
បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរវាងឥណ្ឌា និងប៉ាគីស្ថានបានកើតឡើងកាលពីថ្ងៃពុធសប្ដាហ៍មុន វីដេអូឃ្លីបមួយដែលបង្ហាញឧទ្ធម្ភាគចក្រមួយគ្រឿងព្យាយាមយោងយន្តហោះចម្បាំងបាក់បែកមួយគ្រឿង ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាយន្តហោះចម្បាំងដែលត្រូវបានបាញ់ធ្លាក់នៅក្នុងជម្លោះឥណ្ឌា-ប៉ាគីស្ថានកាលនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
វីដេអូមួយដែលបង្ហាញឧទ្ធម្ភាចក្រមួយគ្រឿងយោងយន្តហោះចម្បាំងបាក់បែកមួយ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាយន្តហោះចម្បាំងដែលត្រូវបានបាញ់ធ្លាក់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរវាងកងទ័ពឥណ្ឌា និងប៉ាគីស្ថាន។
វីដេអូនេះ ត្រូវបានចែកចាយជាច្រើនដង និងមានការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ដែលជឿទៅតាមការបង្ហោះព័ត៌មាននេះនៅលើបណ្ដាញសង្គម។
ខាងក្រោមនេះ គឺជាវីដេអូផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ដែលរៀបរាប់ថា “ឥណ្ឌានិងប៉ាគីស្ថាន អ៊ួតទាំងសងខាងដោយធ្វើសង្រ្គាម រយះពេល៦ម៉ោងបាញ់ ធ្លាក់យន្តហោះរបស់គូភាគីទាំងសងខាងជិត១០គ្រឿង សុទ្ធតែយន្តហោះចំបាំងកញ្ចាស់ៗឆេះម៉ដ្ឋ”។
ក្រៅពីការអះអាងជាភាសាខ្មែរហើយនោះ វីដេអូនេះក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងជាភាសាអង់គ្លេសផងដែរ ដែលត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្ដាញសង្គមនានា។
ខាងក្រោមនេះ គឺជាវីដេអូពីដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Instagram កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ដោយកំណត់សម្គាល់ថា វាជាយន្តហោះចម្បាំង Rafale ដែលត្រូវបានបាញ់ទម្លាក់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរវាងឥណ្ឌា និងប៉ាគីស្ថាន។
Instagram Post | Archived Link
វីដេអូជាមួយការអះអាងប្រហាក់ប្រហែលគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Threads(archived) និងបណ្ដាញសង្គម X (archived) ផងដែរ។
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងបានរកឃើញវីដេអូនេះ ត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមនានា ក្នុងនោះមានបណ្ដាញសង្គម Threads ផងដែរ ដែលនាំឱ្យមានការបញ្ចេញមតិពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមថា វីដេអូនេះ គឺជាវីដេអូដែលត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត (artificial intelligence) ហៅកាត់ថា AI។
អ្នកប្រើប្រាស់បណ្ដាញសង្គម បានផ្ដល់ការពន្យល់ថា ឧទ្ធម្ភាគចក្រមិនអាចយោងយន្តហោះចម្បាំងមួយរួចនោះឡើយ ហើយខ្សែយោងដ៏តូច ក៏បង្កើតឱ្យមានការសង្ស័យថា វីដេអូនេះមិនមែនជាការពិតជាក់ស្ដែងដែរ។
តាមរយៈការវិភាគទៅលើ Keyframes នៃវីដេអូនេះ យើងបានរកឃើញវីដេអូដូចគ្នាត្រូវបានបង្ហោះនៅក្នុងបណ្ដាញ YouTube កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ពោលគឺ ៤ថ្ងៃមុនឥណ្ឌាបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសប៉ាគីស្ថាន។
សំណេរនៅក្រោមវីដេអូនេះ បានបញ្ជាក់ថា វីដេអូនេះ ត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ពោលគឺមិនមែនជាហេតុការណ៍ធ្លាក់យន្តហោះចម្បាំងពិតប្រាកដនោះឡើយ។
Video Uploaded on YouTube | Archived Link
ដោយពិនិត្យទៅលើឆាណែល YouTube ឈ្មោះ Top o Top គេសង្កេតឃើញវីដេអូឃ្លីបជាច្រើនទៀតដែលសុទ្ធតែត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត។
Follow Us and Stay Up to Date with Our Latest Fact-Checks
Facebook | Twitter | Telegram | TikTok | WhatsApp | Instagram
សន្និដ្ឋាន
Fact Crescendo បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូឃ្លីបដែលបង្ហាញឧទ្ធម្ភាគចក្រព្យាយាមយោងយន្តហោះចម្បាំងបាក់បែកមួយគ្រឿងនោះ មិនមែនជាយន្តហោះចម្បាំងរបស់កងទ័ពអាកាសឥណ្ឌាដែលត្រូវបានប៉ាគីស្ថានបាញ់ធ្លាក់នោះឡើយ។ វីដេអូឃ្លីបនេះ ត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិតតែប៉ុណ្ណោះ។

Title:វីដេអូ AI ត្រូវបានគេអះអាងថា ជាយន្តហោះចម្បាំងត្រូវបាញ់ធ្លាក់ក្នុងសង្គ្រាមឥណ្ឌា-ប៉ាគីស្ថាន
Fact Check By: Jay UdomResult: False
