
ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (SEA Games)នោះ រូបថតកីឡាការិនីមានពិការភាពម្នាក់រត់កាន់ទង់ជាតិកម្ពុជានោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយភ្ជាប់ជាមួយនឹងការអះអាងថា កីឡាការិនីរូបនេះបានឈ្នះមេដាយមាសនាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ តែពុំមានការចាប់អារម្មណ៍ និងផ្សព្វផ្សាយនោះឡើយ។ ការបង្ហោះនេះ ត្រូវបានចែកចាយ និងប្រតិកម្មយ៉ាងច្រើននាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា ការអះអាងខាងលើ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
រូបថតមួយសន្លឹក ដែលបង្ហាញកីឡាការិនីម្នាក់រត់កាន់ទង់ជាតិកម្ពុជានោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្មីៗនេះ ដោយមានការអះអាងថា កីឡាការិនី វ៉ិត ចន្ថា បានឈ្នះមេដាយមាសនាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះ។
រូបថតជាមួយនឹងការអះអាងខាងលើ ត្រូវបានចែករំលែកបន្តរហូតដល់ទៅ ១ម៉ឺនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ហើយក៏មានការបញ្ចេញមតិចោទសួរពីភាពត្រឹមត្រូវនៃការអះអាងទៅលើរូបថតនេះផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី០៨ ខែឧសភា ដែលរៀបរាប់ថា «អត់មានអ្នកចាប់អារម្មណ៍ និងផ្សាយសោះ វ៉ិត ចន្ថា មេដាយមាសជូនកម្ពុជា SEA Games 2023»។

រូបភាពជាមួយការអះអាងបែបនេះ ក៏ត្រូវបានផ្សព្វផ្សាយព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុកពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀតផងដែរ។ សូមមើលខ្លឹមសារទាំងស្រុងតាមរយៈតំណភ្ជាប់នៅទីនេះ ១ (archived), ២ (archived), ៣ (archived)។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះការអះអាងលើបណ្ដាញសង្គមថា «ហាក់ដូចជាគ្មានអ្នកចាប់អារម្មណ៍គាត់សោះ វិត ចន្ថា គាត់ដណ្ដើមបានមេដាយមាសជូនកម្ពុជា»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញ និងផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២កន្លងទៅ ដែលបានអបអរសាទរទៅកាន់កីឡាការិនី វ៉ិត ចន្ថា ដែលទទួលបានមេដាយមាស ក្នុងការប្រកួតវិញ្ញសារត់ចម្ងាយ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើដែលបានសរសេររៀបរាប់ថា «នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ កីឡាការិនីអត្តពលកម្មជនពិការ វ៉ិត ចន្ថា ដណ្តើមបានមេដាយមាស១ទៀតហើយលើវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ប្រទេសឥណ្ឌូនេស៊ី»។

រូបថតកីឡាការិនី វ៉ិត ចន្ថា ដណ្តើមបានមេដាយមាសនេះ ក៏ត្រូវបានផ្សព្វផ្សាយ និងបង្ហោះនៅតាមបណ្ដាគេហទំព័រសារព័ត៌មានក្នុងស្រុកនានាផងដែរ។ សូមអានព័ត៌មានលម្អិតនៅទីនេះ ឬនៅទីនេះ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថារូបថតបង្ហោះភ្ជាប់ជាមួយនឹងការអះអាងខាងលើ គឺធ្វើឱ្យមានការយល់ច្រឡំ។ ការពិត រូបថតមួយសន្លឹកនេះ គឺជាទិដ្ឋភាពកីឡាការិនី វ៉ិត ចន្ថា ដណ្តើមបានមេដាយមាសលើវិញ្ញាសាររត់ចម្ងាយ ៤០០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមកាលពីឆ្នាំ២០២២កន្លងទៅ។

Title:រូបថតកីឡាការិនី វ៉ិត ចន្ថា ឈ្នះមេដាយមាសកាលពីឆ្នាំមុន មិនមែនក្នុងស៊ីហ្គេមនៅកម្ពុជាទេ
Fact Check By: Kakada SimResult: Misleading
