ការដាក់​បញ្ចូល​ខេត្ត​កម្ពុជា​ចំនួន​៤​នៅ​ក្នុង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ កំពុង​ក្លាយ​​ជា​បញ្ហា​លេច​ធ្លោ​នៃ​ការ​ជជែក​វែក​ញែក​នៅ​ក្នុង​ចំណោម​មហាជន​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ។ ទន្ទឹម​នឹង​បញ្ហា​នេះ ស្រាប់​តែ​មាន​វីដេអូ​ឃ្លីប​មួយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​ក្រុម​សកម្មជន​​បក្ស​កាន់​អំណាច​ប្រកាស​គាំ​ទ្រ​ការ​កាត់​ទឹក​ដី​៤​ខេត្ត​របស់​កម្ពុជា​ឱ្យ​ទៅ​វៀតណាម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា វីដេអូ​នេះ​ត្រូវ​បាន​កាត់​ត។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

វីដេអូមួយ​មាន​រយៈ ២៣​វិនាទី ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​បង្ហាញ​សកម្មជន​មួយ​ក្រុម​របស់​បក្ស​កាន់​អំណាច​ប្រកាស​គាំទ្រ​ការ​កាត់​ទឹក​ដី​៤​ខេត្ត​របស់​ប្រទេស​កម្ពុជា​ឱ្យ​ទៅ​ប្រទេស​វៀតណាម។

វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែកយ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញ​មតិ​រិះគន់​ទៅ​នឹង​ការ​ប្រកាស​គាំ​ទ្រ​បែប​នេះ​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២៤ ដែល​បង្ហាញ​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា “​គាំ​ទ្រ​​រដ្ឋាភិបាល​កម្ពុជា​កាត់​ខេត្ត​៤​ឱ្យ​ទៅ​វៀតណាម ជយោ!​ព្រះ​រាជាណាចក្រក​ម្ពុជា ជយោ!​សម្ដេច​តេជោ ហ៊ុន សែន! ជយោ!​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត! ជយោ!”។

Facebook Post | Archived

វីដេអូ​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​ទៀត​ផង។

https://www.facebook.com/share/p/JUNomw1EJT6V7PNM

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដូច​គ្នា​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ផង​ដែរ។

Facebook Post | Archived Link

ក្រៅ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខាង​លើ​នេះ វីដេអូ​ដូច​គ្នា​នេះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត។ គេ​អាច​រក​មើល​វីដេអូ​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅទីនេះ (archived) ឬ​តំណ​ភ្ជាប់មួយ​ទៀត​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived)។

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​វីដេអូ​មួយ​នេះ​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើងរក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

នៅ​មុន​ពេល​ចាប់​ផ្ដើម​ដំណើរការ​ផ្ទៀង​ផ្ទាត់ យើង​សូម​ជម្រាប​ជូន​ថា បុគ្គលក​ដែល​និយាយ​នៅ​ក្នុង​វីដេអូ ត្រូវ​បាន​គេ​ស្គាល់​ថា​​ជា​សកម្មជន​គាំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក សូ រតនៈ ប្រធាន​ក្រុម​យុវជន​ការពារ​សន្តិភាព ដែល​តែង​តែ​រិះគន់​វាយ​ប្រហារ​ទៅ​លើ​មេដឹកនាំ​ និង​សកម្មជន​បក្ស​ប្រឆាំង និង​ក្រុម​សកម្មជន​បរិស្ថាន។

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​វីដេអូ​ច្បាប់​ដើម​មាន​រយៈ​ពេល​ប្រហែល ១​នាទី ដែល​ត្រូវបាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក​នេះ។

នៅ​ក្នុង​វីដេអូ​ច្បាប់​ដើម​នោះ លោក សូ រតនៈ បាន​និយាយ​ថា លោក និង​ក្រុម​របស់​លោក​គាំ​ទ្រ​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​កម្ពុជា-ឡាវ-វៀតណាម (CLV) ដោយ​ថា កិច្ច​សហ​ប្រតិបត្តិការ​មួយ​នេះ​មាន​ផល​ប្រយោជន៍​សម្រាប់​ប្រជាជន និង​ប្រទេស​កម្ពុជា។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​នៃ​ការ​ថ្លែង​របស់​លោក សូ រតនៈ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៤។

Facebook Post | Archived Link

វីដេអូ​ពេញ​លេញ​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ បន្ទាប់​ពី​វីដេអូ​កាត់​ត​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ គេ​អាច​មើល​វីដេអូ​ពេញ​​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ៖

Archived Link

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​បក​ស្រាយ​របស់​លោក សូ រតនៈ ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ផង​ដែរកាល​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២៤។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា វីដេអូ​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​​ដែល​បង្ហាញ​លោក សូ រតនៈ ថ្លែង​គាំ​ទ្រ​ការ​កាត់​ដី ៤​ខេត្ត​ទៅ​ឱ្យ​វៀតណាម​នោះ គឺ​ជា​​កាត់​ត។ វីដេអូ​ច្បាប់​ដើម បង្ហាញ​ថា សកម្មជន​បក្ស​កាន់​អំណាច លោក សូ រតនៈ និង​ក្រុម​របស់​លោក​ បាន​ថ្លែង​គាំ​ទ្រ​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​កម្ពុជា-ឡាវ-វៀតណាម ឬ​ហៅ​កាត់​ថា CLV។

Avatar

Title: វីដេអូ​កាត់ត​បង្ហាញ​សកម្មជន​បក្ស​កាន់​អំណាច​ប្រកាស​គាំ​ត្រ​ការ​កាត់​ខេត្ត​បួន​ឱ្យ​ទៅ​វៀតណាម

Fact Check By: Jay Udom

Result: Altered