Fact Check: តើលោក​ ខាន់​ សុវណ្ណ​ ពិត​ជា​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​​មែន​ឬទេ​​​?​

False Social

វីដេអូ​មួយ​ដែល​លោក​ ខាន់​ សុវណ្ណ​ បាន​និយាយ​ថា ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ចេះ​ចិញ្ចឹម​ត្រី​ និង​ខ្លាច​ស្រុក​ខ្មែរ​អត់​ត្រី​ស៊ី​ បើ​មិន​មាន​អ្នក​ចិញ្ចឹម​ត្រី​ក្នុង​បែរ​នៅ​ក្នុង​ទន្លេ​នោះ​ កំពុង​ក្លាយ​ជា​ប្រធាន​បទ​ជជែក​ ដេញ​ដោល​ និង​មាន​ប្រតិ​កម្ម​ចម្រុះ​គ្រប់​មជ្ឍដ្ឋាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ទូ​ទៅ​​។

ទន្ទឹម​គ្នា​​ៗ​នេះ​ ​រូបថត​​មួយសន្លឹក​ក្នុង​ចំណោម​រូបថត​ពីរ​សន្លឹក ដែល​បាន​​បង្ហាញ​​​លោក​ ខាន់ សុវណ្ណ​ កំពុង​អង្គុយ​ក្នុង​ប៉ុស្តិ៍​​នគរបាល​មួយ​នោះ ​​ត្រូវ​​​​បាន​​បង្ហោះ​​នៅ​លើ​​បណ្ដាញ​​សង្គម​​ជាមួយ​​នឹង​​ការអះ​អាង​​​ថា លោក​ត្រូវបាន​សមត្ថកិច្ចប៉ូលិស​​​ចាប់​ខ្លួន​មុន​នេះ​បន្តិច​ហើយ​​។ ទោះ​​យ៉ាង​​ណា​​ ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា ​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​​ពី​​ថ្ងៃ​​ទី​​១៤​ ខែ​​មិថុនា​​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​ថ្មី​ៗ​នេះ​​ ​​​ទំព័រ​ហ្វេស​ប៊ុក​​ឈ្មោះ កាម​ទេព​ លីម​ហុង​ បាន​បង្ហោះ​​រូប​​ថត​​​ពីរ​​សន្លឹក​​​​​​ ដែល​ក្នុង​នោះ​ ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​​អំពី​​ទិដ្ឋ​​ភាពលោក​ ខាន់​ សុវណ្ណ​ កំពុង​តែ​អង្គុយតុ​ទល់​មុខ​​ក្រុម​មន្ត្រី​នគរបាល​ក្នុង​បន្ទប់​មួយ​កន្លែង។ ​​ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ បាន​អះ​អាង​ថា លោក​ ខាន់​ សុវណ្ណ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​ហើយនៅ​មុន​នេះ​បន្តិច។​

រូប​ថត​​ជាមួយ​​សំណេរ​​នេះ​ត្រូវ​​បាន​​ចែក​​រំលែក​បន្ត​​ៗ​​គ្នា​​ជា​​ច្រើនពាន់​ដង​​​ រួម​​ជាមួយ​នឹង​​ការបញ្ចេញ​មតិ​ចម្រុះ​​ពី​សំណាក់​អ្នក​ប្រើ​​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​​ផង​​ដែរ​។

រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ ដោយ​អម​ជាមួយ​នឹង​រូប​ថត​ថា​​ «មុន​​នេះ​​​បន្តិច​​ ​សមត្ថកិច្ច​​បាន​​ទៅ​​ចាប់​​ខ្លួន​​ យួន​​ ខាន់​​ សុវណ្ណ​​ហើយ​​។ ជាប់​​គុក​​មិន​​ជាប់​​គុក​​ចាំ​​មើល​​​ភាគ​​បន្ត​​ #បញ្ជាក់​​ ពី​មុន​​ គាត់​​ធ្លាប់​​​ប្រមាទ​​សាសនា​​ ចង់​​ចាប់​​លោក​​​ផ្សឹក​​ផង​​ដែរ​​…»។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់​​រូប​ថត​​​តាមរយៈ​​កម្មវិធី​ Google Reverse Image​ ​ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​​ប្រភព​ដើម​នៃ​ទិដ្ឋ​​ភាពរូប​ថត​មួយ​នេះ​ដែល​​​​មាន​​​ទម្រង់​​​ដូច​គ្នា​​ទាំង​ស្រុង​។

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​នេះ​​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សារ​បង្ហោះ​មួយ​ ​​បាន​ចុះ​​ផ្សាយ​តាំង​ពី​ថ្ងៃ​ទី​៣០​​ ខែ​កញ្ញា​​ ឆ្នាំ​២០២០​មក​ម្ល៉េះ​។​ នៅ​ក្នុង​សារ​បង្ហោះ​​ដដែល​​​នេះ​​ ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​​ ទាក់​ទងទៅ​នឹង​ករណី​បាញ់​ស្តារ​គ្រាប់​កាំភ្លើង​ដែល​បាន​កើត​ឡើង​នៅ​ចំការ​របស់​លោក​ ខាន់​ សុវណ្ណ​ ​ក្នុង​​​ទី​តាំង​ភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សី​ហនុ​។ លោក​ក៏​ត្រូវបាន​សមត្ថកិច្ច​ហៅ​ទៅ​ធ្វើ​កិច្ច​សន្យា​ផង​ដែរ​ នៅ​ឯ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចំកា​រហ្លួង​ក្រោយ​ពី​មាន​ករណី​បាញ់​ស្តារ​គ្រាប់​កាំ​ភ្លើង​នេះ​ឡើង​។​

រូប​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​​របស់​​លោក​ San Prum​ បាន​រៀប​រាប់​​ថា​ «#សមត្ថកិច្ច​ចុះ​ទៅ​ដល់​ចំការ​របស់​លោក​ ខាន់​ សុវណ្ណ​ នៅ​ស្រុក​កំពង់​សីលា​ រឿង​បាញ់​ស្តារ​គ្រាប់​កាំភ្លើង​! ព្រះសីហនុ​៖ ​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ចំការ​ហ្លួង​ ស្រុក​កំពង់​សីលា​ ខេត្ត​ព្រះ​សីហនុ​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ បាន​ចុះ​ទៅ​ដល់​ចំការរ​បស់​លោក​ ខាន់​ សុវណ្ណ​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​​ថា​ មាន​ការ​បាញ់​ស្តារ​គ្រាប់​កាំភ្លើង​ចំនួន​៣​គ្រាប់​»​។

ជាមួយ​គ្នា​នេះ​ដែរ​ លោក​ ខាន់​ សុវណ្ណ​ បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​សមត្ថកិច្ច​​ដោយ​​មាន​​ខ្លឹម​សារ​​ទាំង​ស្រុង​ថា «​ខ្ញុំ​បាទ​ សូម​ធ្វើ​កិច្ច​សន្យា​ចំពោះ​មុខ​សមត្ថកិច្ច​ថា បើ​សិន​ជា​សមត្ថកិច្ច​ត្រូវ​ការ​កោះ​ហៅ​រូ​បខ្ញុំ​នៅ​ពេល​ណា​ រូប​ខ្ញុំ​បាទ​នឹង​ទៅ​ជួប​បំភ្លឺ​ទៅ​តាម​ការ​ហៅ​របស់​សមត្ថកិច្ច​ថ្នាក់​លើ​ត្រូវ​ការ​ខ្ញុំ​។ ក្នុង​ករណី​រូប​ខ្ញុំ​គេច​វេស​មិន​ព្រម​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កំណត់​របស់​សមត្ថកិច្ច​ទេ​នោះ​ រូប​ខ្ញុំ​ព្រម​ប្រគល់​ខ្លួន​ជូន​សមត្ថកិច្ច​ចាត់​វិធានការ​តាម​ច្បាប់​»​​។

Facebook Post | Archived Link

រូប​ថត​មួយ​សន្លឹក​នេះ​ក៏​ត្រូវ​បាន​ចុះ​ផ្សព្វផ្សាយ​ផង​ដែរ​ តាម​រយៈ​គេហទំព័រសារព័ត៌​មាន​ KBN News​ កាល​ពី​ថ្ងៃ​ទី​០១​ ខែ​តុលា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។​ តាម​សេច​ក្តី​រាយ​ការណ៍​ព័ត៌៌​មាន​ដែល​បាន​ផ្សាយ​ខាង​លើ​ លោក​ ខាន់​ សុវណ្ណ​ ត្រូវ​បាន​កម្លាំង​នគរបាល​ និង​កម្លាំង​អាវុធ​ហត្ថ​​បាន​ចុះ​ទៅ​ដល់​ចម្ការ​របស់​លោក​​ និង​បាន​នាំ​ខ្លួន​មក​ធ្វើ​កិច្ច​សន្យា​ បន្ទាប់​ពី​មាន​វីដេអូ​ឃ្លីប​មួយ​បង្ហាញ​ពី​សកម្មភាព​បុរស​ម្នាក់​បាញ់​កាំភ្លើ​ងខ្លី​ អម​ដោយ​សំឡេង​របស់​លោក​​ស្រែក​បន្ទរ​ថា​ «អើ!​មួយ​ទៀត​ ដាក់​ឱ្យ​ត្រង់​មើល៍​…ស្ដារ​កាណុង​ក្នុង​ចម្ការ​តា​សុវណ្ណ​»។

រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រសារព័ត៌​មាន​ KBN News​ បាន​សរសេរ​រៀប​រាប់​​​​ចំណង​ជើង​ជា​ភាសា​​​ខ្មែរ​ថា​ «ស្ដារ​កាណុង​ក្នុង​ចម្ការ​តា​សុវណ្ណ​! អ្នក​បាញ់​កាំភ្លើង​ទៅ​ណា​ ឱ្យ​តា​សុវណ្ណ​ ចេញ​មុខ​ធ្វើ​កិច្ច​សន្យា​? (មាន​វីដេអូ​)​»​។

KBN News Report | Archived Link

កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ​២០២១​នេះ​ លោក​ក៏​បាន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ ខាន់​ សុវណ្ណ​ ផង​ដែរ​ ដែល​ឆ្លើយ​តប​ទៅ​នឹង​ប្រតិ​កម្ម​របស់​មតិ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នានា​ទាក់​ទង​ទៅ​នឹង​​ការ​លើក​ឡើង​របស់​លោក​អំពី​ការ​ចិញ្ខឹម​ត្រី​របស់​ប្រជា​ជន​ខ្មែរ​។​ ការ​​ផ្សាយ​ផ្ទាល់នេះ​ គឺ​ធ្វើ​ឡើង​ ២​ម៉ោង​​ក្រោយ​ពី​មាន​​ការ​អះ​អាងមួយ​ថា ​លោក​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួនហើយ​។​

រូប​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​​របស់​​ទំព័រ​​ហ្វេស​ប៊ុក​​ខាង​លើ​បាន​រៀប​រាប់​​ថា​ «១៤​.៦​.២០២១​ ម៉ោង​៦​.៣០​នាទី​ ប្រធាន​បទ​ក្តៅ​គគុក​…. គេ​ជេរ​តា​សុវណ្ណ​ហើយ​…​​​​»​។

Facebook Post | Archived Link

ដោយ​ឡែក​ Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ នៅ​ក្នុង​វីដេអូ​របស់​លោក​ដែល​បាន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​​កាល​ពី​លាុ្ងច​ថ្ងៃ​ម្សិល​មិញ​នេះ​ លោក​បាន​បញ្ចេញ​ប្រតិកម្ម​ និង​ឆ្លើយ​តប​ទៅ​នឹង​ការ​អះ​អាង​របស់ទំព័រ​ហ្វេស​ប៊ុក កាម​ទេព​ លីម​ហុង​ ដែល​បាន​និយាយ​ថា ​លោក​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នោះ​។​

នៅ​ត្រង់​នាទី​ ទី​៧.២២ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​របស់​ខ្លួន លោក​ ខាន់​ សុវណ្ណ បាន​និយាយថា ​«ខ្ញុំ​ឃើញ​ថា ​តា​សុវណ្ណ​​ គេ​កំពុង​ចាប់​ខ្លួន។ បង​ប្អូន​​ភាគ​ច្រើន​ភូត​ចាញ់​អត្មា ពួក​អា​ប្រឆាំង​ដាច់​ផ្ងារ​ ប្រហារ​​រលាយ​រលត់​បក្ស​ខ្លួន​ឯង វា​តែ​ប៉ុណ្ណឹង​​»។​

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា ការ​អះ​អាងរបស់​ទំព័រ​ហ្វេស​ប៊ុក​​ដូច​បានរៀបរាប់ខាងលេីនេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡេីយ​។ រូប​ថត​មួយ​​​​​សន្លឹក​​នេះ​ មិន​បញ្ជាក់​ថា លោក​ ខាន់​ សុវណ្ណ​ ត្រូវ​បានសមត្ថ​កិច្ច​​នគរបាល​​ចាប់​ខ្លួន​​នាពេល​ថ្មី​ៗ​នោះ​ទេ​​។ រូប​ថតមួយ​សន្លឹក​នេះ​​​ បង្ហាញ​​​​លោក​ ខាន់ សុវណ្ណ ត្រូវ​បាន​នគរបាល​នាំ​ទៅ​សាក​សួរ​ជុំ​វិញ​​ការ​បាញ់​កាំ​ភ្លើង​ក្នុង​ដី​ចម្ការរបស់​លោក​កាល​ពី​ឆ្នាំ​២០២០​កន្លង​មក​នេះ​។​​​

Avatar

Title:តើលោក​ ខាន់​ សុវណ្ណ​ ពិត​ជា​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​​មែន​ឬទេ​​​?​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *