
ស្របពេលដែលព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនោះ រូបថតជាច្រើនសន្លឹកបង្ហាញទិដ្ឋភាពការតុបតែងទូក និងក្បួនប្រទីបយ៉ាងស្រស់ស្អាតក្នុងឱកាសបុណ្យអុំទូក ត្រូវបានបង្ហោះឡើងនៅលើបណ្ដាញសង្គម ដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់។ ការបង្ហោះខាងលើ ត្រូវបានចែកចាយ និងបញ្ចេញមតិជាច្រើនដង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនានា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា រូបថតបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះចំនួន ៤សន្លឹក បង្ហាញទិដ្ឋភាពក្បួនទូក ជាមួយក្បាច់តុបតែងបែបខ្មែរយ៉ាងស្អាតនៅតាមដងទន្លេមួយកន្លែង។ រូបថតទាំងឡាយនេះ ត្រូវបានភ្ជាប់ជាមួយនឹងការប្រារព្ធពិធីបុណ្យអុំទូក ដែលធ្វើឡើងកាលពីថ្ងៃទី២៦ ២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។
ការលើកឡើងបែបនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកយ៉ាងផុសផុល។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «ពិតជាស្រស់ស្អាតខ្លាំងណាស់ កម្ពុជាក្នុងសម័យសន្តិភាព ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំមានមោទនភាពខ្លាំងណាស់ ដែលបានឃើញកម្ពុជារីកចម្រើនបែបនេះ»។

Fact Crescendo Cambodia ក៏បានរកឃើញរូបភាពជាច្រើនសន្លឹក ត្រូវបានភ្ជាប់ និងបង្ហោះជាវីដេអូឃ្លីបនៅក្នុងគេហទំព័រ YouTube កាលពីពេលថ្មីៗនេះផងដែរ។
រូបថតបែបនេះ ក៏ត្រូវបានបង្ហោះ និងរកឃើញនៅលើគេហទំព័រ Cambodia Expats Online ផងដែរ។ សូមមើលរូបភាពផ្ដាមទាំងស្រុងខាងក្រោមនេះ។

Cambodia Expats Online Link | Archived Link
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបភាពទាំងនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតទិដ្ឋភាពក្បួនប្រទីបព្រះបរមរាជវាំង ក្រសួង និងសា្ថប័ននានា ត្រូវបានរកឃើញ និងបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ដែលពុំបានបង្ហាញទិដ្ឋភាពការតុបតែងទូក និងក្បួនប្រទីបយ៉ាងស្រស់ស្អាត ក្នុងឱកាសបុណ្យអុំទូកនៅកម្ពុជាដូចការបង្ហោះខាងលើនោះឡើយ។

ខាងក្រោមនេះ គឺជាទិដ្ឋភាពក្បួនប្រទីបព្រះបរមរាជវាំង ដែលត្រូវបានប្រទានភ្លើងជ័យ និងចាប់ផ្ដើមការដង្ហែប្រទីប។

ទិដ្ឋភាពទូទៅនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ឆ្នាំ២០២៣កន្លងទៅនេះ ក៏ត្រូវបានផ្សាយផ្ទាល់ដោយទូរទស្សន៍ជាតិកម្ពុជា ទទក ផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូរាយការណ៍របស់សារព័ត៌មាន Fresh News ដែលបានបង្ហាញទិដ្ឋភាពទូទៅនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកកាលពីខែវិច្ឆិកាកន្លងទៅនេះ។
Fresh News Report | Archived Link
កាលពីខែវិច្ឆិកាកន្លងទៅនេះ ក្រុមការងាររបស់ Fact Crescendo Cambodia ក៏បានផ្ទៀងផ្ទាត់រួចមកហើយដែរ នូវរូបភាពលោកយាយម្នាក់ ដែលត្រូវបានបង្កើតឡើងដោយកម្មវិធី AI ប៉ុន្តែត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនយកទៅសរសេររៀបរាប់ថា វាជារូបភាពការពិត ដែលលោកយាយមានអាយុរហូតទៅដល់ ៣០០ឆ្នាំ។ សូមមើលអត្ថបទទាំងស្រុងនៅទីនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះ ដោយអ្នកប្រើប្រាស់ខាងលើនេះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ រូបថតទាំងឡាយនេះ គឺត្រូវបានផលិតឡើងដោយបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិត (AI) តែប៉ុណ្ណោះ មិនមែនជាទិដ្ឋភាពជាក់ស្ដែងនោះឡើយ។

Title: រូបថតបង្ហាញប្រទីបដ៏ឆើតឆាយតាមដងទន្លេ គឺជារូបភាពកម្មវិធី AI ប៉ុណ្ណោះ
Written By: Kakada SimResult: Altered
