រូបថត​ចាស់​ត្រូវ​បាន​អះ​អាង​ថា​ជា​ភរិយា​មេដឹកនាំ​អ៊ុយក្រែន​ចូល​រួម​ប្រយុទ្ធ​ក្នុង​សមរភូមិ​ប្រឆាំង​រុស្ស៊ី

International Missing Context

ខណៈ​ដែល​រុស្ស៊ី​ឈ្លាន​ពាន​ចូល​ប្រទេស​អ៊ុយក្រែន​នោះ ប្រជាជន​អ៊ុយក្រែន ត្រូវ​បាន​រាយការណ៍​ថា បាន​ចូលរួម​ជាមួយ​កង​ទ័ព​អ៊ុយក្រែន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កង​ទ័ព​រុស្ស៊ី។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ស្ថិត​ក្នុង​ឯក​សណ្ឋាន​យោធា ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​លើ​បណ្ដាញ​សង្គម ដោយ​អះអាង​ថា ជា​រូបថត​ជំទាវ​ទី​១ ឬ​ភរិយា​របស់​ប្រធានាធិបតី​អ៊ុយក្រែន ដែល​បាន​ចូលរួម​ប្រយុទ្ធ​ជាមួយ​នឹង​ប្រជាជន ដើម្បី​ការពារ​ប្រទេស​ជាតិ។ រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​អះ​អាង​ថា ជា​ភរិយា​អនុ​ប្រធានាធិបតី​អ៊ុយក្រែន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០២ ខែ​មីនា ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy និង​​ស្ត្រី​ម្នាក់​ស្ថិត​ក្នុង​ឯកសណ្ឋាន​កង​ទ័ព។

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​​អះ​អាង​ថា ស្ត្រី​នៅ​ក្នុង​រូបថត​​នេះ គឺ​ជា​ភរិយា​​របស់​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ដែល​​បាន​ចូលរួម​ប្រយុទ្ធ​ក្នុង​សមរភូមិ​ជាមួយ​ពលរដ្ឋ​អ៊ុយក្រែន ដើម្បី​ការពារ​មាតុ​ភូមិ​ពី​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​រុស្ស៊ី។

រូបថត និង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក Neang Sokhun Page ដែល​សរសេរ​ថា «ថ្ងៃ​ទី​០២ ខែ​មិនា[មីនា] ឆ្នាំ​២០២២ ប្រធានាធិបតី​អ៊ុយក្រែន និង​ភរិយា ដោះ​អាវ​ក្រសេ​[អាវ​ធំ]ចោល ដឹក​ដៃ​គ្នា​ចូល​សមរភូមិ​ប្រយុទ្ធ​ការពារ​ពលរដ្ឋ និង​ការពារ​ជាតិ​អ៊ុយក្រែន ពេល​សត្រូវ​រុស្ស៊ី​ចូល​ឈ្លាន​ពាន ទាំង​នេះ​គឺ​ជា​វីរភាព​ដ៏​ខ្ពស់​ខ្ពស់​របស់​មេដឹកនាំ​កំពូល​អ៊ុយក្រែន ធ្វើ​ឱ្យ​មេដឹកនាំ​ពិភព​លោក និង​ពលរដ្ឋ​ទូទាំង​ពិភព​លោក​កោត​សរសើរ​ពី​វីរភាព​របស់​គាត់​គ្រប់ៗ​គ្នា»។

FACEBOOK POST | ARCHIVED

ចំណែក​ឯ​ទំព័រ​ហ្វេសប៊ុក​មួយ​នេះ បាន​បង្ហោះ​រូបថត​ដដែល​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ដោយ​អះ​អាង​ថា ស្ត្រី​ក្នុង​រូបថត​នេះ គឺ​ជា​ភរិយា​របស់​អនុ​ប្រធានាធិបតី​អ៊ុយក្រែន។

ការ​អះ​អាង​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​ចម្រុះ​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញពី​ការ​អះ​អាង​របស់​ទំព័រ​ហ្វេសប៊ុក​សារព័ត៌មាន ក្រុង​កម្ពុជា ដែល​សរសេរ​រៀបរាប់​ថា «ភរិយា​របស់​អនុ​ប្រធានាធិបតី​អ៊ុយក្រែន កំពុង​តស៊ូ​ដើម្បី​មាតុ​ភូមិ ខណៈ​ប្រទេស​ទាំង​មូល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី»។

FACEBOOK POST | ARCHIVED

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នៅ​កម្ពុជា ខណៈ​ដែល​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​កំពុង​បន្ត​ឈាន​ចូល​សប្ដាហ៍​ទី​ពីរ​ហើយ​នោះ។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ reverse image search នៅ​លើ​បណ្ដាញ​អ៊ិនធឹណិត ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​ស្ត្រី​ស្ថិត​ក្នុង​ឯក​សណ្ឋាន​យោធា​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហ​ទំព័រ ALAMY ដែល​បាន​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២១។

គេហទំព័រ​រក្សា​ទុក​រូបថត​មួយ​នេះ បាន​ឱ្យដឹង​ថា នារី​ជា​កង​ទ័ព​អ៊ុយក្រែន​ ចូលរួម​នៅ​ក្នុង​ពិធី​ព្យុហយាត្រា​កង​ទ័ព​នៅ​ដង​វិថី Khreshchatyk នៅ​ចំ​ថ្ងៃ​ខួប ៣០​ឆ្នាំ​នៃ​ឯករាជ្យ​ជាតិ​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២១។

ALAMY | ARCHIVED

រូបថត​មួយ​សន្លឹក​ទៀត​ដែល​ស្ត្រី​ស្ថិត​ក្នុង​ឯក​សណ្ឋាន​កង​ទ័ព​អ៊ុយក្រែន​នេះ ក៏​ត្រូវ​​បាន​រក​ឃើញ​ផង​ដែរ​​នៅ​ក្នុង​គេហទំព័រ iStock ដែល​សរសេរ​រៀបរាប់​ខ្លឹមសារ​រូបថត​មួយ​សន្លឹក​នេះ​ដូច​ទៅ​នឹង​គេហទំព័រ ALAMY។

iStock | ARCHIVED

អ៊ុយក្រែន​គ្មាន​តំណែង​អនុ​ប្រធានាធិបតី

បើ​តាម​រដ្ឋធម្មនុញ្ញ​របស់​អ៊ុយក្រែន ប្រទេស​នេះ​ប្រកាន់​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​​ ដែល​បែង​ចែក​តំណែង​ប្រធានាធិបតី និង​នាយករដ្ឋ​មន្ត្រី។ នៅ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​បែប​នេះ ទាំង​ប្រធានាធិបតី និង​នាយករដ្ឋ​មន្ត្រី កាន់អំណាច​ប្រតិបត្តិ​ដូច​គ្នា។

ប្រហាក់​ប្រហែល​ទៅ​នឹង​សហរដ្ឋ​អាមេរិក​ដែរ ប្រធានាធិបតី​អ៊ុយក្រែន ត្រូវ​បាន​បោះឆ្នោត​ជ្រើស​រើស​តាម​រយៈ​ការ​បោះ​ឆ្នោត​របស់​ប្រជាជន។ ប៉ុន្តែ ការ​បោះ​ឆ្នោត​ដោយ​ប្រជាជន ក៏​ជ្រើស​រើស​សមាជិក​សភា​អ៊ុយក្រែន​ផង​ដែរ។

ប្រធានាធិបតី​អ៊ុយក្រែន អាច​តែង​តាំង​នាយករដ្ឋ​មន្ត្រី​ទៅ​តាម​ការ​ស្នើ​ឡើង​របស់​សភា។ ប៉ុន្តែ ប្រធានាធិបតី​ក៏​អាច​ស្នើ​នូវ​បេក្ខជន​សម្រាប់​តំណែង​នាយករដ្ឋ​ន្ត្រី​ផង​ដែរ ហើយ​ស្វែង​រក​ការ​គាំ​ទ្រ​ពី​សភា​សម្រាប់​បេក្ខជន​នោះ។

ដូច្នេះ នៅ​អ៊ុយក្រែន​គ្មាន​តំណែង​អនុ​ប្រធានាធិបតី​នោះ​ឡើយ​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ ហើយ​លោក Denys Shmyhal កំពុង​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​​អ៊ុយក្រែន​នា​ពេល​សព្វ​ថ្ងៃ​នេះ។

រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ក្រុម​ការងារ​ត្រួត​ពិនិត្យ​ការពិត Fact Crescendo នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​ផ្ទៀង​ផ្ទាត់​រួច​ហើយ និង​បាន​ចេញ​ផ្សាយ​អត្ថបទ​ជា​ភាសា​អង់គ្លេស​ផង​ដែរ។ គេ​អាច​រក​អាន​អត្ថបទ​ទាំង​ស្រុង​របស់​ក្រុម​ការងារ Fact Crescendo បាន​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ

Also Read: Russia-Ukraine War | Old Image of a Ukrainian Soldier Goes Viral as Wife of Ukrainian Vice President on the Frontlines…

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​ភរិយា​របស់​​ប្រធានាធិបតី​អ៊ុយក្រែន​​ដែល​ពាក់​ឯក​សណ្ឋាន​យោធា​ដើម្បី​ចូលរួម​ប្រយុទ្ធ​នឹង​ការឈ្លាន​ពាន​របស់​រុស្ស៊ី​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ទាហាន​នារី​អ៊ុយក្រែន​​ដែល​បាន​ចូលរួម​ក្នុង​ព្យុហយាត្រា​កង​ទ័ព​នៅ​ក្នុង​ខួប ៣០​ឆ្នាំ​នៃ​ទិវា​ឯករាជ្យ​ជាតិ​អ៊ុយក្រែន កាល​ពី​ឆ្នាំ​២០២១​កន្លង​មក។

Avatar

Title:រូបថត​ចាស់​ត្រូវ​បាន​អះ​អាង​ថា​ជា​ភរិយា​មេដឹកនាំ​អ៊ុយក្រែន​ចូល​រួម​ប្រយុទ្ធ​ក្នុង​សមរភូមិ​ប្រឆាំង​រុស្ស៊ី

Fact Check By: Jay Udom 

Result: Missing Context

Leave a Reply

Your email address will not be published. Required fields are marked *