សារព័ត៌មានជាច្រើននៅកម្ពុជា បានចុះផ្សាយព្រោងព្រាតកាលពីថ្ងៃទី១០ ខែមិថុនាកន្លងមកនេះ នូវព័ត៌មានដែលនិយាយថា ស្ត្រីជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ បានផ្ដល់កំណើតដល់កូនភ្លោះរហូតដល់ ១០នាក់។
ក្នុងចំណោមនោះ ទំព័រហ្វេសប៊ុករបស់ទស្សនាវដ្ដីប្រជាប្រិយ Popular Stars បានចុះផ្សាយព័ត៌មាននេះជាវីដេអូមានចំណងជើងថា «ម្ដងគ្រប់ទឹក! ស្ត្រីម្នាក់បំបែកកំណត់ត្រាពិភពលោក កើតកូនបានរហូតដល់ ១០នាក់»។
ព័ត៌មាននេះ ត្រូវបានផលិតទៅជាវីដេអូ និងចែកចាយនៅលើបណ្ដាញសង្គមផងដែរ ហើយក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមដូចទស្សនា និងចែករំលែកបន្តរហូតដល់រាប់រយពាន់ដង។
នេះគឺជាតំណភ្ចាប់នៃវីដេអូដែលត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម (Here is a video which was virally published on social media.)
ក្រៅពីទស្សនាវដ្ដីប្រជាប្រិយ ព័ត៌មាននេះក៏ត្រូវបានចុះផ្សាយដោយសារព័ត៌មានរស្មីកម្ពុជា ដែលបានចែករំលែកព័ត៌មាននេះជាវីដេអូនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរនៅក្នុងថ្ងៃនោះ។
ព័ត៌មានជាវីដេអូដែលត្រូវបានដាក់ចំណងជើងថា «ស្ត្រីអាហ្វ្រិកខាងត្បូងម្នាក់អះអាងថាសម្រាលកូនភ្លោះ១០នាក់»នោះ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចូលទស្សនារាប់ម៉ឺនដងផងដែរ។
នេះគឺជាតំណភ្ចាប់នៃវីដេអូដែលត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម (Here is a video which was virally published on social media.)
សារព័ត៌មាននានានៅក្នុងប្រទេសកម្ពុជា បានចុះផ្សាយបែបនេះ បន្ទាប់ពីមានសារព័ត៌មានអន្តរជាតិនានា ក្នុងនោះមានទាំងសារព័ត៌មាន BBC របស់អង់គ្លេសផងដែរ បានចុះផ្សាយព្រោងព្រាតអំពីដំណឹងនេះ។
ប៉ុន្តែ បន្ទាប់ពីព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយព្រោងព្រាតលើបណ្ដាញសង្គមមក Fact Crescendo Cambodia ក៏ចាប់ផ្ដើមពិនិត្យមើលព័ត៌មាននេះបន្ថែមតាមរយៈការស្វែងរកព័ត៌មានថ្មីៗបន្ថែមទៀតដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមានកេរ្តិ៍ឈ្មោះធំៗ។
កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងមកថ្មីៗនេះ សារព័ត៌មាន BBC របស់អង់គ្លេស បានចុះផ្សាយថា ព័ត៌មានដែលនិយាយថា ស្ត្រីអាហ្វ្រិកខាងត្បូងម្នាក់បានផ្ដល់កំណើតដល់កូន ១០នាក់នោះ មិនមែនជារការពិតនោះឡើយ។
ការពិតទៅ សារព័ត៌មានអង់គ្លេសមួយនេះ ក៏បានចុះផ្សាយព័ត៌មានអំពីការផ្ដល់កំណើតកូនភ្លោះ ១០នាក់របស់ស្ត្រីរូបនេះផងដែរកាលពីថ្ងៃទី០៩ ខែមិថុនា មុននឹងចុះផ្សាយអត្ថបទមួយបន្ថែមទៀតនៅរយៈពេលជាង ១០ថ្ងៃក្រោយមក។
សារព័ត៌មាន BBC បានចុះផ្សាយបែបនេះ បន្ទាប់ពីរដ្ឋបាលខេត្ត Guateng បានបញ្ជាក់ថា គ្មានមន្ទីរពេទ្យណាមួយនៅក្នុងខេត្តមួយនេះ បញ្ជាក់ពីកំណត់ត្រានៃការបង្កើតកូនបែបនេះទេ។
សារព័ត៌មានអង់គ្លេសមួយនេះ បានឱ្យដឹងផងដែរថា ស្ត្រីវ័យ ៣៧ឆ្នាំខាងលើនេះ ត្រូវបានដាក់ឱ្យត្រួតពិនិត្យ និងផ្ដល់ការគាំទ្រលើសុខភាពផ្លូវចិត្ត។
ប៉ុន្តែ សារព័ត៌មាន BBC បានបញ្ជាក់ថា រដ្ឋបាលខេត្តមួយនេះ មិនបានបញ្ជាក់ពីហេតុផលដែលមានការប្រឌិតព័ត៌មាននេះឡើងនោះឡើយ។
ចំណែកឯក្រុមហ៊ុន Independent Online (IOL) ដែលជាក្រុមហ៊ុនគ្រប់គ្រងលើសារព័ត៌មាន Pretoria News បានបន្តលើកឡើងថា អ្នកស្រី Sithole បានឆ្លងទន្លេនៅថ្ងៃទី០៧ ខែមិថុនា នៅឯមន្ទីរពេទ្យ Steve Biko Academic Hospital (SBAH) ស្ថិតនៅទីក្រុង Pretoria ដោយនិយាយថា បុគ្គលិកមន្ទីរពេទ្យនេះរៀបចំមិនបានត្រឹមត្រូវ។
សារព័ត៌មានមួយនេះ បានចោទមន្ទីរពេទ្យ និងអាជ្ញាធរសុខាភិបាលខេត្តថា ព្យាយាមបិទបាំងការធ្វេសប្រហែសខាងវេជ្ជសាស្ត្រ។
ការពិតទៅ សារព័ត៌មានក៏បានចុះផ្សាយព័ត៌មាននេះផងដែរកាលពីថ្ងៃទី០៩ ខែមិថុនា ដោយផ្អែកតែទៅលើការចុះផ្សាយរបស់សារព័ត៌មាន Pretoria News និងប្រភពមិនច្បាស់លាស់ ដែលអះអាងអំពីការផ្ដល់កំណើតកូន១០នាក់នេះ ប៉ុន្តែ បញ្ជាក់ថា មិនទាន់បានឃើញទារកនៅឡើយទេ។
បើតាមអត្ថបទរបស់ខ្លួន សារព័ត៌មាន Pretoria News បានចុះផ្សាយព័ត៌មាននេះដោយផ្អែកតាមសម្ដីរបស់លោក Teboho Tsotetsi ស្វាមីរបស់អ្នកស្រី Sithole ដែលប្រាប់អំពីដំណឹងនេះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Africa News រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង ក៏បានចេញមកបញ្ជាក់ជាផ្លូវការថា គ្មានកំណត់ត្រារបស់ពេទ្យបញ្ជាក់ថា ស្ត្រីរូបនេះផ្ដល់កំណើតដល់កូនភ្លោះ ១០នាក់នោះឡើយ។
ចំណែកឯសារព័ត៌មាន New York Post របស់អាមេរិកវិញ បានចុះផ្សាយកាលពីថ្ងៃទី២១មិថុនាថា អ្នកស្រី Sithole ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីវាយតម្លៃផ្លូវចិត្តហើយ បន្ទាប់ពីមានការចោទសួរថា តើស្ត្រីរូបនេះពិតជាបានផ្ដល់កំណើតដល់កូនភ្លោះ ១០នាក់មែន ឬក៏មិនមែននោះ។
រីឯសារព័ត៌មាន Daily Sabah បានផ្សាយថា ក្រុមគ្រួសាររបស់ស្ត្រីរូបនេះ បានបញ្ជាក់ថា ព័ត៌មាននេះ មិនទាន់អាចបញ្ជាក់បានឡើយ ដោយសារតែក្រុមគ្រួសារមិនទាន់បានឃើញកូន និងអ្នកស្រី Sithole នៅឡើយ។
សារព័ត៌មានមួយនេះ បានចុះផ្សាយបែបនេះ បន្ទាប់ពីបានសម្ភាសជាមួយលោក Tebogo Tsotetsi ដែលជាមិត្តប្រុសរបស់អ្នកស្រី Sithole។
លោក Tsotetsi បានបញ្ជាក់ថា លោកមិនទាន់បានជួបមុខមិត្តស្រី និងកូនៗរបស់លោកនៅឡើយទេ បើទោះបីលោកព្យាយាមជាច្រើនលើកក៏ដោយ។
ទោះជាយ៉ាងណា លោកបញ្ជាក់ថា លោកទទួលបានព័ត៌មានពីការផ្ដល់កំណើតដល់កូនភ្លោះ ១០នាក់នេះពីមិត្តស្រីរបស់លោកតែប៉ុណ្ណោះ ដោយលោកមិនទាន់បានឃើញទារកទាំងនោះនៅឡើយទេ។
Fact Crescendo Cambodia នឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពនៃព័ត៌មាននេះបន្ថែមទៀត នៅពេលដែលការពិតត្រូវបានបញ្ជាក់ដោយច្បាស់លាស់នោះ៕
