ខណៈ​ដែលមាន​ការ​លើក​ឡើង​ពី​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ទៅ​ខាង​វៀតណាម​​ដោយសារ​កិច្ច​សហ​ប្រតិបត្តិការ CLV នោះ ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ជន​ជាតិ​វៀត​ណាម​ម្នាក់​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​ស្ថាប័ន​បោះ​ឆ្នោត​កម្ពុជា ក្រោយ​ទទួល​បាន​សញ្ជាតិ​ខ្មែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​មាន​ការ​រិះគន់​ច្រើន​ទៅ​លើ​រដ្ឋាភិបាល។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ជន​ជាតិ​យួន​(វៀតណាម)​ម្នាក់​ឈ្មោះ Tran Van Thang ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) បន្ទាប់​ពី​ទទួលបាន​សញ្ជាតិ​ខ្មែរ​ដោយ​កែ​ឈ្មោះ​ទៅ​ជា​ឈ្មោះ ជិន សារិន។

​ការ​អះអាង​នេះ បាន​បង្ហោះ​មក​ជាមួយ​នូវ​រូបថត​ព្រះ​រាជក្រឹត្យ​​មួយ​ដែល​បង្ហាញ​ពី​ការ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ជន​ជាតិ​វៀតណាម​ឈ្មោះ Tran Van Thang ដែល​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ឈ្មោះ ជិន សារិន។

ព័ត៌មាន​នេះ តត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏ទទួល​បាន​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ថា “យួន​កញ្ចាស់ Tran Van Thang បាន​ប្រែ​ក្រឡា​ជា​ឈ្មោះ ជិន សារិន បន្ទាប់​មក​ក៏​ក្លាយជា​ឯកឧត្ដម ជិន សារិន ទីប្រឹក្សា គ​ជប NEC!”។

Facebook Post | Archived Link

ព័ត៌មាន​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ដោយ​អ្នក​នយោបាយ​​របស់​គណបក្ស​ប្រឆាំង លោក មុត ចន្ថា ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “យួន​ក្លាយ​ជា​ទីប្រឹក្សា​ស្ថាប័ន​ធម្មនុញ្ញ។ យួន Tran Van Thang ​បាន​ប្ដូរ​ឈ្មោះ​ខ្មែរ​ទៅ​ជា ជិន សារិន ហើយ​នៅ​ពេល​នេះ​មាន​ងារ​ឧត្ដម​ជា​ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គជប NEC) ដែល​ជា​ស្ថាប័ន​ធម្មនុញ្ញ​ទទួល​ខុស​ត្រូវ​លើ​ការ​គ្រប់​គ្រង និង​រៀបចំ​ការ​បោះ​ឆ្នោត ហើយ​និង​សម្រេច​ឱ្យ​បក្ស​ណា​ឈ្នះ ឬ​ចាញ់! នៅ​មាន​ច្រើន​ទៀត​ក្នុង​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​ជាតិ!”។

Facebook Post | Archived Link

​សារព័ត៌មាន​ដើម​ត្នោត (DTN7) ក៏​បាន​បង្ហោះ​ព័ត៌មាន​នេះ​ដែរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២៤ ហើយ​វា​ត្រូវ​បាន​ចែក​រំលែក​បន្ត​រាប់​សិប​ដង។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៤ ដែល​រៀបរាប់ថា “ជន​ជាតិ​យួន​​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ប្ដូរឈ្មោះ​ថ្មី​ដូច​ឈ្មោះ​មន្ដ្រី​ខ្មែរ​មាន​ឋានៈ​ជា​​ឯកឧត្តម។ លោក Tran Van Thang ជន​ជាតិ​វៀតណាម សញ្ជាតិ​វៀតណាម (បច្ចុប្បន្ន​អាយុ​៦០​ឆ្នាំ) កើត​នៅ​ខេត្ត​បិនឌិន សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ទទួល​បាន​ការ​ត្រាស់​បង្គាប់​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម​តាំង​ពី​នៅ​មាន​អាយុ​៥៧​ឆ្នាំ និង​ប្ដូរ​ឈ្មោះ​ជា ជិន សារិន (Chin Sarin)​ដោយ​ព្រះ​រាជ​ក្រឹត្យ​លេខ នស/រកត/០៤២១/៣៧៨ ចុះ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២១ ពោល​គឺ​មាន​ឈ្មោះ​ដូច​ឯកឧត្ដម ជិន សារិន ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គជប NEC) មាន​ឋានៈ​ស្មើ​អនុ​រដ្ឋលេខាធិការ”។

Facebook Post | Archived Link

ព័ត៌មាន​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​ផ្សេង​ទៀត​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ សូម​មើល​ព័ត៌មាន​ដូច​គ្នា​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ស្វែង​រក​ការ​បញ្ជាក់​ពី​ភាគី​ពាក់​ព័ន្ធ ដែល​នាំ​ឱ្យ​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

នៅ​ក្នុង​ដំណើរការ​ផ្ទៀ​ង​ផ្ទាត់​ព័ត៌មាន​នេះ យើង​បាន​រក​ឃើញ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ គ.ជ.ប. ដែល​បាន​បញ្ជាក់​ថា លោក ជិន សារិន មិន​មាន​ដើម​កំណើត​វៀតណាម​នោះ​ឡើយ ហើយ​ថា លោក​បម្រើ​ការងារ​នៅ​ គ.ជ.ប. តាំង​តែ​ពី​ឆ្នាំ​១៩៩៨ នៅ​ពេល​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​បង្កើត​ឡើង។

នៅ​ក្នុង​​​លិខិត​បំភ្លឺ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​​ផង​នោះ គ.ជ.ប. បញ្ជាក់​ថា លោក ជិន សារិន ដែល​មាន​តួនាទី​ជា​ទីប្រឹក្សា​របស់​ប្រធាន​ស្ថាប័ន​នេះ កើត​នៅ​ក្នុង​ឆ្នាំ​១៩៥៣ ដែល​ឆ្នាំ​កំណើត​នេះ​មិន​ដូច​ទៅ​នឹង​ឆ្នាំ​កំណើត ១៩៦៤​របស់​ជន​ជាតិ​វៀតណាម​ឈ្មោះ Tran Van Thang នោះ​ឡើយ។

NEC Press Release | Archived Link

នៅ​ក្នុង​ដំណើរការ​ផ្ទៀង​ផ្ទាត់​នេះ​ដែរ យើង​បាន​រក​ឃើញ​ការ​បញ្ជាក់​បន្ថែម​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ដែល​អះអាង​ថា​បាន​ស្គាល់​លោក ជិន សារិន។

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ Set Sokseyha បំភ្លឺ​នៅ​លើ​បណ្ដាញ​សង្គម​ថា លោក​ជា​កូន​ប្រុស​របស់​លោក ជិន សារិន ដែល​មាន​អាយុ ៧២​ឆ្នាំ​ហើយ​គិត​ត្រឹម​ឆ្នាំ​នេះ។

លោក សែត សុខសីហា បាន​រៀបរាប់​បន្ថែម​ថា ឪពុក​របស់​លោក​មាន​ស្រុក​កំណើត​​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ និង​មិន​មាន​ដើម​កំណើត​វៀតណាម​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

លោក សែត សុខសីហា ក៏​បាន​បង្ហោះ​មួយ​ជាមួយ​នូវ​ព្រះរាជ​ក្រឹត្យ​​ដែល​ត្រាស់​បង្គាប់​តែង​តាំង​ឪពុក​របស់​លោក​ជា​ទីប្រឹក្សា​របស់​លោក ប្រាជ្ញ ច័ន្ទ ប្រធាន គ.ជ.ប ចាប់​តាំង​ពី​ឆ្នាំ​២០១៨​មក និង​សំបុត្រ​កំណើត​របស់​ឪពុក​លោក​ដែល​បញ្ជាក់​ថា គាត់មាន​ស្រុក​កំណើត​នៅ​ឃុំ​ត្រពាងធំ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

Facebook Post | Archived Link

Fact Crescendo បាន​ព្យាយាម​ស្វែង​រក​ការ​បញ្ជាក់​បន្ថែម​ពី​លោក សែត សុខសីហា តាម​រយៈ​លេខ​ទូរស័ព្ទ ប៉ុន្តែ មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន​នោះ​ឡើយ។

នៅ​ក្រោម​ការ​បំភ្លឺ​របស់​លោក សែត សុខសីហា អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ បាន​អះអាង​ថា ពួកគេ​ស្គាល់​លោក ជិន សារិន តាំង​ពី​កុមារភាព​ផង​ដែរ ដោយ​បញ្ជាក់​ថា លោក​គឺ​ជា​ជន​ជាតិ​ខ្មែរ​សុទ្ធ​សាធ។

នៅ​ក្នុង​ចំណោម​នោះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ឈ្មោះ លោក ម៉ី ជ្រិន បាន​អះអាង​ថា លោក ជិន សារិន ជា​កូន​កសិករ​មាន​កំណើត​នៅ​ភូមិ​ព្រៃតាឡី ឃុំ​ត្រពាំងធំខាង​ជើង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

ឆ្លើយ​តប​ Fact Crescendo តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៤ លោក ម៉ី ជ្រិន អាយុ ៦៩​ឆ្នាំ បាន​បញ្ជាក់​បន្ថែម​ថា លោក​បាន​ស្គាល់​លោក ជិន សារិន និង​ក្រុម​គ្រួសារ​របស់​គាត់​តាំង​ពី​កុមារភាព ដោយ​ថា គាត់​ជា​អ្នក​ភូមិ​ជាមួយ​គ្នា។ សំឡេង​លោក ម៉ី ជ្រិន

ជាង​នេះ​ទៀត មេឃុំ​ត្រពាំងធំខាង​ជើង លោក អ៊ុំ រីម អាយុ ៦៥​ឆ្នាំ បាន​បញ្ជាក់​ប្រាប់ Fact Crescendo តាម​ទូរស័ព្ទ​ថា លោក ជិន សារិន គឺ​ពិត​ជា​ជន​ជាតិ​ខ្មែរ​សុទ្ធ​សាធ មិន​មែន​ជា​ជន​ជាតិ​វៀតណាម​ចូល​សញ្ជាតិ​កម្ពុជា​ដូចការ​អះអាង​លើ​បណ្ដាញ​សង្គម​នោះ​ឡើយ។ សំឡេង លោក អ៊ុំ រីម

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​បង្ហោះ​រូបថត​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ គ.ជ.ប. បញ្ជាក់​ថា លោក ជិន សារិន អាយុ ៧២​ឆ្នាំ ដែល​ជា​ទីប្រឹក្សា​ប្រធាន គ.ជ.ប. គឺ​ជា​ជន​ជាតិ​ខ្មែរ​សុទ្ធ​សាធ​ដែល​បម្រើ​ការងារ​នៅ​ស្ថាប័ន​នេះ​តាំង​ពី​ឆ្នាំ​១៩៩៨​មក។ អ្នក​ភូមិ​ជាមួយ​លោក ជិន សារិន បាន​បញ្ជាក់​ថា លោក ជិន សារិន មាន​ឪពុក​ម្ដាយ​ជា​ខ្មែរ​សុទ្ធ​សាធ​ និង​មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រៃតាឡី ឃុំ​ត្រពាំង​ធំ​ខាង​ជើង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

Avatar

Title:ការអះអាង​មិន​ត្រឹម​ត្រូវ​មួយ​ថា ​វៀតណាម​ម្នាក់​ចូល​សញ្ជាតិ​ខ្មែរ​ក្លាយ​ជា​ទីប្រឹក្សា​គ.ជ.ប.

Written By: Jay Udom

Result: False