
ខណៈការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះ កំពុងដំណើរការអស់រយៈពេលជិតដល់ថ្ងៃបិទបញ្ចប់ហើយនោះ រូបថតបេក្ខជនម្នាក់របស់គណបក្សភ្លើងទៀននៅឯខេត្តកំពង់ចាម ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញលោក គង់ រ៉ៃយ៉ា ពាក់អាវមានរូបសញ្ញាគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលអស់រយៈប្រហែល ៥ឆ្នាំមកហើយនោះ។ រូបថតមួយសន្លឹកនេះ ត្រូវបានចែករំលែកតៗគ្នាពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ និងមានការបញ្ចេញចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា រូបថតនេះ ត្រូវបានកាត់តខុសពីរូបថតច្បាប់ដើម។
ការអះអាងលើបណ្ដាញសង្គម
អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកនៅលើបណ្ដាញសង្គម ដែលបង្ហាញសកម្មជនគណបក្សភ្លើងទៀន លោក គង់ រ៉ៃយ៉ាង ពាក់អាវមានរូបសញ្ញាគណបក្សភ្លើងទៀន និងគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយចោលកាលពីឆ្នាំ២០១៧នោះ។
អ្នកប្រើប្រាស់បណ្ដាញសង្គមដដែលនេះ បានអះអាងថា គង់ រ៉ៃយ៉ា ដែលកំពុងឈរឈ្មោះប្រកួតប្រជែងយកតំណែងក្រុមប្រឹក្សាឃុំមួយនៅក្នុងខេត្តកំពង់ចាម បានពាក់អាវមានរូបសញ្ញាគណបក្សសង្គ្រោះជាតិ ចូលរួមឃោសនាបោះឆ្នោតដែលកំពុងប្រព្រឹត្តទៅ។
រូបថត និងការអះអាងនេះ ត្រូវបានចែករំលែកតគ្នាជាច្រើនដង ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើននាក់ បានបញ្ចេញមតិ និងប្រតិកម្មទៅលើរូបថតនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ជាមួយរូបថតលោក គង់ រ៉ៃយ៉ា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ និងមានសំណេររៀបរាប់ថា «បក្សភ្លើងទៀន មកឃោសនាថាបក្សសង្គ្រោះជាតិដែលតុលាការកំពូលរំលាយរួចហើយ!! អញ្ចឹងភ្លើងទៀនក៏មានវាសនាមិនល្អដែរហើយមើលទៅ? (មើលស្លាកអាវចឹងៗអី)»។

រូបថតដដែលនេះ ក៏ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀតយកទៅបង្ហោះផងដែរ ដោយមានសំណេរថា «នេះជាការបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ និងគគ្លើន គណបក្សនេះអាចនឹងត្រូវរំលាយ»។

រូបថតដដែលនេះ ក៏ត្រូវបានបង្ហោះ និងចែករំលែកដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរនៅក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ។ សម្រាប់ព័ត៌មានលម្អិតអំពីការបង្ហោះរូបថតនេះ សូមចូលទៅកាន់តំណភ្ជាប់នៅទីនេះ ឬតំណភ្ជាប់មួយទៀតនៅទីនេះ និងតំណភ្ជាប់មួយទៀតនៅទីនេះ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតមួយសន្លឹកនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹកដែលបង្ហាញលោក គង់ រ៉ៃយ៉ា ពាក់អាវពណ៌ស និងមួកពណ៌សមានរូបសញ្ញាគណបក្សភ្លើងទៀន ត្រូវបានរកឃើញនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោក ដែលបានបង្ហោះតាំងពីថ្ងៃទី១៨ ខែមេសាកន្លងមកម៉្លេះ។
រូបថតដែលបង្ហោះនៅលើបណ្ដាញសង្គមជិត ១ខែមុនការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចាប់ផ្ដើមនោះ គ្មានរូបសញ្ញាគណបក្សសង្គ្រោះជាតិស្ថិតនៅលើអាវផ្នែកខាងស្ដាំនោះឡើយ ប៉ុន្តែ មានតែរូបសញ្ញាគណបក្សភ្លើងទៀនស្ថិតនៅផ្នែកខាងឆ្វេងដៃ។
សកម្មជនបក្សប្រឆាំងរូបនេះ បានបង្ហោះរូបថតមួយសន្លឹកនេះនៅក្នុងចំណោមរូប២សន្លឹកផ្សេងទៀត ដើម្បីផ្សព្វផ្សាយលក់អាវ និងមួកមានរូបសញ្ញាគណបក្សភ្លើងទៀនសម្រាប់ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភានេះរហូតដល់ថ្ងៃទី០៣ ខែមិថុនាខាងមុខ។


លោក គង់ រ៉ៃយ៉ា បានច្រានចោលនូវរូបថតកាត់តនេះផងដែរ ដោយរៀបរាប់នៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា «ខ្ញុំរស់នៅជាមួយការពិត ប៉ុន្តែ មិនរស់នៅក្នុងភាពប្រឌិតឡើយ ការរស់ដោយត្រឹមត្រូវស្មោះត្រង់ នាំឱ្យខ្លួនខ្ញុំមានតម្លៃ មានកិត្តិយស»។

អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ លោក គឹម ឆៃហៀង បានបង្ហោះរូបថតលោក គង់ រ៉ៃយ៉ា ពាក់អាវមានរូបសញ្ញាគណបក្សសង្គ្រោះជាតិ នៅលើបណ្ដាញសង្គមកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននោះ។
ប្រាប់ថាជាគ្រូបង្រៀនច្បាប់នៅឯមហាវិទ្យាល័យមួយក្នុងខេត្តសៀមរាប លោក គឹម ឆៃហៀង បានប្រាប់ថា លោកមិនបានផលិតរូបថតដែលសកម្មជនបក្សប្រឆាំងពាក់អាវមានរូបសញ្ញាបក្សសង្គ្រោះជាតិនោះឡើយ។
លោកបញ្ជាក់បន្ថែមថា លោកបានយករូបថតនេះពីបណ្ដាញសង្គមហ្វេសប៊ុកផងដែរ បន្ទាប់ពីទទួលបានការសាកសួរពីនិស្សិតរបស់លោកថា តើរូបសកម្មជនបក្សប្រឆាំងពាក់អាវបែបនេះ ខុស ឬក៏ត្រូវច្បាប់បោះឆ្នោតដែរឬយ៉ាងណា។
សូមស្ដាប់ការបកស្រាយរបស់លោក គឹម ឆៃហៀង នៅក្នុងកិច្ចសម្ភាសតាមទូរស័ព្ទជាមួយស្ថាប័នត្រួតពិនិត្យការពិត Fact Crescendo Cambodia នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតសកម្មជនគណបក្សភ្លើងទៀនដូចដែលរៀបរាប់ខាងលើនេះ ត្រូវបានកាត់ត ដែលនាំឱ្យមានការយល់ច្រឡំ។ រូបថតច្បាប់ដើម ត្រូវបានគេឃើញថា បេក្ខជនឈរឈ្មោះប្រកួតប្រជែងតំណែងក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀន លោក គង់ រ៉ៃយ៉ា ពាក់អាវពណ៌សមានរូបសញ្ញាគណបក្សភ្លើងទៀន ប៉ុន្តែ គ្មានរូបសញ្ញាគណបក្សសង្គ្រោះជាតិនោះឡើយ។

Title:តើបេក្ខជនម្នាក់របស់បក្សភ្លើងទៀនពាក់អាវមានរូបសញ្ញាបក្សសង្គ្រោះជាតិមែនឬទេ
Fact Check By: Jay UdomResult: Altered
