
កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ សាលារាជធានីភ្នំពេញបានទុកពេល ១សប្ដាហ៍ឱ្យរុះរើសំណង់បណ្ដែតទឹកនានានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលសំណង់បណ្ដែតទឹកទាំងនោះ ត្រូវបានគេដឹងថា ជាសហគមន៍ជនជាតិវៀតណាមនៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមក សហគមន៍បណ្ដែតទឹកជនជាតិវៀតណាម បានក្លាយជាប្រធានបទនៃការជជែក និងចែករំលែកនៅលើបណ្ដាញសង្គមជាបន្តបន្ទាប់។ ក្នុងចំណោមនោះ រូបថតមួយសន្លឹក ត្រូវបានចែករំលែកលើបណ្ដាញសង្គមជាមួយនឹងការអះអាងថា វាគឺជាសហគមន៍បណ្ដែតទឹកមួយរបស់ក្រុមជនជាតិវៀតណាម ដែលកំពុងរស់នៅ និងប្រកបរបរការងារនៅកម្ពុជា។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត បង្ហាញថា រូបថតមួយសន្លឹកនោះ មិនមែនជាសហគមន៍បណ្ដែតទឹកនៅកម្ពុជាទេ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ គណនីហ្វេសប៊ុកមួយបានបង្ហោះរូបថតមួយសន្លឹកបង្ហាញនូវទិដ្ឋភាពនៃការរស់របស់ប្រជាជននៅលើផ្ទៃទឹកទន្លេ។ អ្នកប្រើហ្វេសប៊ុកនេះ បានចោទជាសំណួរថា តើការរស់នៅលើផ្ទៃទឹកទន្លេបែបនេះ បានផ្ដល់ផលចំណេញអ្វីខ្លះដល់ប្រជាពលរដ្ឋខ្មែរ ហើយតើគួររក្សាទុក ឬក៏លុបបំបាត់ចោលនូវការរស់នៅបែបនេះ។
ថ្វីត្បិតសំណេររបស់អ្នកប្រើហ្វេសប៊ុកមួយនេះ កត់សម្គាល់ដោយចំៗទៅដល់សហគមន៍ជនជាតិវៀតណាមក្ដី ប៉ុន្តែ សំណេរនេះបានសំដៅទៅសល់សហគមន៍ជនជាតិវៀតណាមដែលរស់នៅលើផ្ទៃទឹកទន្លេនៅកម្ពុជា។
រូបថតជាមួយសំណេរបែបនេះ ត្រូវបានចែករំលែករហូតដល់ទៅរាប់រយដងពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ រួមទាំងការបញ្ចេញប្រតិកម្ម និងការបញ្ចេញមតិជាច្រើនផងដែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់គណនីហ្វេសប៊ុក រៀបរាប់ថា «ទេសភាពស្រស់ស្អាតយ៉ាងហ្នឹង តើបានផលប្រយោជន៍ ហើយចំណេញអ្វីខ្លះដល់ពលរដ្ឋខ្មែរយើង? តើយើងគួររក្សាទុក ឬក៏រំលាយចោលទេសភាពទាំងនេះ? ហើយនរណាជាអ្នករំលាយបាន ខ្ញុំចង់ដឹង?»។

ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់លើរូបថតតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យយើងឈានទៅប្រទះឃើញរូបថតដើម និងព័ត៌មានលម្អិតនៃសហគមន៍បណ្ដែតទឹកមួយនេះ។
រូបថតបង្ហាញពីសហគមន៍បណ្ដែតទឹកនេះ ត្រូវបានរកឃើញនៅលើគេហទំព័ររូបថត Getty Images ដែលរៀបរាប់ថា រូបថតនេះបង្ហាញនូវទិដ្ឋភាពនៃសហគមន៍ផ្សារបណ្ដែតទឹកនេះ Cai Be និង Cai Rang ស្ថិតនៅក្នុងប្រទេសវៀតណាម។

ថ្វីបើរូបថតទាំងពីរសន្លឹកនេះ មិនដូចគ្នាទាំងស្រុងមែន ប៉ុន្តែ វាបានបង្ហាញនូវចំណុចជាច្រើនដូចគ្នា ដែលអាចឱ្យយើងដឹងថា រូបថតទាំងពីរសន្លឹកនេះ ត្រូវបានថតនៅឯសហគមន៍ផ្សារបណ្ដែតទឹក Cai Rang ក្នុងប្រទេសវៀតណាម។

ផ្សារបណ្ដែតទឹក Cai Rang ស្ថិតនៅក្នុងស្រុក Cai Rang ទីក្រុង Can Tho ដែលជាទីក្រុងធំបំផុតលំដាប់ទីបួនរបស់វៀតណាម ឬជាទីក្រុងធំបំផុតនៅវៀតណាមភាគខាងត្បូង។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតជាមួយនឹងសំណេរដូចបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ សហគមន៍បណ្ដែតទឹកនៅក្នុងរូបថតនេះ មិនមែនជាសហគមន៍ជនជាតិវៀតណាមរស់នៅកម្ពុជានោះឡើយ។ សហគមន៍បណ្ដែតទឹកក្នុងរូបថតនេះ គឺជាផ្សារបណ្ដែតទឹក Cai Rang ស្ថិតក្នុងទីក្រុង Can Tho ឬខ្មែរហៅថា ទីក្រុងព្រែកឫស្សី នៅវៀតណាមខាងត្បូងសព្វថ្ងៃ។

Title:រូបថតមួយសន្លឹកត្រូវបានអះអាងដោយមិនត្រឹមត្រូវថាជាសហគមន៍បណ្ដែតទឹកវៀតណាមនៅកម្ពុជា
Fact Check By: Jay UdomResult: False
