Fact-Check: រូបថត​បង្ហាញ​សាក​សព​ជាច្រើន​ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​វិបត្តិ​កូវីដ-១៩​នៅ​ឥណ្ឌា

COVID-19 False

ការ​ផ្ទុះ​ឡើង​ចំនួន​ឆ្លង និង​ករណី​ស្លាប់​ដ៏​ច្រើន​ជារៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដោយសារ​តែ​មេរោគ​កូវីដ-១៩​ទម្រង់​ថ្មី​នោះ បាន​បង្ខំ​ឱ្យ​កម្ពុជា​បិទ​ជើង​ហោះ​ហើរ និង​ការ​ធ្វើ​ដំណើរ​ទាំង​អស់​មក​ពី​ប្រទេស​យក្ស​អាស៊ី​ខាង​ត្បូង​មួយ​នេះ។ ខណៈ​ដែល​ឥណ្ឌា​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​​កូវីដ-១៩​នេះ រូបថត រូបភាព វីដេអូ និង​ព័ត៌មាន​ជាច្រើន​អំពី​វិបត្តិ​នៅ​ប្រទេស​ឥណ្ឌា ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចែក​ចាយ​យ៉ាង​ច្រើន​លើ​បណ្ដា​សង្គម។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​បង្ហាញ​ពី​​សាក​សព​ជាច្រើនដែល​ត្រូវ​បាន​វេច​ខ្ចប់​រក្សា​ទុក​នៅ​ទីតាំង​មួយ​ ត្រូវ​បាន​បង្ហោះ​ចូល​បណ្ដាញ​សង្គម​ផង​ដែរជាមួយ​នឹង​ការ​អះ​អាង​ថា វា​ជា​ទិដ្ឋភាព​នៃ​សោកនាដកម្ម​ដោយសារ​មេរោគ​កូវីដ-១៩ ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌា។ ទោះជាយ៉ាងណា ​ការ​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ រក​ឃើញ​ថា ការ​ភ្ជាប់​រូបថត​នេះ​ទៅ​នឹង​សោកនាដកម្ម​នៅ​ក្នុង​ប្រទេស​ឥណ្ឌា មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០២ ខែ​ឧសភា​នេះ រូបថត​មួយ​សន្លឹក​ក្នុង​ចំណោម​រូបថត ៣​សន្លឹក​ផ្សេង​ទៀត ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ ដែល​ភ្ជាប់​ជាមួយ​ការ​អះ​អាង​ថា រូបថត​នោះ គឺ​សព​ដ៏​ច្រើន​ដោយសារ​តែ​វិបត្តិ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

រូបថត​ជាមួយ​សំណេរ​នេះ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​រហូត​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​ប្រតិកម្ម និង​យោបល់​ចម្រុះ​បែប។ ប៉ុស្តិ៍​ជាមួយ​រូបថត​នេះ ក៏​ត្រូវ​បាន​ចែក​ចាយ​ទៅ​កាន់​គ្រុប​ផ្សេងៗ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​ សរសេរ​រៀបរាប់ថា «#ឋាន​នរក​នៃ​ប្រទេស​ឥណ្ឌា។ ប្រទេស​ឥណ្ឌា​ពេល​នេះ​បាន​ប្រែ​ក្លាយ​ទៅ​ជា​សោកនាដកម្ម​ដ៏​រន្ធត់​មួយ ដោយសារ​តែ​ជំងឺ​ឆ្លង​កូវីដ​១៩ នេះ​ក៏​ព្រោះ​តែ​ប្រជាពលរដ្ឋ​ឥណ្ឌា​មិន​ស្ដាប់​តាម​ការ​ណែនាំ​អំពាវ​នាវ​របស់​ក្រសួង​សុខាភិបាល​របស់​ពួក​គេ គឺ​ជំនឿរ​លើ​សាសនា​ពួកគេ​ច្រើន​ពេក ទើប​ធ្វើ​ឲ្យ​មាន​ការ​បាត់​បង់​ជីវិត​ប្រជាជន​ច្រើន​បែប​នេះ រក​តែ​កន្លែង​ដាក់​សាក​សព​បូជា ស្ទើរ​តែ​មិន​បាន​ កន្លែង​ដុត​សាក​សព ដូចជា​កន្លែង​ដុត​សម្រាម ។

«សូម​ចូល​រួម​អនុវត្តន៍​ការពារ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ឲ្យ​បាន​ម៉ឺង​ម៉ាត់ និង​ខ្ជាប់​ខ្ជួន ៣​ការពារ ៣កុំ 🙏»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​រូបថត​នេះ​តាម​រយៈ​កម្មវិធី​ស្វែង​រក​រូបថត TinEye ដែល​នាំ​ទៅ​ប្រទះ​ឃើញ​រូបថត​ដូច​គ្នា​នេះ និង​ព័ត៌មាន​លម្អិត​អំពី​រូបថត​នេះ​ផងដែរ។

បើ​តាម​វេបសាយ​របស់​​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ Getty Images រូបថត​​មួយ​សន្លឹក​នេះ ត្រូវ​បាន​ថត​ដោយ​អ្នក​ថត​រូប​សារព័ត៌មាន លោក Macro Di Lauro កាល​ពី​ខែ​ឧសភា ឆ្នាំ​២០០៣។ ខ្លឹមសារ​នៃ​រូបថត​នេះ បង្ហាញ​កុមារ​ជន​ជាតិ​អ៊ីរ៉ាក់​មួយ​រូប​ រត់​កាត់​សព​ជាច្រើន​ដែល​ត្រូវ​បាន​វេច​ខ្ចប់ និង​រក្សា​ទុក​​នៅ​​បរិវេណ​នៃ​សាលា​រៀន​មួយ​ នៅ​ទីក្រុង​​អាល់ មូសាយយីប (Al MUSAYYIB) ស្ថិត​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

ព័ត៌មាន​លម្អិត​នៃ​រូបថត​មួយ​សន្លឹក​នេះ រៀបរាប់​ថា បំណែក​សាក​សព​ជាច្រើន ត្រូវ​បាន​គេ​ប្រមូល​យក​ចេញ​ពី​រណ្ដៅ​សព​រួម​ដ៏​ធំ​មួយ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​វាល​ខ្សាច់​ជាយ​ក្រុង​អាល់ មូសាយយីប ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៥០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋ​ធានី​បាដាដ។

បំណែក​សាក​សព​ទាំង​នោះ ត្រូវ​បាន​​គេ​រៀបចំ​វេច​ខ្ចប់ និង​រក្សា​ទុក​នៅ​សាលា​រៀន​មួយ ដើម្បី​ឱ្យ​សាច់​ញាតិ​មក​ស្វែង​រក និង​កំណត់​អត្ត​សញ្ញាណ​សមាជិក​គ្រួសារ​របស់​ខ្លួន​ដែល​បាន​បាត់​ខ្លួន ក្នុង​នោះ​មាន​ទាំង​ក្មេងៗ​ផង​ដែរ។

អ្នក​ថតរូប លោក Macro Di Lauro បាន​សាក​សួរ​ប្រជាជន​អ៊ីរ៉ាក់​នៅ​ក្នុង​តំបន់​នោះ ដែល​និយាយ​ថា បំណែង​សាក​សព​ជន​មូស្លីម​ស៊ីអ៊ីត​រាប់​រយន​នាក់ ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​របប​ សាដាម ហ៊ូសេន បន្ទាប់​ពី​ពួកគេ​ងើប​ឡើង​បះបោរ​នៅ​ក្រោយ​សង្គ្រាម​ឈូង​សមុទ្រ​នៅ​ឆ្នាំ​១៩៩១។

Getty Images | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​ប្រើ​ប្រាស់​រូបថត​នេះ​ជាមួយ​សំណេរ​បរិយាយ​ភ្ជាប់​ទៅ​នឹង​សោកនាដកម្ម​វិបត្តិ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​សព​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ទេ។ រូបថត​នេះ គឺ​ជា​បំណែក​សាក​សព​ដែល​ត្រូវ​បាន​វេច​ខ្ចប់​​រក្សា​ទុក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ បន្ទាប់​ពី​ប្រមូល​យក​ចេញ​ពី​រណ្ដៅ​សព​រួម​ដ៏​ធំ​មួយ​នៅ​ទីក្រុង​អាល់ មូសាយយីប ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០០៣។

Avatar

Title:រូបថត​បង្ហាញ​សាក​សព​ជាច្រើន​ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​វិបត្តិ​កូវីដ-១៩​នៅ​ឥណ្ឌា

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.