
ការកាន់អំណាច និងដឹកនាំប្រទេសដ៏យូរឆ្នាំរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បាននឹងកំពុងក្លាយជាប្រធានបទរបស់អ្នកប្រើប្រាស់បណ្តាញសង្គមនានា លើកយកមកជជែក ដេញដោល និងមានការបញ្ចេញមតិចម្រុះជាច្រើន។ ថ្មីៗនេះ រូបថតមួយសន្លឹក ដែលបង្ហាញលោក ហ៊ុន សែន ស្ថិតក្នុងសភាពកោរសក់ និងជក់បារី ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកម្ពុជា។ រូបថតលោក ហ៊ុន សែន គ្មានសក់នេះ ត្រូវបានចែករំលែកតៗគ្នា និងមានការបញ្ចេញប្រតិកម្មផ្សេងៗពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា រូបថតមួយសន្លឹកនេះ គឺត្រូវបានកាត់ត។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ មានអ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតចំនួនមួយសន្លឹកដែលបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែអង្គុយជក់បារី និងពាក់វ៉ែនតាខ្មៅ។ រូបថតមួយសន្លឹកនេះ ក៏បានបង្ហាញថា សក់ក្បាលរបស់លោកត្រូវបានកោរចេញអស់ផងដែរ។
រូបថតជាមួយសំណេរនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
រូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ជាភាសាខ្មែរ ដោយអមនឹងរូបថតថា «ចង់នាំគ្នាទៅប្លន់លោកខាងលិចម្ដងអាណាត់ក្រោយ… ពួកវាកុហកជឿចង់ងាប់…»។
រូបថតមួយសន្លឹកនេះ ក៏ត្រូវបានរកឃើញ និងបង្ហោះដោយអ្នកប្រើហ្វេសប៊ុកដទៃទៀតផ្សេងផងដែរកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
រូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ជាភាសាខ្មែរ ដោយអមនឹងសារបង្ហោះថា «រឿងនេះចប់ដោយបរិបូណ៌ សុំទោស ព្រោះតែកូវីដទើបផល្លិតកម្មយើងខ្ញុំ មិនអាចថតបន្តទៅទៀតបាន»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់លើរូបថតនេះតាមរយៈកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំទៅដល់រូបថតដើមនៃរូបថតមួយនេះ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញនៅក្នុងគេហទំព័រអន្តរជាតិមួយដែលបានចុះផ្សព្វផ្សាយកាលពីឆ្នាំ២០១៥ ក្នុងសេចក្តីរាយការណ៍ព័ត៌មានមួយដែលនិយាយថា លោក ហ៊ុន សែន បដិសេដផ្ដល់ប្រាក់ក្រោយចាញ់ការភ្នាល់ការប្រកួតប្រដាល់រវាងកីឡាករហ្វីលីពីន លោក ប៉ាក់គីអាវ និងកីឡាករអាមេរិក លោក ផ្លយ ម៉េវ៉េឌ័រ (Floyd Mayweather)។
ក្នុងសេចក្តីរាយការណ៍នោះ រូបថតមួយសន្លឹកនោះ បានបង្ហាញលោក ហ៊ុន សែន ពាក់វែនតាខ្មៅ និងជក់បារី ហើយលោកមានសក់ក្បាលដូចធម្មតា។
The World’s Report | Archived Link
តាមរយៈប្រភពផ្សេងទៀត ដែលបានបង្ហាញផងដែរអំពីរូបថតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលដែលលោកនៅជក់បារីនៅឡើយនោះ Fact Crescendo Cambodia ក៏បានរកឃើញថា ពុំមានរូបថតណាមួយដែលបានបង្ហាញថា Wលោកធ្លាប់មានក្បាលទំពែក ឬអត់មានសក់នោះទេ។
រូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មាន CNN ដែលបានបង្ហាញរូបថតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជក់បារី និងមានសក់ក្បាលដូចធម្មតា។
សន្និដ្ឋាន (Conclusion)
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះ និងអះអាងដោយអ្នកប្រើប្រាស់ខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹក ត្រូវបានកាត់តមុននឹងបង្ហោះនៅលើបណ្តាញសង្គម។ ការពិត ច្បាប់ដើមនៃរូបថតនោះ គឺត្រូវបានគេរកឃើញថា លោកមានសក់ជាធម្មតា និងមិនបានបង្ហាញពីសភាពក្បាលកោរសក់នោះឡើយ។

Title:តើលោក ហ៊ុន សែន ពិតជាធ្លាប់កោរសក់មែនដែរឬទេ?
Fact Check By: Kakada SimResult: Altered
