ្ដាលមកពីគ្រោះរញ្ជួយដី។
Instagram Post | Archived Link
ដោយសារតែការអះអាងនេះកំពុងតែសាយភាយព្រាតនៅលើបណ្ដាញសង្គម គេអាចរកមើលការអះអាងដូចគ្នានេះដែលត្រូវបានបង្ហោះជាភាសាផ្សេងៗនៅលើបណ្ដាញសង្គមតាមរយៈតំណភ្ជាប់នានា៖ Link 1 (archived), Link 2 (archived), Link 3 (archived), Link 4 (archived), Link 5 (archived), Link 6 (archived), Link 7 (archived), Link 8 (archived), Link 9 (archived), និង Link 10 (archived).
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការអះអាងនេះតាមរយៈការដំណើរការ Google Reverse Image Search និងឧបករណ៍វិភាគមាតិកា AI ដែលជួយឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
Google Reverse Image Search បង្ហាញឱ្យឃើញការបកស្រាយនៅលើបណ្ដាញសង្គម ដែលនិយាយថា ទាំងរូបភាព និងវីដេអូឃ្លីប ត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត។
សារនៅលើបណ្ដាញសង្គមហ្វេសប៊ុកមួយ បញ្ជាក់ថា រូបភាពនេះត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត Midjourney AI ហើយក៏ត្រូវបានផ្ទៀងផ្ទាត់ដោយស្ថាប័នសារព័ត៌មានថៃឈ្មោះ Thai PBS Verify រួចហើយដែរ។
រូបភាពខាងក្រោមនេះ ត្រូវបានផ្ដាមចេញពីសារបង្ហោះនៅលើបណ្ដាញសង្គមជាភាសាថៃកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា រូបភាពនេះមិនមែនជាហេតុការណ៍ជាក់ស្ដែងនោះឡើយ ប៉ុន្តែ វាត្រូវបានបង្កើតឡើងដោយកម្មវិធី AI។
ការវាយតម្លៃដោយឧបករណ៍វិភាគមាតិកា AI របស់វេបសាយ SightEngine ក៏បញ្ជាក់ផងដែរថា រូបភាពនេះត្រូវបានបង្កើតឡើងដោយ AI។
រូបភាពខាងក្រោមនេះ បង្ហាញលទ្ធផលនៃការវិភាគដោយវេបសាយ SigntEngine ដែលបញ្ជាក់ថា រូបភាពត្រូវបានបង្កើតឡើងដោយ AI រហូតដល់ ៩៨ភាគរយឯណោះ។
ស្ថាប័ន Thai PBS Verify របស់ប្រទេសថៃ បានបញ្ជាក់ថា រូបភាពនេះត្រូវបានបង្កើតឡើងដោយកម្មវិធីរបស់ក្រុមហ៊ុន Midjourney AI ហើយស្ថាប័នមួយនេះក៏បានចែកចាយអត្ថបទរបស់ខ្លួននៅលើបណ្ដាញសង្គមផងដែរ។
គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសភូមា និងញ័ររញ្ជួយដល់ប្រទេសថៃកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ផ្អែកតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានអាល្លឺម៉ង់ DW តួលេខអ្នកស្លាប់ដោយសារគ្រោះមហន្តរាយនេះ បានកើនឡើងដល់ចំនួន ៣,៣៥៤នាក់ហើយ ខណៈដែលមនុស្សជាង ២០០នាក់ទៀតបន្តបាត់ខ្លួននៅឡើយ។
បើតាមការពន្យល់ដោយសារព័ត៌មានថៃ Nation ទីតាំងភូមិសាស្ត្រប្រទេសភូមាស្ថិតនៅតំបន់ងាយរងរញ្ជួយដីមានកម្លាំងរញ្ជួយចាប់ពី ៧រ៉ិចទ័រឡើងទៅដែលត្រូវបានកត់ត្រានៅក្នុងរយៈពេល ១,០០០ឆ្នាំចុងក្រោយ។ ភាពងាយរងគ្រោះរញ្ជួយដីនេះ គឺបណ្ដាលមកពីចំណុចប្រសព្វនៃផ្លាកឧបទ្វីបឥណ្ឌា និងផ្លាកស៊ុនដា (Sunda)នៅត្រង់ជួរភ្នំហិម៉ាល័យ។
ក្រោយគ្រោះរញ្ជួយដីកាលពីសប្ដាហ៍មុនមក គេសង្កេតឃើញការលេចឡើងនូវព័ត៌មានក្លែងក្លាយ និងការអះអាងនានានៅលើបណ្ដាញសង្គមនានា។
ចាប់តាំងពីចុងសប្ដាហ៍កន្លែងមកនេះ Fact Crescendo បានរួមចំណែកយ៉ាងសកម្មនៅក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬការអះអាងមិនត្រឹមត្រូវនៅលើបណ្ដាញសង្គម។ ខាងក្រោមនេះ គឺជាអត្ថបទដែលចេញផ្សាយដោយស្ថាប័ន Fact Crescendo៖
- ការអះអាងមិនត្រឹមត្រូវថា ព្រះសង្ឃ និងពុទ្ធបរិស័ទភូមាធ្វើសមាធិជាជនរងគ្រោះរញ្ជួយដីថ្មីៗ
- ប្រាសាទបុរាណខូចខាតដោយរញ្ជួយដីនៅ Mandalay ត្រូវបានច្រឡំថាជាចេតិយ Shwedagon
- វត្តមានរបស់ត្រី Oarfish ជាសញ្ញាប្រាប់គ្រោះមហន្តរាយខាងមុខ តើជាការពិតឬទេ?
- រូបភាពក្មេងដែលមើលទៅដូចជាប់ក្នុងគំនរបាក់បែក មិនមែនជាជនរងគ្រោះរញ្ជួយដីថ្មីៗនេះទេ
- Misleading Claim Portrays Meditating Monks as Earthquake Victims
- Viral Video of Myanmar Earthquake Aftermath Revealed as AI-Generated
- Viral Image of Trapped Child Not Related to Myanmar Earthquake
- Old video from Taiwan falsely shared, linking to the recent Myanmar-Thailand earthquake
Follow Us and Stay Up to Date with Our Latest Fact-Checks
Facebook | Twitter | Telegram | TikTok | WhatsApp | Instagram
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូឃ្លីប និងរូបភាពដែលបង្ហាញផែនដីប្រេះបែកជាពីរនោះ មិនមែនហេតុការណ៍ពិតប្រាកដកើតឡើងដោយសាររញ្ជួយដីនៅភូមានោះឡើយ។ ផ្ទុយទៅវិញ វីដេអូ និងរូបភាពនេះ ត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត។

Title:ព័ត៌មានមិនត្រឹមត្រូវថា រូបភាពផែនដីប្រេះបែកជាពីរជាគ្រោះរញ្ជួយដីនៅភូមា
Written By: Jay UdomResult: False