Fact-Check: តើ​ក្រុមហ៊ុន​កូកា​កូឡា​នៅ​កម្ពុជា​​ផ្ដល់​រង្វាន់​ជា​ថ្នូរ​នឹង​ការ​ចូល​រួម​ស្រង់​មតិ​​តាម​អនឡាញ​​មែន​ទេ?

False Social

ខណៈ​ដែល​កម្ពុជា​កំពុង​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នោះ ក្រុមហ៊ុន​ឯកជន​នានា​បាន​បរិច្ចាគ​ថវិកា​សម្រាប់​ចូលរួម​ក្នុង​​បុព្វ​ហេតុ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​មេរោគ​កូវីដ-១៩​នោះ។ ទន្ទឹម​គ្នា​នេះ​ដែរ តំណ​ភ្ជាប់​មួយ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ក្រុមហ៊ុន​ភេសជ្ជ​ៈ​កម្ពុជា​កូកាកូឡា បាន​បង្កើត​មូលនិធិ​សុខមាលភាព និង​បាន​ផ្ដល់​រង្វាន់​តប​ស្នង​ដល់​អ្នក​បាន​ចូលរួម​ដំណើរការ​ស្រង់​មតិ​តាម​អនឡាញ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​មែន​ជា​ការ​ពិត​ទេ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក Sky Bot បាន​ដាក់​តំណ​ភ្ជាប់មួយ​(Link)​ចូល​ទៅ​ក្នុង​គ្រុប​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ ដែល​តំណ​បណ្ដាញ​នោះ​ ត្រូវ​បាន​សរសេរ​ថា «មូលនិធិ​សុខុមាលភាព​កូកា-កូឡា»។

Facebook Post | Archived Link

នៅ​ពេល​ចុច​ទៅ​លើ​តំណ​ភ្ជាប់​​មួយ​នេះ វា​ក៏​បង្ហាញ​នូវ​ផ្ទាំង​មួយដែល​ណែនាំ​អំពី​ការ​ផ្ដល់​រង្វាន់​សម្រាប់​អ្នក​ចូលរួម​ស្ទង់​មតិ​ឆ្លើយ​តប​នឹង​សំណួរ​ចំនួន ៤។ ខាង​ក្រោម​នេះ គឺ​ជា​​រូបភាព​ផ្ដាម​ចេញ​ពី​វេបសាយ​មួយ​នេះ បង្ហាញដូច​ខាង​ក្រោម​នេះ។

Online Survey | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​​ចោទ​សួរ​ថា តើ​នេះ​គឺ​ជា​ការ​ពិត​ឬ​យ៉ាងណា ហើយ​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​ពិត​តាម​រយៈ​ពិនិត្យ​មើល​ការ​បក​ស្រាយ​របស់​ក្រុមហ៊ុន​កូកា​កូឡា​ប្រចាំ​ប្រទេស​កម្ពុជា និងស្ថាប័ន​ជំនាញ​សន្តិសុខ​ប្រព័ន្ធ​អ៊ិនធឹណិត។

នៅ​លើទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០២១ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(កូកា-កូឡា) បាន​ប្រកាស​ច្រាន​ចោល​នូវ​ដំណើរការ​ស្ទង់​មតិ​តាម​ប្រព័ន្ធ​អនឡាញ​មួយ​នេះ ដោយ​និយាយ​ថា ក្រុមហ៊ុន​«​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ណា​មួយ​ក្នុង​គេហទំព័រ​សម្រង់​មតិ»​នោះ​ឡើយ។

Facebook Post | Archived Link

នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ ដែល​ត្រួត​ពិនិត្យ​លើ​​បទល្មើស​តាម​ប្រព័ន្ធ​អ៊ិនធឹណិត បានបញ្ជាក់​ថា តំណ​ភ្ជាប់​នៃ​ការ​ស្រង់​មតិ​នេះ គឺ​ជា​ល្បិច​បោក​បញ្ឆោត ដែល​អាច​យក​លួច​ព័ត៌មាន​ផ្ទាល់​ខ្លួន និង​ចម្លង​មេរោគ​ទៅ​អ្នក​ចុច​លើ​តំណ​ភ្ជាប់​មួយ​នេះ។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ដំណើរ​ការ​ស្ទង់​មតិ​តាម​អនឡាញ​នេះ មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ។ ក្រុមហ៊ុន​កូកា​កូឡា​នៅ​កម្ពុជា មិន​បាន​រៀបចំ​ការ​ស្រង់​មតិ​តាម​អនឡាញ​នោះ​ឡើយ ហើយ​ក្រសួង​មហាផ្ទៃ​បាន​រក​ឃើញ​ថា ការ​ស្រង់​មតិ​អនឡាញ​​នេះ គឺ​ជា​ល្បិច​បោក​បញ្ឆោត។

Avatar

Title:តើ​ក្រុមហ៊ុន​កូកា​កូឡា​នៅ​កម្ពុជា​​ផ្ដល់​រង្វាន់​ជា​ថ្នូរ​នឹង​ការ​ចូល​រួម​ស្រង់​មតិ​​តាម​អនឡាញ​​មែន​ទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.