
តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ តែងតែលិចលង់នៅក្រោមទឹក ក្រោយពីភ្លៀងធ្លាក់ខ្លាំងរយៈពេលថ្មីៗនេះ។ ទន្ទឹមគ្នានេះ វីដេអូមួយមានរយៈពេល ១៤វិនាទី ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ដោយមានការអះអាងក្នុងន័យថា វាជាស្ថានភាពទឹកលិចលង់រាជធានីភ្នំពេញនៅឆ្នាំ២០២២នេះ។ វីដេអូនេះ ត្រូវបានចែករំលែកតគ្នាជាច្រើនដងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលនាំឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនយល់ច្រឡំ។ ទោះជាយ៉ាងណា យើងបានផ្ទៀងផ្ទាត់ទៅលើវីដេអូនេះ ហើយរកឃើញថា ការអះអាងលើវីដេអូនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ទំព័រហ្វេសប៊ុកមួយ បានបង្ហោះវីដេអូមួយមានរយៈពេល ១៤វិនាទីកាលពីថ្ងៃម្សិលមិញនេះ ដែលបង្ហាញបុរសម្នាក់ជាមួយនឹងយានយន្តកង់បីមួយគ្រឿង ធ្វើដំណើរនៅក្នុងទឹកជំនន់នោះ។ ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានសរសេរក្នុងន័យថា វីដេអូនេះ គឺជាទឹកជំនន់លិចរាជធានីភ្នំពេញនៅឆ្នាំ២០២២នេះ។
វីដេអូនេះ ត្រូវបានចែករំលែកតគ្នាជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ និងមានការបញ្ចេញមតិជាច្រើន និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូដែលត្រូវបានផ្ដាមចេញពីការបង្ហោះរបស់ទំព័រហ្វេសប៊ុកឈ្មោះ Chham Chhany កាលពីថ្ងៃទី២៥ ខែកក្កដា ដែលរៀបរាប់ថា «បណ្ដែតក្បួនលេងឆ្នាំ២០២២»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើវីដេអូនេះតាមរយៈការស្វែងរកប្រភពដើមនៃវីដេអូនេះនៅក្នុងបណ្ដាញសង្គម TikTok ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
នៅក្នុងវីដេអូមានរយៈពេល ១៤វិនាទីនេះ យើងបានមើលឃើញថា វាត្រូវបានយកចេញពីគណនីអ្នកប្រើប្រាស់បណ្ដាញសង្គម TikTok មួយឈ្មោះ Veasna Transports។
នៅក្នុងគណនីអ្នកប្រើប្រាស់បណ្ដាញសង្គម TikTok ឈ្មោះ VeasnaTransports យើងបានរកឃើញវីដេអូដូចគ្នានេះ ដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមមួយនេះកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០កន្លងមក ជាមួយសំណេរថា «អាណិតបងប្អូនយើងណាស់»។
សេចក្ដីរាយការណ៍របស់សារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ កាលពីខែតុលា ឆ្នាំ២០២០កន្លងមក បានឱ្យដឹងថា ផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្នុងសង្កាត់ចំនួន១១នៅក្នុងចំណោមសង្កាត់ទាំង១២នៅក្នុងខណ្ឌដង្កោ ភាគខាងត្បូងរាជធានីភ្នំពេញ ត្រូវទឹកជន់លិចនាពេលនោះ បន្ទាប់ពីទំនប់ស្ទឹងព្រែកត្នោត បានបាក់។
សូមទស្សនាទិដ្ឋភាពនៃទឹកជំនន់វាយប្រហារផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្នុងខណ្ឌដង្កោ ដែលផ្តិតរូបភាពដោយសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ កាលពី ២ឆ្នាំមុន។
តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ បានលិចលង់ក្រោមទឹកភ្លាមៗ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបញ្ហានេះ ត្រូវបានភ្ជាប់ទៅនឹងសកម្មភាពលុបបឹងសំខាន់ៗក្នុងរាជធានីភ្នំពេញសម្រាប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យនានា។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា សំណេរភ្ជាប់ជាមួយវីដេអូនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូរយៈពេល ១៤វិនាទីនេះ មិនមែនជាទិដ្ឋភាពជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញនាពេលថ្មីៗនេះឡើយ។ វាជាទឹកជំនន់វាយប្រហារសង្កាត់ជាច្រើននៅខណ្ឌដង្កោកាលពីឆ្នាំ២០២០កន្លងមក។

Title:វីដេអូទឹកជំនន់លិចខណ្ឌដង្កោ២ឆ្នាំមុន ត្រូវបានអះអាងថា ជាទឹកលិចភ្នំពេញឆ្នាំនេះ
Fact Check By: Jay UdomResult: Missing Context
