
របបយោធាភូមាបានឡើងកាន់អំណាចដោយរដ្ឋប្រហារអស់រយៈពេលជាង ៥ខែមកហើយ បន្ទាប់ពីដណ្ដើមអំណាចដោយកម្លាំងយោធាពីអ្នកស្រី អ៊ុងសាន ស៊ូជី កាលពីដើមខែកុម្ភៈមក។ អ្នកស្រី ស៊ូជី ក៏បានបាត់មុខពីមហាជនផងដែរចាប់តាំងពីពេលនោះមក។
ជាមួយគ្នានេះដែរ រូបថតមួយសន្លឹកត្រូវបានចែកចាយលើបណ្ដាញសង្គមជាមួយការរៀបរាប់ថា អ្នកស្រី ស៊ូជី ត្រូវបានេមដឹកនាំយោធាភូមាចោទប្រកាន់ចំនួន ១០ករណី ហើយអាចប្រឈមមុខជាប់ពន្ធនាគាររហូតដល់ ៧៥ឆ្នាំ។ រូបថតជាមួយនឹងសំណេរបែបនេះ ត្រូវបានចែករំលែកដល់ទៅរាប់ដយដងនៅលើបណ្ដាញសង្គម បើទោះបីជាមានការបញ្ជាក់ថា រូបកាត់តក៏ដោយ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត រកឃើញថា រូបថតនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់បានបង្ហោះរូបថតមួយសន្លឹក ដែលបង្ហាញអ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោតភូមា ស្ថិតនៅក្នុងបន្ទប់ឃុំឃាំងមួយមានរនាំងដែក ហើយស្ថិតក្នុងសម្លៀកបំពាក់ពណ៌លឿង និងដៃជាប់ខ្នោះ។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ បានរៀបរាប់ថា អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរបបសឹកភូមាចោទប្រកាន់ ១០ករណី ដែលអាចឱ្យអ្នកស្រីជាប់ឃុំរហូតដល់ទៅ ៧៥ឆ្នាំ។
បើទោះបីជាអ្នកប្រើប្រាស់បណ្ដាញសង្គមបញ្ជាក់ថា រូបថតនេះគឺជារូបថតកាត់ក៏ដោយ ប៉ុន្តែ រូបថតជាមួយនឹងសំណេរបែបនេះ ត្រូវបានចែករំលែកបន្តដល់ទៅរាប់រយដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត រួមជាមួយការបញ្ចេញប្រតិកម្ម និងមតិចម្រុះផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះ ដែលសរសេររៀបរាប់ថា «#អ្នកស្រីអ៊ុងសានស៊ូជី រងបណ្ដឹងចោទប្រកាន់ពីមេដឹកនាំផ្ដាច់ការរបបយោធាភូមាចំនួន ១០ករណី មានទោស ៧៥ឆ្នាំ តើពិភពលោកមានយកភ្នែកមើលទេ? ដោយសារតែបែបនេះហើយបានជារបបផ្ដាច់ការបានដៃ ធ្វើអ្វីតាមចិត្តនោះ។ ជាស្ត្រីចំណាស់នៅក្នុងគុក តើមានអ្វីទៅតស៊ូក្រៅតែប្រកាសអោយពលរដ្ឋក្រោកឡើងការពារជាតិរបស់ខ្លួន។ ថ្វីត្បិតតែរូបកាត់ត តែវាអាចជាការពិតនៃរបបផ្ដាច់ការ»។
ការពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថតនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតនៅក្នុង Google ដែលនាំឱ្យយើងជួបប្រទះរូបថតដើម និងព័ត៌មាននៃរូបថតនេះផងដែរ។
ច្បាប់ដើមនៃរូបថតនេះ ត្រូវបានរកឃើញចុះផ្សាយក្នុងអត្ថបទជាច្រើន ដែលចេញផ្សាយដោយគេហទំព័រផ្សេងៗគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ក្នុងចំណោមនោះ គេហទំព័រទស្សនាវដ្ដី Correctional News ក៏បានចុះផ្សាយរូបថតនេះនៅក្នុងអត្ថបទព័ត៌មានមួយមានចំណងជើងថា «Connecticut Corrections ‘Coaching’ Program Earns Governor’s Approval» ឬជាអាចប្រែសម្រួលជាភាសាខ្មែរថា «កម្មវិធីបណ្ដុះបណ្ដាលនៅពន្ធនាគារខនណិចធីខាត់ទទួលបានការអនុម័តពីអភិបាលរដ្ឋ»។
ក្នុងអត្ថបទរបស់ខ្លួន ទស្សនាវដ្ដីមួយនេះ បានសរសេរព័ត៌មានរូបថតនោះជាភាសាអង់គ្លេសថា «Female inmates at York Correctional Institution in Niantic are being given the rare opportunity to coach new arrivals to the facility on how to avoid the mistakes they made in their own pasts.» ឬអាចប្រែសម្រួលជាភាសាខ្មែរថា «អ្នកជាប់ឃុំជាស្ត្រីនៅឯវិទ្យាស្ថានអប់រំកែប្រែយ៉ក នៅ Niantic ទទួលបានឱកាសដ៏កម្រក្នុងការណែនាំដល់អ្នកមកដល់ថ្មីអំពីរបៀបបញ្ចៀសកំហុសដែលពួកគេបានធ្វើនាពេលអតីតកាល»។
ទស្សនាវដ្ដីនេះ បានបញ្ជាក់ថា រូបថតនេះផលិតឡើងដោយ Officer Bimblebury ដែលត្រូវបានផ្សព្វផ្សាយដោយ Wikimedia Commons ដែលជាមណ្ឌលរក្សាទុករូបថត សំឡេង និងឯកសារព័ត៌មានផ្សេងទៀតសម្រាប់ការប្រើប្រាស់ដោយឥតគិតកម្រៃរបស់ Wikimedia Foundation។
Correctional News | Archived Link
នៅលើគេហទំព័រ Wikimedia Commons យើងបានរកឃើញរូបថតមួយសន្លឹកនេះ ដែលបង្ហាញរូបស្ត្រីម្នាក់ស្ថិតនៅក្នុងបន្ទប់មានរបាំងរនាំងដែកមួយជាមួយសម្លៀកបំពាក់ព័ណ៌លឿង និងដៃជាប់ខ្នោះ។
ព័ត៌មាននៃរូបថតដែលរក្សាទុកនៅលើ Wikimedia Commons បានឱ្យដឹងថា ស្ត្រីជាប់ឃុំម្នាក់រស់នៅក្នុងបន្ទប់ពន្ធនាគារដែលមានត្រឹមតែគ្រែដេក និងបង្គន់មួយនៅពីក្រោយនៃរនាំងដែកការពារពីខាងក្រៅ។ រូបថតនេះផលិតឡើងដោយ Officer Bimblebury កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣កន្លងមក។
Wikimedia Commons | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលត្រូវបានអះអាងដូចរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ មិនមែនជាអ្នកស្រី អ៊ុងសាន ស៊ូជី ស្ថិតក្នុងការឃុំខ្លួនដោយរបបយោធាភូមានោះឡើយ។ រូបថតច្បាប់ដើម គឺជាទិដ្ឋភាពនៃស្ត្រីជាប់ឃុំម្នាក់នៅក្នុងមណ្ឌលអប់រំកែប្រែមួយនៅសហរដ្ឋអាមេរិក ដែលត្រូវបានថតឡើងកាលពីខែកក្កដា ឆ្នាំ២០១៣។

Title:តើរូបថតនេះបង្ហាញអ្នកស្រី អ៊ុងសាន ស៊ូជី ស្ថិតក្នុងបន្ទប់ឃុំឃាំងមែនឬទេ?
Fact Check By: Jay UdomResult: Altered
