ខណៈដែល​ប្រជាពលរដ្ឋ​ជា​ច្រើន​​បាន​ដើរ​លេ​ង​កម្សាន្ត​​​ទៅ​កាន់​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ​​​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន​នោះ​ វីដេអូ​មួយ​ដែល​បង្ហាញ​ទិដ្ឋភាព​ការ​កក​ស្ទះ​​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះ​សីហនុ​ ត្រូវ​បាន​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​មាន​ការ​អះ​អាង​ថា ស្ថានភាព​​កក​ស្ទះ​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ថ្មី​ៗ​នេះ​។​ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ប្រតិកម្ម​ចម្រុះ​យ៉ាង​ផុសផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាងនេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មករា​ ឆ្នាំ​២០២៣​ ទំព័រហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ «KimSrun - គីមស្រ៊ុន»​ បាន​បង្ហោះ​វីដេអូ​ឃ្លីបមួយ​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​ការ​កក​ស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តា​ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ​-ព្រះ​សីហនុ​ អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ចិន​។​

ការ​អះ​អាង​ ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ខាង​លើ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​នាក់​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «​បង​ប្អូ​នដែល​ជិះ​តាម​ផ្លូ​វល្បឿ​នលឿន​ប្រហែល​ជា​តឹងទ្រូង​ ធ្លា​យនិយា​យលែង​ចេញ​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​វីដេអូ​ និង​ការ​អះ​អាង​​​ខាង​លើ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

វីដេអូ​ឃ្លីប​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុកម្នាក់​ ​ដែល​មាន​ឈ្មោះ​ថា​ «គិន សុគន្ធ​»​ កាល​ពីថ្ងៃ​ទិ​០៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​។​ ការ​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​នេះ​ បាន​បង្ហាញ​ និង​បញ្ជាក់​ច្បាស់​ថា​ ទិដ្ឋភាព​ការ​កក​ស្ទះ​ ដែល​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​បង្ហោះ​ និង​អះ​អាង​ថា​ជា​ទិដ្ឋភាព​កក​ស្ទះ​ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ «ផ្លូ​វល្បឿ​នលឿន​ភ្នំពេញ​ - ព្រះសីហនុ​» ផ្សព្វ​ផ្សាយ​​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មករា​ ឆ្នាំ​២០២៣​កន្លង​ទៅ ក៏​បាន​ច្រាន​ចោល​នូវ​ការ​អះ​អាង​ ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីបខាង​លើ​​នោះ​ផង​ដែរ​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​ខាង​លើ​នេះ​ បាន​បង្ហោះរូប​ថត​២​សន្លឹក​ ដែល​បាន​បង្ហាញ​​ទិដ្ឋភាព​ផ្ទាល់​នៃ​ច្រក​ចេញ​-ចូល​ នៅ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះ​សីហនុ​ ដែល​ពុំ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​នោះ​ឡើយ​។​

ខាង​ក្រោម​នេះ​​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​បញ្ជាក់​ថា​ «ក្រុមហ៊ុ​នយើងខ្ញុំនៅតែប្រ​ទះឃើ​ញមា​នជន​ខិល​ខូច​មួយចំ​នួនបា​នយ​កវីដេអូ​ កកស្ទះ​ចរាចរណ៍​ដែលបា​នកើ​តឡើ​ងកាល​ពីអតីតមកផ្សព្វផ្សាយ​ បណ្តាល​ឱ្យសាធារ​ណៈជន​មានការយល់ច្រឡំពី​ ទិដ្ឋភា​ពចរាចរណ៍​ជាក់ស្តែង​នៅលើ​ផ្លូ​វល្បឿ​នលឿ​ន»។​

ខាង​ក្រោម​នេះ​ គឺ​ជា​ទិដ្ឋភាព​ចរាចរណ៍​ជាក់ស្តែង​នៅលើ​ផ្លូ​វល្បឿ​នលឿន​ ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​កន្លង​ទៅ​។​

Facebook Post | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​វីដេអូ​ឃ្លីប​​ និង​ការ​លើក​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​ខាងលើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​ឡើយ​។​ ច្បាប់​ដើម​នៃ​វីដេអូ​ឃ្លីប​នេះ​ គឺ​ជា​ទិដ្ឋភាព​ការ​កក​ស្ទះ​ដែល​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​មុន​ម្ល៉េះ​ ដោយ​​ពុំ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះ​សីហនុ​ ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​នោះ​ឡើយ​។​

Avatar

Title:វីដេអូ​កក​ស្ទះ​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន​ឆ្នាំ​ចាស់​មិន​មែន​ជា​ហេតុការណ៍​កក​ស្ទះ​អំឡុង​ចូល​ឆ្នាំ​ចិន​ទេ

Fact Check By: Kakada Sim

Result: Missing Context