រូប​ថត​លោក​ ប៊ូខាវ​ មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​​ ត្រូវ​បាន​ផ្សាយ​ឡើង​​វិញ​

Misleading Social

ខណៈ​ពេល​កម្ពុជា​​បាន​​​នឹង​កំពុង​ទទួល​រៀបចំ​ និង​ស្វាគមន៍​កីឡាករ​ និង​កីឡាករនី​ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការ​ណ៍ប្រកួត​​ស៊ីហ្គេម​លើ​ក​ទី​៣២ ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​០៥​ ដល់​​ថ្ងៃទី​១៧​ ខែ​ឧសភា ឆ្នាំ​២០២៣​ខាង​មុខ​​នេះ​ រូប​ថត​​កំពូល​កីឡា​ករ​ប្រដាល់​ថៃ ប៊ូខាវ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​បាន​អះ​អាង​ថា​ លោក​បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​យើង​ហើយ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ដង​។​ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការផ្សព្វ​​ផ្សាយ​ខាង​លើ​ គឺ​ធ្វើ​ឱ្យមាន​ការ​យល់​ច្រឡំ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មេសា​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «31Sports»​ បាន​ចែក​ចាយ​រូប​​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក ​Buakaw Banchamek (​ប៊ូ​ខាវ​​) ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ លោក​បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​។​ ការ​បង្ហោះនេះ​ បាន​​កើត​ឡើង​ស្រប​ពេល​កីឡា​គុន​ខ្មែរ និង​កីឡា​មួយថៃ​ បាន​ក្លាយ​ជា​​ប្រធាន​បទ​​នៃ​​ការ​​ជជែក​ដេញ​ដោល​ និង​បញ្ចេញ​មតិ​​​​ជា​​រឿយៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ទាំង​សងខាង​​។​

ការ​ផ្សព្វផ្សាយ​​ខាង​លើ​​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​​ ដែល​បាន​រៀប​រាប់​ភ្ជាប់​​​ថា​ «ប៊ូខាវ​ បាន​​មក​​ដល់​​ប្រទេស​​កម្ពុ​ជា​យើង​ហើយ​ 🇰🇭»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​​ គឺ​ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ក្នុង​ស្រុក​ BTV News​ កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​កក្កដា​ ឆ្នាំ​២០២២​កន្លង​ទៅ​។​ នៅ​ក្នុងអត្ថបទ​សារព័ត៌មាន​ខាង​លើ​នេះ​ បាន​បញ្ជាក់​ថា​ កីឡាករ​ប្រដាល់​លោក​ ប៊ូខាវ​ បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​យើង​ កាលពីល្ងាច​​ថ្ងៃទី​០៣​ ខែក​ក្កដា​ ដើម្បី​ចូល​រួម​ប្រកួត​នៅ​ក្នុង​កម្មវីធី​ប្រដាល់​ World Fight ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៦​ ខែកក្កដា​ នា​ពហុ​​កីឡដ្ឋា​ន​ជា​តិ​មរត​ក​តេ​ជោ​។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​ខាង​លើ​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​លោក​ ប៊ូខាវ​ នៅ​អាកាសយា​នដ្ឋានអ​ន្តរជាតិ​ភ្នំពេញ​។

BTV News Report | Archived Link

ដូច​គ្នា​នេះ​ វីដេអូ​ឃ្លីប​​​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​​គេហទំព័រ​ហ្វេសប៊ុក​ BTV Cambodia កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​កក្កដា​ ឆ្នាំ​២០២២​ផង​ដែរ​​។​ វីដេអូ​ខាង​ក្រោម​ បាន​បង្ហាញ​ទិដ្ឋភាព​ការមក​ដល់​ប្រទេស​កម្ពុជា ​របស់​កីឡាករ​ប្រដាល់​មួយ​ថៃលោក​ Buakaw Banchamek (​ប៊ូ​ខាវ​​) ដើម្បី​​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ប្រកួត​​ «​សង្វៀ​ន​គុ​ន​ខ្មែរ​ជើងឯក​ពិភពលោក​ ឬ​​ World Fight Tournament 2022» ​នៅ​ថ្ងៃ​ទី​០៦​ ខែ​កក្ក​ដា​ នា​​ពហុ​​កីឡដ្ឋា​ន​ជា​តិ​មរត​ក​តេ​ជោ​។​ ព័ត៌មាន​នៃ​ការ​មក​ដល់​​របស់​លោក​ គឺ​ជា​ព័ត៌មាន​ចាស់​ ដែល​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ​។​

https://www.facebook.com/BTVCambodia/videos/602413514513346/

Facebook Link | Archived Link

ការ​មក​ដល់​ប្រទេស​កម្ពុជា​ពី​សំណាក់​កំពូល​កីឡាករ​ប្រដាល់​លោក​ ប៊ូខាវ​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០២២​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ និង​បង្ហោះ​នៅ​តាម​បណ្ដា​គេហទំព័រ​សារព័ត៌មាន​នា​នា​ផង​ដែរ​។​ សូម​អាន​ព័ត៌​មាន​លម្អិត​នៅ​ទីនេះ​ ឬ​នៅ​ទីនេះ​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​លើក​ឡើង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ​ គឺ​ធ្វើ​ឱ្យ​មាន​ការ​​យល់​ច្រឡំ​​។​ ការ​ពិត​​ រូប​ថត​នោះ​ គឺ​ជា​ទិដ្ឋភាព​កីឡាករ​ប្រដាល់​ថៃ​លោក​ ប៊ូខាវ​ មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០២២​កន្លង​ទៅ​ ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ «​សង្វៀ​ន​គុ​ន​ខ្មែរ​ជើងឯក​ពិភពលោក​ ឬ​​ World Fight Tournament 2022»។​

Avatar

Title:រូប​ថត​លោក​ ប៊ូខាវ​ មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​​ ត្រូវ​បាន​ផ្សាយ​ឡើង​​វិញ​

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *