Fact-Check: តើ​ក្មេង​ប្រុសម្នាក់​​​បង្ហាញ​ចង្អុល​ដៃ​កណ្ដាល​ដាក់​មេដឹកនាំ​យោធា​ភូមា​មែន​ទេ?

Altered International

ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ភូមា​ដែល​ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍ មិន អ៊ុងលាំង ក្រោយ​​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លងមក​នោះ នៅ​តែត្រូវ​បាន​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ហើយ​ចែក​រំលែក​តៗ​គ្នា​ជាមួយ​ការ​អះ​អាង​ថា ក្មេង​ប្រុស​ម្នាក់​ក្លាហាន​ហ៊ាន​បង្ហាញ​ម្រាម​ដៃ​កណ្ដាល​ដាក់​លោក មិន អ៊ុងលាំង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បង្ហាញ​ថា រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មិថុនា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹកបង្ហាញ​ឧត្ដមសេនីយ៍ មិន អ៊ុងលាំង (Min Aung Hlaing) និង​មន្ត្រី​យោធា​ដទៃ​ទៀត បាន​ឈរ​នៅ​ចំពោះ​មុខ​ក្មេង​ប្រុស​ម្នាក់​ដែល​លើក​ម្រាម​ដៃ​កណ្ដាល។ គណនី​ហ្វេសប៊ុក​នេះ អះ​អាង​ថា ក្មេង​ប្រុស​ម្នាក់​នោះ បាន​លើក​ម្រាម​ដៃ​កណ្ដាល​ជា​សញ្ញា​បង្ហាញ​ការ​តវ៉ា​ទៅ​នឹង​មេដឹកនាំ​យោធា​ភូមា​រូប​នេះ ដែល​បាន​ដឹកនាំ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត។

រូបថត​ជាមួយ​សំណេរ​នៃ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «យុវជន​វ័យ​ក្មេង​ជន​ជាតិ​ភូមា​ម្នាក់​បាន​លើក​ម្រាម​ដៃ​ចង្អុល​អុល​ដៃ​ដាក់​ចំ​មុខ​មេ​រដ្ឋ​ប្រហារ Min Ung [Aung] Hlaing ហើយ​សួរ​ថា៖ តើ​លោក​ឯង​ចង់​បាន​អំណាច​ដោយសារ​ប្លន់​គេ​មក​ធ្វើ​អ្វី? ប្រភព​បាន​ឱ្យ​ដឹង​ថា៖ មេរដ្ឋ​ប្រហារ​រូប​នេះ​ខឹង​ដោះ​មួក​ពី​ក្បាល​សំឡឹង​ចំ​មុខ​ក្មេង​នោះ…»។

Facebook Post | Archived Link

រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​​គណនី​ហ្វេសប៊ុក​យុវជន​សកម្ម ​គណបក្ស​​មហា​សាមគ្គី​ជាតិ​ខ្មែរ បង្ហោះ​លើ​បណ្ដាញ​សង្គម និង​ចែក​រំលែក​ទៅ​គ្រុប​នានា​ផង​ដែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​យុវជន​សកម្ម គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ រៀបរាប់​ថា «ពិត​ជា​មិន​ធម្មតា​ទេ មើល​សញ្ញា​ដៃ​បុរស​ម្នាក់​គាត់​ធ្វើ​ដាក់​លោក ម៉ីង អ៊ុងឡាំង តើ​មាន​ន័យ​ដូចម្ដេច? តែ​ពេល​នេះ មិន​ដឹង​ថា វាសនា​គាត់​ទៅ​យ៉ាងណា​ទេ?»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​ Google ដែល​នាំ​ឱ្យ​យើង​បាន​ប្រទះ​ឃើញ​រូបថត​ដើម និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​ដើម​នោះ។

រូបថត​ដើម​ដែល​បង្ហាញ​រូប​មេដឹកនាំ​ភូមា​រូប​នេះ ត្រូវ​បាន​រក​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​មួយ​នៃ​សារព័ត៌មាន The Global New Light of Myanmar កាល​ពីថ្ងៃ​ទី​០៣ ខែ​ឧសភា ​ឆ្នាំ​២០១៥​កន្លង​មក។ រូបថត​ដើម បាន​បង្ហាញ​រូប​ឧត្ដមសេនីយ៍ មិន អ៊ុងលាំង មន្ត្រី​យោធា​ជាន់​ខ្ពស់​ដទៃ​ទៀត ស្ត្រី ៤​នាក់ និង​បុរស​ម្នាក់​អង្គុយ​លើ​គ្រែ​ជាមួយ​អាការៈ​របួស​ដៃ។ រូបថត​មួយ​សន្លឹក​នេះ មិន​មាន​រូប​ក្មេង​ប្រុស​នោះ​ឡើយ។

បើ​តាម​អត្ថបទ​របស់​សារព័ត៌មាន​ដដែល​នេះ លោក មិន អ៊ុងលាំង និង​ភរិយា​របស់​លោក អ្នកស្រី ឃ្យូ ឃ្យូ ឡា (Kyu Kyu Hla) បាន​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ​នៅ​ឯ​មន្ទីរ​ពេទ្យ​យោធា ស្ថិត​នៅ​ក្នុង​សង្កាត់មីងហ្កាឡាដន នៅ​ជាយ​ទីក្រុង​រ៉ង់ហ្គូន។

The Global New Light of Myanmar | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​មួយ​សន្លឹក​ដូច​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​​បង្ហាញ​លោក​ឧត្ដមសេនីយ៍ មិន អ៊ុងលាំង ត្រូវ​បាន​កាត់​ត​ពី​រូបថត​ដើម។ រូបថត​ដើម បង្ហាញ​លោក មិន អ៊ុងលាំង និង​ភរិយា​របស់​លោក រួម​ជាមួយ​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​ភូមា បាន​ជួប​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ​នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​នៅ​ជាយ​ទីក្រុង​រ៉ងហ្គូន កាល​ពី​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៥។

Avatar

Title:តើ​ក្មេង​ប្រុសម​្នាក់​​បង្ហាញ​ចង្អុល​ដៃ​កណ្ដាល​ដាក់​មេដឹកនាំ​យោធា​ភូមា​មែន​ទេ?

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *