Fact-Check: តើ​បំពង់​បង្ហូរ​ទឹក​ក្នុង​រូបថត​នេះ​ត្រូវ​បាន​សាង​សង់​ដោយ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​មែន​ទេ?

Misleading Social

ជារឿយៗ ការ​កសាង​ផ្លូវ​ថ្នល់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​មហាជន​កម្ពុជា ដែល​ចោទ​សួរ​អំពី​គុណភាព និង​ភាព​យូរ​អង្វែង​នៃ​សំណង់​សាធារណៈ​ទាំង​ឡាយ។

ទន្ទឹម​គ្នា​នេះ រូបថត​ពីរ​សន្លឹក​ដែល​បង្ហាញ​ពី​ការ​កសាង​បំពង់​បង្ហូរ​ទឹក​នៅ​តាម​ផ្លូវ​មួយ​ខ្សែ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះ​អាង​ថា ការ​កសាង​បំពង់​បង្ហូរ​ទឹក​នេះ កើត​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ។

ការ​បង្ហោះ​រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​បន្ត​ និង​ការ​បញ្ចេញ​ប្រតិកម្ម​​រហូត​ដល់​ទៅ​រាប់​ពាន់​ដង។

ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិតរបស់ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះទេ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក​ត្រូវ​បង្ហាញ​នូវ​ការ​សាង​សង់​បំពង់​បង្ហូរ​ទឹក​នៅ​តាម​ផ្លូវ​ចាក់​បេតុង​មួយ​កន្លែង។ សំណេរ​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​មួយ​នេះ មិន​បាន​បញ្ជាក់​ពី​ទីតាំង​ជាក់​លាក់​នោះ​ឡើយ ប៉ុន្តែ ហាក់​​បង្ហាញ​ថា សំណង់​បំពង់​ទុយោ​បង្ហូរ​ទឹក​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។

ការ​បង្ហោះ​រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រហូត​ដល់​ទៅ​ជាង ៦ ៥០០​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម​ និង​មតិ​ចម្រុះ​បែប​ផង​ដែរ។

ក្នុង​ប្រអប់​បញ្ចេញ​មតិ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​សួរ​ថា តើ​រូបថត​នៃ​ការ​សង​សង់​បំពង់​បង្ហូរ​ទឹក​នេះ ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​បន្ទាប់​មក​អ្នក​ប្រើ​ហ្វេសប៊ុក​ខាង​លើ​បាន​តប​ថា «នៅ​គេ​ទេ​បាទ»។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​នោះ រៀប​រាប់​ថា «តិច​ច្រឡំ​​គេ​ផ្លុង​ដាក់​ត្រី​ឥវិន​ទៅ ស៊ី​ហ្វុង​រំដោះ​ទឹក​លូ​ឆ្មោះ។ ខ្ញុំ​មិន​នឹកស្មាន​ថា វិស្វករ​ខ័ណ្ឌ+វិស្វករ​សង្កាត់ គាត់​ធ្វើ​បាន តិច​ល​ចៅហ្វាយ​ខ័ណ្ឌ និង​ចៅ​សង្កាត់​ធ្លាប់​ចេញ​ពី​វិមាន​ទិព្វ​ទៅ។ ទឹក​ជំនន់ ៥០០​មេ​ក៏​មិន​លិច​ដែរ​លូរ លិច​តែ​ផ្លូវ និង​ផ្ទះ​ប៉ុណ្ណោះ។ មិន​ជឿ​កុំ​ប្រមាថ។ សុំ​ភ័យ​ទោស មិន​ទើស​ទេ តែ​នេះ​ជា High experience ត្រូវ​រៀន​សូត្រ​តាម Note»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​តាម​រយៈ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​យើង​ឈាន​ទៅ​រូបថត និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ។

រូបថត​ពីរ​សន្លឹក​នេះ ហើយ​រូបថត​ជា​ច្រើន​មុំ​ទៀត​ ត្រូវ​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​រូបថត​ទាំង​ពីរ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដា​សង្គម​ហ្វេសប៊ុក។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ Siam News រូបថត​ទាំង​ពីរ​សន្លឹក​នេះ ត្រូវ​បាន​​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​​ មែម​ពោធិ៍ដាំ (แหม่มโพธิ์ดำ) កាល​ពី​ថ្ងៃ​ទី​០៧ ខែ​មិថុនា​កន្លង​មក​នេះ ដែល​បាន​រៀបរាប់​ថា វា​គឺ​ជា​ការ​កសាង​បំពង់​បង្ហូរ​ទឹក​ដែ​ចំណាយ​ថវិកា​ ១០​លាន​បាត​សម្រាប់​ចម្ងាយ​ ១​គីឡូម៉ត្រ។

រូបភាព​ផ្ដាម​ចេញ​ពី​សារព័ត៌មាន Siam News សរសេរ​ថា «เผยภาพท่อระบายน้ำทิพย์ หลังใช้งบประมาณ 10 ล้านบาท» ដែល​អាច​ប្រែជា​ភាសា​ខ្មែរ​ថា «បង្ហាញ​រូបថត​បំពង់​បង្ហូរ​ទឹក​ស្អុយ ក្រោយ​ប្រើ​ប្រាស់​ថវិកា ១០​លាន​បាត»។

Siam News | Archived Link

ប៉ុន្តែ ទំព័រ​ហ្វេសប៊ុក​ខាង​លើ​នេះ បាន​បញ្ជាក់​ថា រូបថត​នេះ ត្រូវ​បាន​យក​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​ Watchgodth Act អ្នក​ប្រើ​ហ្វេសប៊ុក Watchdogth Act បាន​បង្ហោះ​រូបថត​នេះ​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០២១ ជាមួយ​នឹង​ការ​សំណេរ​រៀបរាប់​ជា​ភាសា​ថៃ​ថា «ท่อน้ำทิพย์ ระบายน้ำในหมู่บ้านแห่งหนึ่ง ใครทราบที่ไหนบอกด้วย» ដែល​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា «បំពង់​បង្ហូរ​ទឹក​នៃ​ភូមិ​មួយ​ នរណា​ដឹង​ថា​នៅ​ទីណា សូម​ជួយ​ប្រាប់​ផង»។

Facebook Post | Archived Link

ដោយ​បាន​សម្ភាស​ជាមួយ​មន្ត្រី​មូលដ្ឋាន ​សារព័ត៌មាន​ថៃ​ MGR ONLINE បាន​ចុះ​ផ្សាយ​នូវ​សេចក្ដី​រាយការណ៍​មួយ​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ដែល​បាន​ឱ្យ​ដឹង​ថា ការ​កសាង​បំពង់​បង្ហូរ​ទឹក​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ភូមិ​ក្លាង ឃុំ​ក្លាង ស្ថិត​ក្នុង​ស្រុក​តេជឧត្ដម ខេត្ត​អ៊ូប៊ុនរ៉ាត់ថានី ជា​ខេត្ត​ស្ថិត​នៅ​ភាគ​ខាង​ឦសាន​​ប្រទេស​ថៃ​ ដែល​មាន​ព្រំដែន​ជាប់​នឹង​ខេត្ត​ព្រះវិហារ​របស់​កម្ពុជា។

ក្នុង​សេចក្ដី​រាយការណ៍​នោះ នាយក​រដ្ឋបាល​ឃុំ​បានក្លាង លោក ថៈនុងស័ក្តិ ឡាផាផាន់ បាន​និយាយ​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ដាក់​​បំពង់​បង្ហូរ​ទឹក​បែប​នេះ គឺ​ដើម្បី​រំដោះ​ទឹក​​ចេញ​ពី​មុខ​ផ្ទះ​ប្រជាជន​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​​ដោយ​ប្រើ​បំពង់​បង្ហូរ​ទឹក​នេះ​​បង្ហូរ​ទឹក​ចូល​ទៅ​ក្នុង​លូ​ទឹក​ស្ថិត​នៅ​ខាង​ក្រោម​ថ្នល់​នោះ។

រូបភាព​ផ្ដាម​ចេញ​ពី​ការ​ចេញ​ផ្សាយ​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន MGR ONLINE កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២១។

MGR Online | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​បង្ហោះ​រូបថត​ព្រម​ជាមួយ​ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើនេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​កសាង​បំពង់​បង្ហូរ​ទឹក​នេះ មិន​មែន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋបាល​មូលដ្ឋាន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នោះ​ឡើយ។ ការ​កសាង​បំពង់​បង្ហូរ​ទឹក​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ភូមិ​ក្លាង ឃុំ​ក្លាង ស្រុក​តេជៈឧត្ដម ខេត្ត​អ៊ូប៊ុនរ៉ាត់ថានី ប្រទេស​ថៃ។

Avatar

Title:តើ​បំពង់​បង្ហូរ​ទឹក​ក្នុង​រូបថត​នេះ​ត្រូវ​បាន​សាង​សង់​ដោយ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​មែន​ទេ?

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *