
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា និងជាគូប្រជែងដ៏ខ្លាំងក្លាជាមួយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនោះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមក។ ប៉ុន្តែ ឈ្មោះ ស្លាកសញ្ញាគណបក្ស និងអ្វីៗជាច្រើនទៀតពាក់ព័ន្ធនឹងបក្សប្រឆាំងមួយនេះ ត្រូវបានលើកនៅលើបណ្ដាសង្គមជាបន្តបន្ទាប់។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកដែលបង្ហាញក្មេងស្រីគូរស្លាកសញ្ញាគណបក្សប្រឆាំងនៅលើក្ដារខៀន ត្រូវបានចែករំលែកលើបណ្ដាញសង្គមហ្វេសប៊ុក ហើយត្រូវបានចែករំលែកបន្តជាច្រើនដង រួមជាមួយការចុច«ពេញចិត្ត» ឬ«ស្រឡាញ់»ជាច្រើនផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia រកឃើញថា រូបថតមួយសន្លឹកនេះ ត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩កន្លងមក គណនីហ្វេសប៊ុកមួយបានបង្ហោះនូវរូបថត ៣សន្លឹក ដែលរូបថតមួយសន្លឹក បង្ហាញក្មេងស្រីម្នាក់គូរស្លាកសញ្ញាគណបក្សសង្គ្រោះជាតិនៅលើក្ដារខៀនពណ៌ខ្មៅ។
រូបថតជាមួយនឹងសំណេរនៃការបញ្ចេញមតិផ្ទាល់ខ្លួនរបស់អ្នកប្រើហ្វេសប៊ុកមួយនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយការបញ្ចេញប្រតិកម្ម និងមតិជាច្រើនផងដែរ។
ការបង្ហោះរូបថតជាមួយនឹងសំណេរបញ្ចេញមតិផ្ទាល់ខ្លួននេះ បានលេចនៅលើបណ្ដាញសង្គមឡើងវិញ ក្រោយវាបានវិលរយៈពេលពីរខួបនៅចំថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុកខាងលើដែលបង្ហោះជាមួយរូបថតក្មេងស្រីម្នាក់។

ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើរូបថតមួយសន្លឹកនេះតាមរយៈ Google Reverse Image ដែលនាំឱ្យយើងបានជួបប្រទះនឹងរូបថតដើម និងប្រភពនៃរូបថតមួយសន្លឹកនេះ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញនៅលើគម្របសៀវភៅមួយក្បាល ដែលត្រូវបានដាក់លក់នៅលើវេបសាយ Amazon ដែលជាផ្សារលក់រាយអនឡាញដ៏ធំមួយរបស់សហរដ្ឋអាមេរិក។
រូបថតមួយសន្លឹកនេះ ត្រូវបានបោះពុម្ពនៅលើគម្រប់សៀវភៅ«Teaching Academic Writing» របស់អ្នកនិពន្ធ Thomas Baker ដែលបោះពុម្ពផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២កន្លងមក ឬ ៧ឆ្នាំមុនការបង្ហោះរូបថតក្មេងស្រីនេះ។
រូបថតនៅលើគម្របសៀវភៅនោះ បង្ហាញក្មេងស្រីម្នាក់អង្គុយបែបលុតជង្គង់នៅមុខក្ដារខៀន ដែលមានសំណេរថា «Teaching Academic Writing» ឬដែលអាចប្រែសម្រួលជាភាសាខ្មែរថា «ការបង្រៀនសរសេរតាមទ្រឹស្ដីសិក្សា» ជាសៀវភៅមានសារសំខាន់សម្រាប់គ្រូបង្រៀន និងសិស្សផងដែរ។

រូបថតមួយសន្លឹកនៅលើសៀវភៅនេះ ក៏ត្រូវបានកាត់តផងដែរ មុននឹងបោះពុម្ពនៅលើគម្របសៀវភៅមួយនេះ ដែលបានមិនផ្ដល់ព័ត៌មានលម្អិតនៃរូបថតនេះឡើយ។
ប៉ុន្តែ ការដំណើរការផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី TinEye បាននាំឱ្យយើងប្រទះរូបថតច្បាប់ដើម និងព័ត៌មានមួយចំនួនអំពីរូបថតនេះ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញនៅលើវេបសាយសោតទស្សន៍ shutterstock ដែលផ្ដល់ព័ត៌មានឱ្យដឹងថា ក្មេងស្រីនៅក្នុងរូបថតនេះ គឺជាកូនសិស្សសាលានៅក្នុងប្រទេសឡាវ។

បើតាមគេហទំព័រសោតទស្សន៍ Dreamstime រូបថតមួយសន្លឹកនេះ ត្រូវបានថតដោយលោក Erik De Graaf ជាអ្នកថតរូបជនជាតិហូឡង់។


សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតដូចបានរៀបរាប់ខាងលើ មិនត្រឹមត្រូវទេ។ រូបថតមួយសន្លឹកនេះ ត្រូវបានកាត់ត មុននឹងបង្ហោះនៅលើបណ្ដាញសង្គម។ ច្បាប់ដើមនៃរូបថតនេះ ត្រូវបានបោះពុម្ពផ្សាយនៅលើសៀវភៅ «Teaching Academic Writing» បង្ហាញក្មេងស្រីម្នាក់អង្គុយបែបលុតជង្គង់នៅមុខក្ដារខៀនពណ៌ខ្មៅ និងគ្មានស្លាកសញ្ញាគណបក្សសង្គ្រោះជាតិនោះឡើយ។

Title:តើក្មេងស្រីម្នាក់គូរស្លាកសញ្ញាគណបក្សសង្គ្រោះជាតិលើក្ដារខៀនមែនទេ?
Fact Check By: Jay UdomResult: Altered
