
កោះកុង គឺជាខេត្តមួយស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលមានចម្ងាយប្រមាណជា ២៧០គីឡូម៉ែត្រពីរាជធានី ភ្នំពេញ។ ខេត្តមួយនេះមានឆ្នេរសមុទ្រ មានទឹកជ្រោះ ព្រមទាំងមានកោះល្បីៗជាច្រើន ដែលជាទីចាប់អារម្មណ៍មួយរបស់ភ្ញៀវទេសចរទាំងឡាយ។ ថ្មីៗនេះ ការអះអាងមួយបានបង្ហោះរូបថតជាច្រើន សន្លឹកដោយបានរៀបរាប់ថា វាគឺស្ថិតនៅក្នុងខេត្តកោះកុង។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ មានអ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកមួយ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីទិដ្ឋភាពកន្លែងអង្គុយជុំគ្នានៅលើទឹក និងក្បែរមាត់ទឹក។ អ្នកប្រើហ្វេសប៊ុកដដែលនោះ ក៏បានអះអាងផងដែរថា ទិដ្ឋភាពនេះ គឺស្ថិតនៅក្នុងខេត្តកោះកុង។
ការអះអាងមួយនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើននាប៉ុន្មានថ្ងៃចុងក្រោយនេះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកដែលបានរៀបរាប់ថា «ខេត្តកោះកុង កោះសង្សារ»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី Google Reverse Image និងតាមរយៈកម្មវិធី Yandex ដែលនាំឲ្យទៅរកឃើញការពិតប្រភពដើមនៃទិដ្ឋភាពនៃហាងកាហ្វេបណ្តែតទឹកមួយនេះ ដែលមានទម្រង់ដូចគ្នាទាំងស្រុង។
តាមរយៈការបង្ហោះរូបថតជាច្រើនដែលមានទម្រង់ដូចគ្នាទាំងស្រុងនៅលើបណ្តាញគេហទំព័រ Bangkok Foodie កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ដែលបានបញ្ជាក់ថា ទិដ្ឋភាពនេះគឺនៅហាងកាហ្វេដែលមានឈ្មោះថា Bubble In The Forest មានទីតាំងស្ថិតនៅក្នុងខេត្ត Nakhorn Pathom ប្រទេសថៃ។
រូបភាពផ្ដាមចេញពីគេហទំព័រ ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Bubble In The Forest: New Floating Cafe In Thailand. Bubble In The Forest popped open on 14th March at Nakhon Pathom» ប្រែជាភាសាខ្មែរមានន័យថា «ហាងកាហ្វេបណ្តែតទឹកថ្មីនៅក្នុងប្រទេសថៃដែលចាប់ផ្តើមបើកតាំងពីថ្ងៃទី១៤ ខែមីនា មកម្ល៉េះ»។
Bangkok Foodie | Archived Link
តាមរយៈទំព័រហ្វេសប៊ុករបស់ View Journey ผู้หญิงเที่ยวคนเดียว ដែលបានបង្ហោះកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ថ្មីៗនេះ បានឲ្យដឹងផងដែរថា ទីកន្លែងដែលមានទម្រង់ដូចគ្នាទៅនឹងរូបថតដែលអ្នកប្រើហ្វេសប៊ុកបានអះអាង នោះគឺមានឈ្មោះ Bubble in the forest ដែលមានទីតាំងនៅក្នុងប្រទេសថៃ។
រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ជាភាសាថៃថា «Bubble in the forest น้ำสีฟ้ามรกต สวยงามตรงปกเหมือนอยู่มัลดีฟจริงๆ ไม่ไกลจาก กทม. อยู่แค่ศาลายา นครปฐม เองจร้าาา» ឬប្រែជាភាសាខ្មែរមានន័យថា «Bubble in the forest គឺជាហាងបណ្តែតទឹកដ៏ស្រស់ស្អាត ដែលមើលទៅហាក់ដូចជានៅ ម៉ាល់ឌីវពិតៗ វានៅមិនឆ្ងាយពីទីក្រុងបាងកកនោះទេ»។
ក្រោយពីបានបង្ហោះរូបថតមួយថ្ងៃក្រោយមក អ្នកប្រើហ្វេសប៊ុកដែលបានអះអាងខាងលើនោះ បានធ្វើការកែសម្រួលអត្ថបទរបស់ខ្លួនដោយបានរៀបរាប់ដូច្នេះថា «ចា៎ខ្ញុំអត់ដែលបានទៅទេបង តែខ្ញុំឃើញគេផុសដូចតែគ្នាទេ ហើយខ្ញុំក៏ខមិនសួរគេ គេប្រាប់ខ្ញុំថាកោះហ្នឹងនៅខេត្តកោះកុងដូចគ្នា ទើបខ្ញុំយកមកផុសដើម្បីចែករំលែកចែកដែលអ្នកចង់ទៅលេងដូចខ្ញុំដែរ»។ អ្នកប្រើហ្វេសប៊ុកម្នាក់នេះ ក៏បានធ្វើការសុំទោសទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គមទូទៅផងដែរ។
រូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ «ចា៎ញុមអត់ដែលបានទៅទេបង តែញុមឃើញគេផុសដូចតែគ្នាទេហើយញុមក៏ខមិនសួរគេ គេប្រាប់ញុមថាកោះនឹង នៅខេត្តកោះកុងដូចគ្នាទើបញុមយកមកផុសដើម្បីចែករំលែកចែកដែលអ្នកចង់ទៅលេងដូចញុមដែល តែអីលូវបើបងប្អូនថានៅថៃមានតែអត់បានទៅ អគុណដែលបានប្រាប់ញុមអ្នកទាំងអស់គ្នា ហើយក៏សុំទោសអ្នកទាំងគ្នាផង»។
សន្និដ្ឋាន (Conclusion)
Fact Crescendo Cambodia បានរកឃើញថា រូបថតជាច្រើនសន្លឹកដែលបានអះអាងថាជាទិដ្ឋភាពនៅក្នុងខេត្តកោះកុង និងកោះសង្សារនោះ មិនត្រឹមត្រូវនោះឡើយ។ ទិដ្ឋភាពនៃរូបថតទាំងនេះ មិនមាននៅក្នុងខេត្តកោះកុង ឬទីកន្លែងណាផ្សេងទៀតនៅប្រទេសកម្ពុជានោះទេ។ រូបថតទាំងឡាយនេះ ត្រូវបានរកឃើញ និងយកចេញពីហាង កាហ្វេបណ្តែតទឹកមួយដែលមានឈ្មោះថា BUBBLE IN THE FOREST នៅក្នុងប្រទេសថៃ។

Title:រូបថតបង្ហាញពីទិដ្ឋភាពហាងបណ្តែតទឹកនៅថៃត្រូវបានអះអាងថានៅខេត្តកោះកុង
Fact Check By: Kakada SimResult: False