រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ផ្ទាំង​ចង្អុល​ប្រាប់​ទិសដៅ​ទៅ​កាន់​តំបន់​នានា​នៃ​ទីក្រុង​ព្រះសីហនុ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា វា​ជា​ទេសភាព​មួយ​ជ្រុង​នៃ​ទីក្រុង​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា។ រូបថត​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​សំណង់​អគារ​ខ្ពស់ៗ​នៃ​ទីក្រុង​មួយ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​ទិដ្ឋភាព​នៃ​ខេត្ត​ព្រះសីហនុ ស្ថិត​នៅ​តំបន់​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា។

ព័ត៌មាន​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម និង​ទាក់ទាញ​បាន​ការ​គាំ​ទ្រ​ផ្នែក​មតិ​យោបល់​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ថា “Welcome to Cambodia, Land of Smiles.”។



ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search យើង​បាន​រក​ឃើញ​រូបថត​ដូច​គ្នាត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ដោយ​​ទំព័រ​ហ្វេសប៊ុក​ជាច្រើន​ជា​ភាសា​ថៃ ដែល​បង្ហាញ​ថា រូបថត​មួយ​សន្លឹក​នេះជា​ទិដ្ឋភាព​ផ្លូវ​មួយ​ឆ្ពោះទៅ​ទីក្រុង​ផាតាយ៉ា ប្រទេស​ថៃ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក Bangkok I Love You ដែល​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នេះ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ជា​ភាសា​ថៃ​ក្នុង​ន័យ​ថា “នេះ​បើ​មិន​មាន​ផ្ទាំង​អក្សរ​ថៃទេ ក៏​នឹក​គិត​ថា ផ្លូវ​មួយ​ខ្សែ​នេះ​នៅ Miami រដ្ឋ​ Florida ប៉ុន្មាន​ឆ្នាំ​មក​នេះ ដង​ផ្លូវ និង​ទីតាំង​ទេសចរណ៍​ស្រុក​យើង​វិវត្តទៅ​យ៉ាង​ឆ្ងាយ​ជាច្រើន​កន្លែង ជាពិសេស​នៅ​តាម​ខេត្ត​នានា ផ្លូវ​ថ្នល់​ស្អាត​ជាង​​នៅ​ទីក្រុង​ទៅ​ទៀត រូបថត​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ទេសភាព​ទីក្រុង​ផាតាយ៉ា​ដែល​ត្រូវ​បាន​ផ្ដិត​យក​រូប​នៅ​លើ​ផ្លូវ​ជនបទ…”។



រូបថតមួយសន្លឹកនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់បណ្ដាញសង្គមថៃដទៃទៀតផងដែរកាលពីចុងខែសីហាកន្លងមកនេះ។




បើ​តាម​ទំព័រ​ហ្វេសប៊ុក​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​យក​ពី​ទំព័រ​ហ្វេសប៊ុក ปป'หอมจันทร์ ដែល​ជា​ទំព័រហ្វេសប៊ុក​របស់​បុរស​ម្នាក់​ដែល​និយម​ជិះ​កង់ និង​ថត​រូប​បង្ហាញ​ទេសភាព។

ដោយ​បាន​ចូល​ទៅ​មើល​នៅ​​ក្នុង​ទំព័រ​ហ្វេសប៊ុក
ปป'หอมจันทร์
យើង​បាន​រក​ឃើញ​រូបថត​នេះ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​ជា​ភាសា​ថៃ​មាន​សេចក្ដី​​ថា “ទិដ្ឋភាព​ទីក្រុង​ផាតាយ៉ា​ដែល​សម្លឹង​មើល​ពី​ផ្នែក​ផ្លូវ​លេខ​៣៣១”។


Archived Link


ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងរូបថតដែលត្រូវបានកាត់តបង្ហាញផ្ទាំងចង្អុលប្រាប់ទិសដៅជាភាសាខ្មែរ និងរូបថតច្បាប់ដើមដែលបង្ហាញផ្ទាំងប្រាប់ទិសដៅជាភាសាថៃ។




សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា រូបថត​​ដូច​ដែល​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​នេះ ត្រូវ​បាន​កាត់​ត​ភ្ជាប់​ជាមួយ​ផ្ទាំង​ប្រាប់​ទិសដៅ​ជា​ភាសា​ខ្មែរ។ រូបថត​ច្បាប់​ដើម បង្ហាញ​ទេសភាព​មួយ​ជ្រុង​នៃ​ទីក្រុង​ផាតាយ៉ា​របស់​ប្រទេស​ថៃ ដែល​មើល​ចេញ​ពី​ជ្រុង​ម្ខាង​នៃ​ផ្លូវ៣៣១​ឆ្ពោះ​។




Claim Review :   រូបថតបង្ហាញទិដ្ឋភាពមួយជ្រុងនៃទីក្រុងព្រះសីហនុ។
Claimed By :  អធិរាជ ស្រីនិច្ច
Fact Check :  ALTERED