តើ​បេក្ខជន​ម្នាក់​របស់​​បក្ស​ភ្លើងទៀន​ពាក់​អាវ​មាន​រូប​សញ្ញា​បក្ស​សង្គ្រោះ​ជាតិ​មែន​ឬទេ?

Altered Political

ខណៈ​ការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២​នេះ កំពុង​ដំណើរការ​អស់​រយៈ​ពេល​ជិត​ដល់​ថ្ងៃ​បិទ​បញ្ចប់​ហើយ​នោះ រូបថត​បេក្ខជន​ម្នាក់​របស់​គណបក្ស​ភ្លើងទៀន​​នៅ​ឯ​ខេត្ត​កំពង់ចាម ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​បង្ហាញ​លោក គង់ រ៉ៃយ៉ា ពាក់​អាវ​មាន​រូប​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​ចោល​អស់​រយៈ​ប្រហែល ៥​ឆ្នាំ​មក​ហើយ​នោះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​ចម្រុះ​បែបផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​កាត់​តខុស​ពី​រូបថត​ច្បាប់​ដើម។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​សកម្មជន​គណបក្ស​ភ្លើង​ទៀន លោក គង់ រ៉ៃយ៉ាង ពាក់​អាវ​មាន​រូប​សញ្ញា​គណបក្ស​ភ្លើងទៀន និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​កាល​ពី​ឆ្នាំ​២០១៧​នោះ។

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ បានអះ​អាង​ថា គង់ រ៉ៃយ៉ា ដែល​កំពុង​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​យក​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​មួយ​នៅ​ក្នុង​ខេត្ត​កំពង់ចាម បាន​ពាក់​អាវ​មាន​រូប​សញ្ញា​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ឃោសនា​បោះ​ឆ្នោត​ដែល​កំពុង​ប្រព្រឹត្ត​ទៅ។

រូបថត និង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​ជាច្រើន​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​នាក់ បាន​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ទៅ​លើ​រូបថត​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ជាមួយ​រូបថត​លោក គង់ រ៉ៃយ៉ា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២២ និង​មាន​សំណេរ​រៀបរាប់​ថា «បក្ស​ភ្លើងទៀន មក​ឃោសនា​ថា​បក្ស​សង្គ្រោះជាតិ​ដែល​តុលាការ​កំពូល​រំលាយ​រួច​ហើយ!! អញ្ចឹង​ភ្លើងទៀន​ក៏​មាន​វាសនា​មិន​ល្អ​ដែរ​ហើយ​មើល​ទៅ? (មើល​ស្លាក​អាវ​ចឹងៗ​អី)»។

Facebook Post | Archived Link

រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត​យក​ទៅ​បង្ហោះ​ផង​ដែរ ដោយ​មាន​សំណេរ​ថា «នេះ​ជា​ការ​បំពាន​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ និង​គគ្លើន គណបក្ស​នេះ​អាច​នឹង​ត្រូវ​រំលាយ»។

Facebook Post | Archived Link

រូបថត​ដដែលនេះ ក៏​ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ។ សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ការបង្ហោះ​រូបថត​នេះ សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នៅ​​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ។ 

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​មួយ​​សន្លឹក​ដែល​បង្ហាញ​លោក គង់ រ៉ៃយ៉ា ពាក់​អាវ​ពណ៌​ស និងមួក​ពណ៌​ស​​មាន​រូប​សញ្ញា​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​របស់​លោក ដែល​បាន​បង្ហោះ​តាំង​ពី​ថ្ងៃ​ទី១៨ ខែ​មេសា​កន្លង​មក​ម៉្លេះ។

រូបថត​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជិត ១​ខែ​មុន​ការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចាប់​ផ្ដើម​នោះ គ្មាន​រូប​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ស្ថិត​នៅ​លើ​អាវ​ផ្នែក​ខាង​ស្ដាំ​នោះ​ឡើយ ប៉ុន្តែ មាន​តែ​រូប​សញ្ញា​គណបក្ស​ភ្លើង​ទៀន​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង​ដៃ។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ បាន​បង្ហោះ​រូបថតមួយ​សន្លឹក​នេះ​នៅ​ក្នុង​ចំណោម​រូប​២​សន្លឹក​ផ្សេង​ទៀត ដើម្បី​ផ្សព្វផ្សាយ​លក់​អាវ និង​មួក​មាន​រូប​សញ្ញា​គណបក្ស​ភ្លើង​ទៀន​សម្រាប់​​ការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​រយៈ​ពេល ១៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា​នេះ​រហូត​ដល់​ថ្ងៃ​ទី​០៣ ខែ​មិថុនា​ខាង​មុខ។

Facebook Post | Archived Link

លោក គង់ រ៉ៃយ៉ា បាន​ច្រាន​ចោល​នូវ​រូបថត​កាត់​ត​នេះ​ផង​ដែរ ដោយ​រៀបរាប់​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​កាល​ពីថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ថា «ខ្ញុំ​រស់នៅ​ជាមួយ​ការ​ពិត ប៉ុន្តែ មិន​រស់នៅ​ក្នុង​ភាព​ប្រឌិត​ឡើយ ការ​រស់​ដោយ​ត្រឹម​ត្រូវ​ស្មោះ​ត្រង់ នាំ​ឱ្យ​ខ្លួន​ខ្ញុំ​មាន​តម្លៃ មាន​កិត្តិយស»។

Facebook Post | Archived Link

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ លោក គឹម ឆៃហៀង ​​បាន​បង្ហោះ​រូបថត​លោក គង់ រ៉ៃយ៉ា ពាក់​អាវ​មាន​រូប​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នោះ។

ប្រាប់​ថា​ជា​គ្រូ​បង្រៀន​ច្បាប់​នៅ​ឯ​មហាវិទ្យាល័យ​មួយ​ក្នុង​ខេត្ត​សៀមរាប លោក គឹម ឆៃហៀង បាន​ប្រាប់ថា លោក​មិន​បាន​ផលិត​រូបថត​ដែល​សកម្មជន​បក្ស​ប្រឆាំង​ពាក់​អាវ​មាន​រូប​សញ្ញា​បក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ។

លោក​បញ្ជាក់​បន្ថែម​ថា លោក​បាន​យក​រូបថត​នេះ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ បន្ទាប់​ពីទទួល​បាន​ការ​សាក​សួរ​ពី​និស្សិត​របស់​លោក​ថា តើ​រូប​សកម្មជន​បក្ស​ប្រឆាំង​ពាក់​អាវ​បែប​នេះ ខុស ឬ​ក៏​ត្រូវ​ច្បាប់​បោះ​ឆ្នោត​ដែរ​ឬយ៉ាងណា។

សូម​ស្ដាប់​ការ​បក​ស្រាយ​របស់​លោក គឹម ឆៃហៀង នៅ​ក្នុង​កិច្ច​សម្ភាស​​តាម​ទូរស័ព្ទ​ជាមួយ​ស្ថាប័ន​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២២។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​សកម្មជន​គណបក្ស​ភ្លើងទៀន​ដូច​ដែល​រៀបរាប់​ខាង​លើ​នេះ ត្រូវ​បាន​កាត់​ត ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ។ រូបថត​ច្បាប់​ដើម ត្រូវ​បាន​គេ​ឃើញ​ថា បេក្ខជន​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ភ្លើងទៀន លោក គង់ រ៉ៃយ៉ា ពាក់​អាវ​ពណ៌​ស​មាន​រូប​សញ្ញា​គណបក្ស​ភ្លើង​ទៀន ប៉ុន្តែ គ្មាន​រូប​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ។

Avatar

Title:តើ​បេក្ខជន​ម្នាក់​របស់​​បក្ស​ភ្លើងទៀន​ពាក់​អាវ​មាន​រូប​សញ្ញា​បក្ស​សង្គ្រោះ​ជាតិ​មែន​ឬទេ

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published.