
កាលពីចុងឆ្នាំ២០១៩កន្លងមក លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសពីគម្រោងមាតុភូមិនិវត្តន៍របស់លោកមកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលចំនឹងថ្ងៃប្រទេសកម្ពុជាប្រារព្ធបុណ្យឯករាជ្យជាតិប៉ុន្តែ គម្រោងមាតុភូមិនិវត្តន៍នេះ មិនបានកើតឡើងនោះឡើយ។
ប៉ុន្មានខែមុនថ្ងៃទី០៩ វិច្ឆិកា សារជាច្រើនត្រូវបានចែករំលែក និងអំពាវនាវតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកទៅកាន់ប្រជាពលរដ្ឋកម្ពុជា ឱ្យទៅចូលរួមទទួលដំណើរមាតុភូមិនិវត្តន៍របស់មេបក្សប្រឆាំងរូបនេះ។ ក្នុងចំណោមនោះ គណនីហ្វេសប៊ុកមួយបានបង្ហោះរូបថតយុវតីម្នាក់ឈរកាន់ផ្ទាំងក្រដាសមួយសន្លឹក ដែលបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់នាងទៅចូលរួមទទួលដំណើរមាតុភូមិនិវត្តន៍របស់មេបក្សប្រឆាំង។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិតរកឃើញថា រូបថតរបស់យុវតីរូបនោះ ត្រូវបានកែប្រែ។
ការអះអាងលើបណ្ដាញសង្គម
កាលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩កន្លងមក គណនីហ្វេសប៊ុកមួយ បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញយុវតីម្នាក់ឈរកាន់ផ្ទាំងក្រដាសសមួយសន្លឹកជាមួយការសរសេររៀបរាប់ថា «ខ្ញុំ!ត្រៀមទទួលលោក សម រង្ស៊ី ចុះអ្នកវិញ?» ដែលជាសារកៀរគរក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឱ្យទៅទទួលគម្រោងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក។
គណនីហ្វេសប៊ុកមួយនេះ បានចែករំលែកនូវរូបថតមួយសន្លឹកជាមួយសំណេរបែបនោះទៅក្នុងគ្រុបហ្វេសប៊ុកមួយដែលមានសមាជិករហូតដល់ទៅជិត ៦សែនគណនីហ្វេសប៊ុក។
រូបភាពផ្ដាមចេញពីគណនីហ្វេសប៊ុកនោះ សរសេររៀបរាប់ថា «ខ្ញុំត្រៀមទទួលលោក សម រង្ស៊ី។ ចុះអ្នកវិញ?»។
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ រូបថតយុវតីរូបនេះ ក៏ត្រូវបានបង្ហោះចូលនៅលើបណ្ដាញសង្គមជាថ្មីម្ដងទៀតដោយគណនីហ្វេសប៊ុកមួយផ្សេងទៀត ដែលរូបថតនោះបង្ហាះយុវតីដដែលនេះ កាន់ក្រដាសសមួយសន្លឹកជាមួយសំណេរថា «តើយើងនឹងឈប់ភ្លើងនៅពេលណា?»។
ខាងក្រោមនេះគឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់គណនីហ្វេសប៊ុកមួយនេះ ដែលបង្ហោះរូបថតមួយសន្លឹកបង្ហាញយុវតីម្នាក់ឈរកាន់ផ្ទាំងបដារសរសេរថា «តើយើងនឹងឈប់ភ្លើនៅពេលណា?»។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើរូបថតមួយសន្លឹកនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យយើងបានឃើញរូបថតដើម និងព័ត៌មានលម្អិតនៃរូបថតនេះ។
រូបថតនៃយុវតីមួយនេះដែលដូចគ្នាទាំងស្រុងនោះ ត្រូវបានរកឃើញលើនៅលើប៉ុស្តិ៍មួយរបស់ទំព័រហ្វេសប៊ុកការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩កន្លងមក។
ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យមួយនេះ បានបង្ហោះរូបថតមួយសន្លឹកបង្ហាញយុវតីរូបនេះ កាន់ផ្ទាំងក្រដាសមួយសន្លឹកដែលមានរៀបរាប់ថា «ចោលសំរាមក្រៅធុងសំរាមស្មើនឹងជាន់ឈ្លីមុខមាត់ប្រទេសជាតិ» ដែលជាសារអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាកុំចោលសំរាម ឬទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
ទំព័រហ្វេសប៊ុកការិយាល័យកិច្ចការនិស្សិត ថែមទាំងបានបញ្ជាក់លើរូបថតដែលបង្ហាញយុវតីជានិស្សិតរូបនោះថា «Original Photo» ឬមានន័យថា «រូបថតដើម»។
ខាងក្រោមនេះគឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ការិយាល័យកិច្ចការនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រជិត ៣ឆ្នាំមុន។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតយុវតីដូចបានរៀបរាប់ខាងលើនេះ ត្រូវបានកែប្រែពីរូបថតដើម។ យុវតីរូបនេះ មិនបានឈរកាន់ផ្ទាំងសារអំពាវនាវឱ្យទៅចូលរួមទទួលដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នោះឡើយ។ យុវតីរូបនេះបានឈរកាន់ផ្ទាំងសារដែលអំពាវនាវឱ្យចូលរួមទុកដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រឹម ដើម្បីលើកកម្ពស់មុខមាត់ប្រទេសជាតិ។

Title:តើយុវតីម្នាក់កាន់ក្រដាសអំពាវនាវឱ្យចូលរួមទទួលដំណើរមាតុភូមិនិវត្តន៍លោក សម រង្ស៊ី មែនទេ?
Fact Check By: Jay UdomResult: Altered
