Fact Check: តើលោក ហ៊ុន សែន ​ចុះ​ហត្ថលេខា​​លើ​សេចក្ដី​​សម្រេច​​បើក​​ចរាចរណ៍​​ឆ្លង​​ខេត្ត​​ឡើង​វិញ​​អំឡុង​ពេល​​លោក​​​នៅ​​ក្រៅ​ប្រទេស​មែនឬ​​ទេ?

False Political

កាលពីថ្ងៃទី២៤ ខែមេសា កន្លងទៅនេះ អាស៊ានបានបើកកិច្ចប្រជុំពិសេសមួយរបស់ខ្លួនដែលបានធ្វេីឡេីងនៅក្នុង ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេសុី។ កិច្ចប្រជុំពិសេសមួយនេះ ត្រូវបានចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេស ជាសមាជិកអាស៊ាននីមួយៗ ដែលក្នុងនោះក៏មានការចូលរួមពី​លោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ផងដែរ។

ទន្ទឹមគ្នា​នេះ ​អវត្តមាន​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​ថា តើ​លោក​ចុះ​ហត្ថលេខា​ទៅ​លើ​សេចក្ដី​សម្រេច​បើក​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​ឡើង​វិញ​ដោយ​របៀប​ណា? ទោះយ៉ាងណា ការផ្ទៀង​ផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាង​នេះ គឺមិនត្រឹម​ត្រូវទេ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ទំព័រ​ហ្វេសប៊ុក​មួយ បានអះអាង​ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ហើយ​ចោទ​សួរ​ថា តើ​លោក ហ៊ុន សែន ចុះហត្ថលេខានៅលើសេចក្តីសម្រេច​បញ្ជប់ការហាមឃាត់ការធ្វើដំណើរ​ឆ្លង​ខេត្ត​​បាន​ដោយ​របៀប​ណា។

ការ​អះ​អាង​ថា ​លោក ហ៊ុន សែន បានចុះហត្ថលេខាលើសេចក្តីសម្រេច​ទាំងខ្លួននៅ​ក្រៅប្រទេស​​នេះ បាន​កើតឡើងនៅ ១​ថ្ងៃក្រោយ​លោក ហ៊ុន សែន បានចាកចេញពីកម្ពុជាទៅកាន់ទីក្រុងហ្សាកាតា ដើម្បីចូលរួមកិច្ចប្រជុំពិសេស​អាស៊ាន។

រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រហ្វេកប៊ុក បានសរសេររៀបរាប់ថា «ហ៊ុន សែន នៅប្រទេសក្រៅ ហេតុអីហត្ថលេខាកើត?»។

Facebook Post | Archived Link 

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​​ការពិត​ជុំ​វិញ​ការ​អះ​អាង​នេះ​​តាម​រយៈ​​ការ​ពិនិត្យ​មើល​លំដាប់​លំដោយ​នៃ​ព្រឹត្តិការណ៍​ពីរ មាន​ដំណើរ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន និង​ការ​បើក​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​ឡើង​វិញ។

កាល​ពី​ដំបូង​ឡើយ ដំណើរ​របស់​លោក​នាយករដ្ឋម​ន្ត្រី ហ៊ុន សែន ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ប៉ុន្តែ ក្រោម​ហេតុផល​​វិធានការ​បង្ការ​ការ​ឆ្លង​មេរោគ​កូវីដ-១៩ មេដឹកនាំ​កម្ពុជា​រូប​នេះ បាន​ផ្លាស់​ប្ដូរ​ថ្ងៃ​ចេញ​ដំណើរ​ទៅ​ថ្ងៃ​ទី​២៣ ខែ​មេសា​វិញ។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​គាត់ បង្ហាញ​ថា លោក ហ៊ុន សែន បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា តាម​ជើង​ហោះ​ហើរ​មួយ​​ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ សំណេរ​លើ​ទំព័រ​ហ្វេសប៊ុក​នោះ រៀប​រាប់​ថា «ខ្ញុំនឹងវិលត្រឡប់មកកម្ពុជាវិញ​នៅល្ងាចថ្ងែទី២៤ មេសា»។

(រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​រៀបរាប់​ថា លោក​ចាក​ចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២១ ហើយ​វិល​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន)

Facebook Post | Archived Link

ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​របស់​លោក ហ៊ុន សែន ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ផង​ដែរ​​ដោយ​​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​(AKP) ដែល​ជា​ទីភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋ​។

AKP Report | Archived Link

Fact Crescendo Cambodia បានរកឃើញថា ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​គាត់ បាន​ផ្សាយ​ផ្ទាល់​នូវ​ដំណើរ​វិល​ត្រឡប់​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មក​ដល់​កម្ពុជា​នៅ​ម៉ោង ៩:៥០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២០ បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បាន​បញ្ចប់។

ទំព័រ​ហ្វេសប៊ុកផ្លូវការ​របស់​គាត់ បាន​សរសេរ​ថា​ «​នៅ​ម៉ោង​ប្រមាណ ៩.៥០ យប់​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២១ សម្ដេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈ​ប្រតិភូ​រាជ​រដ្ឋាភិបល​ មក​ដល់មាតុ​ប្រទេស​វិញ​ដោយ​សុវត្ថិភាព​ហើយ បន្ទាប់​ពី​អញ្ចើញ​ចូល​រួម​កិច្ច​ប្រជុំ​ពិសេស​ក្រៅ​ផ្លូវការ​ជាមួយ​មេដឹកនាំ​អាស៊ាន និង​ជំនួប​ទ្វេ​ភាគី​មួយ​ចំនួន​ទៀត​ជាមួយ​បណ្ដា​មេដឹកនាំ​អាស៊ាន»។

Facebook Post | Archived Link

ដំណើរ​វិល​ត្រឡប់​របស់​លោក ហ៊ុន សែន ពី​កិច្ច​ប្រជុំ​អាស៊ាន​នេះ ក៏​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ផង​ដែរ​នៅ​រាត្រី​ថ្ងៃ​ទី​២៤ ខែ​មេសា​នោះ។

Facebook Post | Archived Link

មួយ​ថ្ងៃ​បន្ទាប់​ពី​វិល​ត្រឡប់​មក​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​​សេចក្ដី​សម្រេច​បើក​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​ឡើង​វិញ ហើយ​សេចក្ដី​សម្រេច​នោះ​ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ផង​ដែរ​នៅ​ម៉ោង ១១​កន្លះ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា​នោះ។

រូបភាពផ្តាម​ចេញ​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​របស់​គាត់ បាន​សរសេរ​រៀបរាប់​ថា «រាជ​រដ្ឋាភិបាល​កម្ពុជា​ចេញ​សេចក្ដី​សម្រេច​បញ្ចប់​ការ​ហាម​ឃាត់​[ការ]​ធ្វើ​ដំណើរ និង​បញ្ចប់​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស»។

«ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២១»

Facebook Post | Archived Link

សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ ក៏​បាន​ធ្វើ​សេចក្ដី​រាយការណ៍​អំពី​សេចក្ដី​សម្រេច​មួយ​នេះ​ផង​ដែរ ​ដែល​មាន​ការ​ចុះ​ហត្ថលេខា​ដោយ​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

Phnom Penh Post Report|Archived Link

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បានរកឃើញថា ការអះអាង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្ថិត​នៅ​ក្រៅ​ប្រទេស ហើយ​ចោទ​សួរ​ថា តើ​លោក​ចុះ​ហត្ថលេខា​លើ​សេចក្ដី​សម្រេច​បើក​ចរាចរណ៍​ឆ្លង​ខេត្ត​ឡើង​វិញ​យ៉ាង​ដូចម្ដេច​នោះ មិន​ត្រឹម​ត្រូវ​ទេ។ ការ​ពិត លោក ហ៊ុន សែន បាន​វិល​ត្រឡប់​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​មក​ដល់​កម្ពុជា​​វិញ​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា  ហើយ​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា លោក​​បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​សម្រេច​បើក​ចរាចរណ៍​ឆ្លង​ខេត្ត​ឡើង​វិញ​។

Avatar

Title:Fact Check: តើលោក ហ៊ុន សែន ​ចុះ​ហត្ថលេខា​​លើ​សេចក្ដី​សម្រេច​បើក​ចរាចរណ៍​ឆ្លង​ខេត្ត​ឡើង​វិញ​​អំឡុង​ពេល​លោក​​នៅ​ក្រៅ​ប្រទេស​មែនឬ​​ទេ?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *