ឆ្នាំ​នេះ គឺ​ជា​​ខួប​ទី​១៦​ នៃ​ការ​​ដាក់ប្រាសាទ​ព្រះ​វិហារ​​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​​​។​ ទន្ទឹម​គ្នា​​នេះ វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញព្រះមហាក្សត្រ​អង់គ្លេស ​ឆាលស៍​​ទី​៣​ ​បើក​បង្ហាញ​រូបថត​អបអរ​សាទរ​ខួប​១៦​ឆ្នាំ​នៃ​ការ​ចុះ​បញ្ជី​ប្រាសាទ​នេះ ត្រូវ​​បាន​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​។​ ការ​បង្ហោះ​​វីដេអូ​ខាង​លើ​ បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​បង្ហោះ​ខាងលើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ថ្មី​ៗ​នេះ វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ​ព្រះ​មហាក្សត្រ​អង់គ្លេស ឆាលស៍​ ទី​៣​ ឈរ​បង្ហាញ​ផ្ទាំង​រូប​ថត​នៃ​ការ​អបអរ​សាទរ​ខួប ១៦​ឆ្នាំ​នៃ​ការ​ចុះ​បញ្ជី​​ប្រាសាទ​ព្រះ​វិហារ​​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។

វីដេអូ​ឃ្លីប​នេះ​ ត្រូវ​បាន​ចែក​រំលែក​បន្ដ​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិយោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ ក្នុង​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ជឿ​ថា វីដេអូ​នេះ​ជា​ការ​ពិត។

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា​ «ប្រាសាទ​ព្រះវិហារ​ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​កម្មវិធី​ Google Reverse Image Search ដែល​នាំ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​។​

វីដេអូ​ឃ្លីប​ដែល​មាន​ទិដ្ឋភាព​ និង​ទម្រង់​ដូច​គ្នា​ទាំង​ស្រុង​ ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ AP ក្នុង​​គេហទំព័រ​វីដេអូ​ YouTube កាល​ពី​ថ្ងៃ​ទី​១៥​ ​ខែ​ឧសភា​ ឆ្នាំ​២០២៤​កន្លង​ទៅ។​ គេហទំព័រ​ដដែល​ខាង​លើ​ ពុំ​បាន​បញ្ជាក់​ថា​នោះ​ គឺជា​ទិដ្ឋភាព​ព្រះអង្គ​ម្ចាស់​ឆាលស៍​ ទី​៣​ ឈរ​បង្ហាញ​រូប​ថត​ប្រាសាទ​ព្រះវិហារ​ កាល​ពី​ពេល​ថ្មី​ៗ​នោះ​ឡើយ​។​

ផ្ទុយ​ទៅ​វិញ​ នោះ​គឺ​ជា​ទិដ្ឋភាព​រូប​គំនូរ​របស់​ទ្រង់​ ក្នុង​ឈុត​ឯក​សណ្ឋាន​ពណ៌​ក្រហម​ ដែល​ត្រូវ​បាន​គូរ​ដោយ​វិចិត្រករ​លោក​ Jonathan Yeo នៅឯ​រាជវាំង​ Buckingham​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​ត្រូវ​បាន​រាយ​ការណ៍​ដោយ​គេហទំព័រ​សារព័ត៌មាន​ AP។​

YouTube Link | Archived Link

ដូច​គ្នា​នេះ​ ការ​បង្ហាញ​ផ្ទាំង​រូបថត​​ខាង​លើ​ ក៏​ត្រូវ​បាន​រាយ​ការណ៍​ និង​ផ្សព្វ​ផ្សាយ​ដោយ​គេហទំព័រ​សារព័ត៌មាន​ ABC ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​២០២៤​​កន្លង​ទៅ ដោយ​ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​របស់​ព្រះអង្គ​ម្ចាស់​ឆាលស៍​ ទី​៣ រូប​នេះ​ បាន​ឈរ​បង្ហាញ​ផ្ទាំង​រូប​ថត​ដែល​មានប្រាសាទ​ព្រះ​វិហារ​របស់​កម្ពុជា​នោះ​ឡើយ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​សារ​ព័ត៌មាន​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «​ផ្ទាំង​គំនូរ​របស់​ព្រះអង្គ​ម្ចាស់​ឆាលស៍​ ទី​៣​ របស់​វិចិត្រករ​ Jonathan Yeo បាន​ដាក់​បង្ហាញ​នៅ​ក្នុង​រាជវាំង​ Buckingham»​។​

ABC News Report | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ប្រៀប​ធៀប​រវាង​រូប​ថត​ផ្តាម​នៅ​ក្នុង​វីដេអូ​ឃ្លីប​ខាង​លើ​ដែល​ត្រូវ​បាន​កាត់​ត។​

ករណី​ស្រដៀង​គ្នា​នេះ​ ក៏​ធ្លាប់​ត្រូវ​បាន​ក្រុម​ការងារ​របស់​ Fact Crescendo Cambodia ត្រួត​ពិនិត្យ​ការពិត​ កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​វិចិ្ឆកា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ដោយ​​បាន​បង្ហាញ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ អូបាម៉ា​ បាន​ឈរ​បង្ហាញ​ផ្ទាំង​រូប​ថត​ ដែល​មាន​ប្រាសាទ​អង្គរវត្ត​ផង​ដែរ​។​ អាន​ព័ត៌មាន​លម្អិត​នៅ​ទីនេះ​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ វីដេអូ​ឃ្លីប​នេះ​ គឺ​ជា​ទិដ្ឋភាព​ព្រះអង្គ​ម្ចាស់​ឆាលស៍​ ទី​៣​ បាន​ឈរ​បង្ហាញ​ផ្ទាំង​រូប​ថតរបស់​ទ្រង់​ ក្នុង​ឈុត​ឯក​សណ្ឋាន​ពណ៌​ក្រហម​ ដែល​ត្រូវ​បាន​គូរ​ដោយ​វិចិត្រករ​លោក​ Jonathan Yeo​។​

Avatar

Title:វីដេអូ​កាត់​ត​បង្ហាញ​ស្ដេច​អង់គ្លេសបើក​បង្ហាញ​ផ្ទាំង​រូបថត​ប្រាសាទ​ព្រះ​វិហារ​​របស់​កម្ពុជា

Fact Check By: Kakada Sim

Result: Altered