
ខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតចូលមកដល់នៅដើមខែមិថុនាខាងមុខនេះ រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេអះអាងថា បានធ្វើឱ្យមនុស្សជាង ៣លាននាក់ស្លាប់ ហើយថា ចំនួននេះច្រើនជាងតួលេខមនុស្សស្លាប់នៅក្នុងរបបខ្មែរក្រហមទៅទៀត។ ការអះអាងនេះ ត្រូវបានចែករំលែកជាច្រើនដងទៅតាមក្រុមបណ្ដាញសង្គមជាច្រើន ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បានបញ្ចេញមតិក្នុងន័យជឿទៅលើការអះអាងនេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងទៅលើឯកសារសិក្សាស្រាវជ្រាវនានា បង្ហាញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២០ ខែមេសាកន្លងមក អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានអះអាងថា របបខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត បានបណ្ដាលឱ្យមនុស្សជាង ៣០ម៉ឺននាក់ស្លាប់ ប៉ុន្តែ របបដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋស្លាប់ជាង ៣លាននាក់ ប្រជាជនជិត ១លាននាក់ ធ្លាក់ខ្លួនពិការ ស្ត្រីមេម៉ាយជិត ១លាននាក់ និងរត់ចោលប្រទេសកំណើតជាង ១លាននាក់។
ការអះអាងនេះ ត្រូវបានចែករំលែកទៅកាន់ក្រុមបណ្ដាញសង្គមជាច្រើន ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនបានបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបទៅនឹងការអះអាងនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីការអះអាងនៅលើបណ្ដាញសង្គមដែលរៀបរាប់ថា «បើទោះជាប៉ុលពតមិនបានសម្លាប់ខ្មែរដោយផ្ទាតល់ ប៉ុន្តែ ជំនាន់របស់លោក ធ្វើអោយមនុស្សស្លាប់ជាង៣០ម៉ឺននាក់ ដែលជាការទទួលខុសត្រូវតិចតួចជាងរបបហ៊ុនសែន ដែលធ្វើអោយខ្មែរស្លាប់ជាង៣លាននាក់ ពិការជិត១លាននាក់ ស្ត្រីមេម៉ាយជតិ១លាននាក់ រត់ចោលស្រុកជាង១លាននាក់ នេះយើងមិនទាន់គិតពីការបំផ្លាញប្រទេសជាតិ ទឹកដី ព្រៃឈើផង!»។

ការត្រួតពិនិត្យការពិត
Facebook Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការពិនិត្យមើលឯកសារប្រវត្តិសាស្ត្រសិក្សាស្រាវជ្រាវដោយប្រវត្តិវិទូអន្តរជាតិ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
លោក Ben Kiernan ប្រវត្តិវិទូ និងជាអ្នកសិក្សាស្រាវជ្រាវជនជាតិអាមេរិកដើមកំណើតអូស្ត្រាលី បានសន្និដ្ឋានថា តួលេខពលរដ្ឋកម្ពុជាដែលស្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ស្ថិតនៅចន្លោះពី ១.៦៧១លាននាក់ ទៅ ១.៨៧១លាននាក់ ឬចន្លោះពី ២១ ទៅ ២៤ភាគរយនៃប្រជាជនកម្ពុជាសរុបនៅឆ្នាំ១៩៧៥។
សម្រាប់ព័ត៌មានលម្អិត សូមអានឯកសារសិក្សាស្រាវជ្រាវទាំងស្រុងរបស់លោក Ben Kiernan មានចំណងជើងថា «THE DEMOCRAPHY OF GENOCIDE IN SOUTHEAST ASIA: The Death Tolls in Cambodia, 1975-79, and East Timor, 1975-80» ចេញផ្សាយនៅឆ្នាំ២០០៣។
ចំណែកលោក Patrick Heuveline ដែលជាអ្នកជំនាញផ្នែកប្រជាសាស្ត្រនៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៅទីក្រុងឡូសអ៊ែនជែលែស សហរដ្ឋអាមេរិក បានសន្និដ្ឋានថា ពលរដ្ឋកម្ពុជាជាង ២លាននាក់ បានស្លាប់នៅអំឡុងភាពវឹកវរខាងនយោបាយនៅទសវត្សរ៍១៩៧០ ហើយចំនួនភាគច្រើនស្លាប់នៅក្នុងរបបខ្មែរក្រហមដែលមានរយៈពេលមិនដល់ ៤ឆ្នាំផង។
សម្រាប់ព័ត៌មានលម្អិត សូមអានការសិក្សាទាំងស្រុងរបស់លោក Patrick Heuveline មានចំណងជើងថា «The Demographic Analysis of Mortality Crises: The Case of Cambodia, 1970-1979»។
រីឯការសិក្សាមួយទៀតធ្វើឡើងដោយប្រវត្តិវិទូបារាំង លោក Henri Locard បានសន្និដ្ឋានថា ពលរដ្ឋកម្ពុជាប្រហែល ២៥ភាគរយ ឬខ្ទង់ ១.៩៥លាននាក់ នៃចំនួនប្រជាជនសរុប ៧.៨លាននាក់នៅឆ្នាំ១៩៧៥ ត្រូវបានសម្លាប់នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
សម្រាប់ព័ត៌មានលម្អិតនៃការសិក្សារបស់លោក Henri Locard សូមអានសៀវភៅមានចំណងជើងថា «State Violence in Democratic Kampuchea (1975–1979) and Retribution (1979–2004)»។
តើរបបដឹកនាំដោយលោក ហ៊ុន សែន ធ្វើឱ្យមនុស្សស្លាប់ជាង ៣លាននាក់មែនឬទេ?
របាយការណ៍របស់ក្រុមសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានឱ្យដឹងថា មនុស្សរាប់រយនាក់មានសមាជិកបក្សប្រឆាំង អ្នកសារព័ត៌មាន មេដឹកនាំសហជីព និងអ្នកដទៃទៀត ត្រូវបានសម្លាប់ពាក់ព័ន្ធនឹងនយោបាយនៅក្រោមរបបដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អស់រយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ។
សូមអានព័ត៌មានលម្អិតនៃរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) មានចំណងជើងថា «30 Years of Hun Sen: Violence, Repression, and Corruption in Cambodia» ដែលចេញផ្សាយកាលពីដើមឆ្នាំ២០១៥ ចំខួប ៣០ឆ្នាំនៃការកាន់អំណាចរបស់លោក ហ៊ុន សែន។
ទោះជាយ៉ាងណា គ្មានការសិក្សាស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវ ដើម្បីបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជារហូតដល់ទៅជាង ៣លាននាក់ ត្រូវបានសម្លាប់នៅក្នុងរបបដឹកនាំដោយលោក ហ៊ុន សែន នោះឡើយ។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ការសិក្សាស្រាវជ្រាវដោយប្រវត្តិវិទូអន្តរជាតិ សុទ្ធតែបង្ហាញថា ពលរដ្ឋកម្ពុជាច្រើនជាង ១លាននាក់ បានស្លាប់នៅក្នុងរបបខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត។ នៅក្រោមរបបដឹកនាំដោយលោក ហ៊ុន សែន មនុស្សរាប់រយនាក់ ត្រូវបានគេសម្លាប់ជាប់ពាក់ព័ន្ធនឹងនយោបាយ។

Title:តួលេខមនុស្សស្លាប់ក្នុងរបបខ្មែរក្រហម និងរបបបច្ចុប្បន្ន ត្រូវបានអះអាងដោយមិនត្រឹមត្រូវ
Fact Check By: Jay UdomResult: Misleading
