Fact-Check: ព្រះ​សង្ឃ​បូជា​ព្រះ​កាយ​ក្នុង​ភ្នក់​ភ្លើង​មិន​មែន​ជា​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ទេ

False Political

ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​វៀតណាម គឺ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ការ​ដាក់​បញ្ចូល​ទឹក​ដី​កម្ពុជា​ក្រោម​​ទៅ​វៀតណាម ត្រូវ​បាន​រៀបចំ​ជា​ពិធី​រំលឹក​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​៤ មិថុនា ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា និង​រស់នៅ​បណ្ដា​ប្រទេស​ដទៃ​ទៀត​។ ទន្ទឹម​គ្នា​នេះ វីដេអូ​ឃ្លីប​មួយ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ព្រះ​សង្ឃ​ក្នុង​វីដេអូ​នោះ គឺ​ជា​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ដែល​បាន​បូជា​ព្រះ​កាយ​ខ្លួន​ឯង ដើម្បី​ការពារ​សាសនា វប្បធម៌ ប្រពៃណី និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​រក​ឃើញ​ថា ការ​អះ​អាង​លើ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​​មួយ​​បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញ​នូវ​ព្រះ​សង្ឃ​មួយ​អង្គ​បូជា​ព្រះ​កាយ​ទាំង​រស់​នៅ​ក្នុង​ភ្នក់​ភ្លើង។ ទំព័រ​ហ្វេសប៊ុក​មួយ​នេះ បាន​អះ​អាង​ថា ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​​បាន​បូជា​ព្រះ​កាយ​នៅ​ក្នុង​ភ្នក់​ភ្លើង ដើម្បី​រក្សា​សាសនា វប្បធម៌ ប្រពៃណី និង​រក្សា​ទឹក​ដី​កម្ពុជា​ក្រោម ដែល​បច្ចុប្បន្ន​នេះ​​ស្ថិត​នៅ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​វៀតណាម។

វីដេអូ​ឃ្លីប​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ហ្វេសប៊ុក​ចែក​រំលែក​រាប់​រយ​ដង ហើយ​អ្នក​ប្រើ​ហ្វេសប៊ុក​ជាច្រើន​ទៀត​ បាន​បញ្ចេញ​ប្រតិកម្ម និង​មតិ​យោបល់​ចម្រុះ​បែប​ទៅ​នឹង​វីដេអូ​ឃ្លីប​មួយ​នេះ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «ការ​បូជា​ព្រះកាយ​របស់​ព្រះ​សង្ឃ​កម្ពុជា​ក្រោម ដើម្បី​រក្សា​សាសនា វប្បធម៌ ប្រពៃណី និង​រក្សា​ទឹក​ដី​កម្ពុជា​ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​នូវ​វីដេអូ​ឃ្លីប​មួយ​នេះ និង​ព័ត៌មាន​ពិត​ប្រាកដ​​នៃ​វីដេអូ​ឃ្លីប​មួយ​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់​ Google ដែល​នាំ​ឱ្យ​ទៅ​ដល់​វីដេអូ និង​ព័ត៌មាន​លម្អិត​។

វីដេអូ​ឃ្លីប​រយៈ​ពេល​ជាង ១​នាទី​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​បណ្ដាញ​អ៊ិនធឹណិត និង​យូធូប (YouTube)​ផង​ដែរ ដែល​បង្ហាញ​នូវ​ព័ត៌មាន​ថា ព្រះ​សង្ឃ​​នៅ​ក្នុង​វីដេអូ​នោះ មាន​​ព្រះនាម ធឹត វ៉ាងឌឹក (Thich Quang Duc) គឺ​ជា​​ព្រះ​សង្ឃ​វៀតណាម​នៃ​ព្រះ​ពុទ្ធ​សាសនា​មហាយាន​។

ព័ត៌មាន​ដែល​រៀបរាប់​ក្នុង​វីដេអូ​នេះ បាន​ឱ្យ​ដឹង​ថា ព្រះ​សង្ឃ​វៀតណាម​ ធឹត វ៉ាងឌឹក (១៨៩៧-១៩៦៣) បាន​បូជា​ព្រះ​កាយ​ខ្លួន​ឯង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​១៩៦៣ នៅ​ត្រង់​ចំណុច​ប្រសព្វ​មួយ​នៃ​ទីក្រុង​សៃហ្គន ដែល​ក្រោយ​មក​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅទីក្រុង​ហូជីមិញ។

ព្រះ​សង្ឃ​វៀតណាម​អង្គ​នេះ បាន​បូជា​ព្រះ​កាយ​ខ្លួន​ឯង​ក្នុង​ភ្នក់​ភ្លើង ​ដើម្បី​បង្ហាញ​ការ​ជំទាស់​ទៅ​នឹង​របប​ដឹកនាំ​របស់​​លោក ង៉ោ ឌិញយៀម (Ngô Đình Diệm) ​ប្រធានាធិបតី​វៀតណាម​ខាង​ត្បូង​នា​ពេល​នោះ។ លោក ង៉ោ ឌិញយៀម ដែល​ជា​សាសនិក​នៃ​វិហារ​កាតូលិក ​​បាន​បង្ក្រាប​ទៅ​លើ​ព្រះ​សង្ឃ​នានា​នៅ​វៀតណាម​ខាង​ត្បូង និង​បាន​ព្យាយាម​​បង្វែរ​ប្រជាជន​ឱ្យ​ប្ដូរ​ទៅ​ជឿ​លើ​វិហារ​កាតូលិក​វិញ។

ប្រសូត្រ​នៅ​​ឆ្នាំ​១៨៩៧ នៅ​ឯ​ខេត្ត​ខាញ់ហ្វា (Khánh Hòa) ការ​បូជា​ព្រះ​កាយ​របស់​ព្រះ​សង្ឃ​វៀតណាម​អង្គ​នេះ ក៏​ជា​របត់​មួយ​ជំរុញ​ឱ្យ​មាន​រដ្ឋ​ប្រហារ​ទម្លាក់​ និង​ការ​សម្លាប់​លោក ង៉ោ ឌិញយៀម នៅ​ក្នុង​ឆ្នាំ​១៩៦៣​ផង​ដែរ។

YouTube | Archived Link

ក្រៅ​ពី​វីដេអូ​ឃ្លីប​មួយ​នេះ ក៏​មាន​ផង​ដែរ​​រូបថត​នៃ​ព្រឹត្តិការណ៍​បូជា​ព្រះ​កាយ​របស់​ព្រះ​សង្ឃ​វៀតណាម​មួយ​អង្គ​នេះ និង​ព័ត៌មាន​លម្អិត​នៃ​ហេតុការណ៍​នេះ។ រូបថត​នេះ​ ថត​ដោយ​លោក Malcolm Browne អ្នក​ថត​រូប​សារព័ត៌មាន​អាមេរិក ដែល​រូបថត​របស់​លោក​អំពី​ហេតុការណ៍​នោះ ទទួល​បាន​ពាន​រង្វាន់ Pulitzer Award។

Alamy | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ព្រះ​សង្ឃ​ក្នុង​វីដេអូ​នេះ មិន​មែន​ជា​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​នោះ​ទេ។ ព្រះ​សង្ឃ​ក្នុង​វីដេអូ​នេះ មាន​​​ព្រះ​នាម ធឹត វ៉ាងឌឹក ព្រះ​សង្ឃ​ពុទ្ធសាសនា​មហាយាន ដែល​បាន​បូជា​ព្រះ​កាយ​ក្នុង​ភ្នក់​ភ្លើង​នៅខែ​មិថុនា ​ឆ្នាំ​១៩៦៣ ដើម្បី​ប្រឆាំង​នឹង​របប​វៀតណាម​ខាង​ត្បូង​។

Avatar

Title:ព្រះ​សង្ឃ​បូជា​ព្រះ​កាយ​ក្នុង​ភ្នក់​ភ្លើង​មិន​មែន​ជា​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ទេ

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.