
ការមិនគោរពច្បាប់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាយើង បានបង្កជាមូលហេតុនាំឲ្យមានការកកស្ទះ គ្រោះថ្នាក់ជាយថាហេតុ និងអំពើហិង្សានានាជាច្រើន។ ក្នុងចំណោមនោះ វីដេអូឃ្លីបមួយបង្ហាញក្មេងសិស្សសាលា ២នាក់ បានជិះម៉ូតូបង្ហោះ ភ្ជាប់ជាមួយនឹងរូបថតមនុស្ស២នាក់ស្ថិតនៅក្នុងមឈូស ត្រូវបានបង្ហោះឡើងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់។ ការបង្ហោះ ត្រូវបានចែកចាយ និងបញ្ចេញមតិជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតភ្ជាប់ដោយការអះអាងដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជាមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះវីដេអូឃ្លីបនៃការបង្ហោះម៉ូតូពីសំណាក់ក្មេងសិស្សសាលា២នាក់ រួមជាមួយនឹងរូបថតចំនួន២សន្លឹក ដែលក្នុងនោះបង្ហាញទិដ្ឋភាពមនុស្ស២នាក់ស្ថិតនៅក្នុងក្ដារមានសណ្ឋានជាហឹប សម្រាប់ដាក់សពមនុស្ស។ រូបថត និងវីដេអូឃ្លីបនេះ ត្រូវបានភ្ជាប់ជាមួយនឹងសំណេរថា «ពិតជាទំពាំងស្នងឫស្សីគួរឱ្យគោរព»។
ការអះអាងមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «គ្មានភាពជោគជ័យណាមួយកើតឡើងដោយគ្មានការលះបង់ និងដោយគ្មានការធ្វើពលិកម្មនោះទេ ពិតជាទំពាំងស្នងឫស្សីគួរឱ្យគោរព និងកោតសរសើរណាស់»។

ខាងក្រោមនេះ គឺជាវីដេអូឃ្លីបបង្ហាញទិដ្ឋភាពនៃការបង្ហោះម៉ូតូពីសំណាក់ក្មេងសិស្សសាលា។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១កន្លងទៅ បានបង្ហាញទិដ្ឋភាពរូបថតដូចគ្នាទាំងស្រុងទៅនឹងរូបថតភ្ជាប់ដោយអ្នកប្រើប្រាស់ខាងលើ។ គេហទំព័រដដែលនេះ បានបញ្ជាក់នៅក្នុងអត្ថបទរបស់ខ្លួនជាភាសាអង់គ្លេស ឬប្រែសម្រួលជាភាសាខ្មែរមានអត្ថន័យថា «រូបថតនេះ គឺជាទិដ្ឋភាពនៃការប្រារព្ធពិធីលើករាសី និងរំដោះគ្រោះមួយរបស់ប្រជាជនថៃ»។

រូបថតខាងក្រោមនេះ ក៏បានបង្ហាញទិដ្ឋភាពមួយទៀតនៃការធ្វើពិធីលើករាសីនៅក្នុងវត្តមួយ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១កន្លងទៅ។

វីដេអូឃ្លីបមួយដែលមានទម្រង់ និងភិនភាគដូចគ្នាទៅនឹងរូបថតនៃការដួលរបស់ក្មេងសិស្សសាលា២នាក់បានដួល ក៏ត្រូវបានរកឃើញនៅលើគេហទំព័រវីដេអូ YouTube ដែលបានបង្ហោះកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩កន្លងទៅផងដែរ។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីបបង្ហាញទិដ្ឋភាពការបង្ហោះម៉ូតូ និងការដួលរបស់សិស្សសាលា២នាក់។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថារូបថត ភ្ជាប់នឹងការលើកឡើងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ ការពិតច្បាប់ដើមនៃរូបថតនេះ គឺជាទិដ្ឋភាពនៃពិធីលើករាសី និងរំដោះគ្រោះមួយរបស់ប្រជាជនថៃ ដែលនេះមិនពាក់ព័ន្ធទៅនឹងការបង្ហោះម៉ូតូនោះឡើយ។

Title:តើនេះពិតជាទិដ្ឋភាពជនរងគ្រោះថ្នាក់ដោយសារការបង្ហោះម៉ូតូមែនដែរឬទេ?
Fact Check By: Kakada SimResult: Satire
