ខណៈ​ដែល​បណ្ដាញ​សង្គម​ហ្វេសប៊ុក គឺ​ជា​ផ្សារ​អនឡាញ​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​លក់ និង​ទិញ​ទំនិញ​នាពេល​សព្វថ្ងៃ​នេះ​ ការ​ផ្សព្វផ្សាយ​ព្រោង​ព្រាត​ថា ផលិត​ផល Hypoly អាច​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​ឱសថ​តាម​ការណែនាំ​របស់​គ្រូ​ពេទ្យ​ឯកទេស​ឡើយ។ ការ​ផ្សព្វផ្សាយ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​លម្អិត យើង​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​ខាង​លើ​នេះ ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

ឱសថ​មួយ​ប្រភេទ​ឈ្មោះ​ថា HYPOLY ត្រូវ​បាន​ផ្សព្វផ្សាយ​លក់​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​ជាមួយ​ការ​អះអាង​ថា ផលិត​ផល​នេះអាច​ព្យាបាល​ជំងឺ​ទឹក​នោម​ដោយ​មិន​ចាំ​បាច់​តម​អាហារ និង​ចាក់​អាំងស៊ុយលីន​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នោះ​ឡើយ។

ការ​ផ្សព្វផ្សាយ​លក់​ផលិត​នេះ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ច្រើន​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​យោបល់​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ គឺជារូបភាព​ផ្ដាម​ចេញពី​ការ​ផ្សព្វផ្សាយ​លក់​ផលិត​ឈ្មោះ HYPOLY ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​​មិថុនា ឆ្នាំ​២០២៤ ដែល​​​រៀបរាប់​ថា “មិន​ចាំ​បាច់​តម​អាហារ មិន​ចាំ​បាច់​ចាក់​អាំងស៊ុយលីន។ ខ្ញុំ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ជាមួយ​វិធី​សាស្ត្រ​មួយ​នេះ! អ្នក​ដែលមាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២​យូរ​ឆ្នាំ​ហើយ​មិន​បាន​ជា​សះ​ស្បើយ សូម​កុំ​មើល​រំលង។ ពិត​មែនហើយ ខ្ញុំ​ដូចជា​រស់​ឡើង​វិញ​អ៊ីចឹង​អ្នក​ទាំង​អស់​គ្នា! […]”។

Facebook Post | Archived

យើង​ក៏​បាន​រក​ឃើញ​ការ​ផ្សព្វផ្សាយ​លក់​ផលិតផល​ដដែល​នេះ​ដោយ​ទំព័រ​ហ្វេសប៊ុក និង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត ដោយ​ការ​ផ្សព្វផ្សាយ​នោះ​សុទ្ធ​តែ​អះអាង​ថា ផលិត​ផល​នេះ​អាច​ព្យាបាល​ជំងឺ​ទឹក​នោម​ជំនួស​ឱ្យ​ការ​ចាក់​អាំងស៊ុយលីន និង​ការ​ប្រើ​ប្រាស់​ឱសថ​ដែល​ណែនាំ​ដោយ​វេជ្ជបណ្ឌិត​ជំនាញ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ផ្សព្វផ្សាយ​លក់​ផលិត​ផល HYPOLY ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ថា “តើ​អ្នក​ព្រួយ​បារម្ភ​អំពី​ផល​វិបាក​ដ៏​គ្រោះ​ថ្នាក់​ពី​ជំងឺ​ទឹក​នោម​ផ្អែម​មែន​ទេ? តើ​អ្នក​ពិបាក​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​មែន​ទេ? សូម​ទុក​ឱ្យ​ថ្នាំ​គ្រាប់​ទឹក​ពុះ HYPOLY ជួយ​ដោះ​ស្រាយ​បង​ប្អូន!”។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​នៃ​ការ​ផ្សព្វផ្សាយ​លក់​ផលិតផល HYPOLY កាល​ពី​ថ្ងៃ​ទី២៤ ខែ​មិថុនា ឆ្នាំ​២០២៤ ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត ដែល​សុទ្ធ​តែ​អះអាង​ថា ផលិត​ផល​នេះ​ជួយ​ព្យាបាល​ជំងឺ​ទឹក​នោម។

Facebook Post | Archived

ផលិត​ផល​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​គេ​អាច​រក​ឃើញ​ការ​ផ្សព្វផ្សាយ​ផលិត​ផល​នេះ​ដោយ​គ្រាន់​តែ​វាយ​ឈ្មោះ​ផលិត​ផល​នេះ “HYPOLY” នោះ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នឹង​បង្ហាញ​រាល់​ការ​បង្ហោះ​ផ្សព្វផ្សាយ​នូវ​ផលិត​ផល​នេះ។

ក្រៅ​ពី​សំដៅ​មក​រក​ទីផ្សារ​កម្ពុជា​ហើយ​នោះ ផលិត​ផល​មាន​ឈ្មោះ​ និង​រូបរាង​នៃ​ការ​វេច​ខ្ចប់​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ភាសា​ឡាវ​ដែល​ទៅ​រក​ទីផ្សារ​ប្រទេស​មួយផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​នៃ​ការ​ផ្សព្វផ្សាយ​ផលិត​ផល​ HYPOLY ជា​ភាសា​ឡាវ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​កាល​ពី​ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ​២០២៤។

Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​​តាម​រយៈការស្វែង​រក​ការ​បញ្ជាក់​ពី​ក្រសួង​សុខាភិបាល និង​គ្រូ​ពេទ្យ​ជំនាញ​ទឹក​នោម​ផ្អែម ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

នៅ​ក្នុង​ដំណើរការ​ស្វែង​រក​ការ​បញ្ជាក់​ពី​ក្រសួង​សុខាភិបាល យើង​បាន​រក​ឃើញ​ថា ផលិត​ផល​នេះ​ត្រូវ​បាន​អាជ្ញាធរ​សុខាភិបាល​កម្ពុជា​ហាម​ឃាត់​ការ​ផ្សព្វផ្សាយ ការ​លក់ និង​ចែក​ចាយ​នៅ​លើ​ទីផ្សារ ដោយ​ថា ផលិត​ផល​នេះ​គ្មាន​ចុះ​បញ្ជីការ និង​ការ​ត្រួត​ពិនិត្យ​ដោយ​ក្រសួង​នោះ​ឡើយ។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ដើម​ខែ​មេសា​កន្លង​មក​ថា ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​នេះ ត្រូវ​បាន​បំផ្លើស​ហួស​ពី​ការ​ពិត និង​គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ត្រឹម​ត្រូវ​នោះ​ឡើយ។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ដដែល ក្រសួង​សុខាភិបាល​បាន​ណែនាំ​ប្រជា​ពលរដ្ឋ​កុំ​ឱ្យ​ទិញ និង​ប្រើ​ប្រាស់​ផលិត​ផល​នេះ ដោយ​ថា ផលិត​ផល​នេះ​គ្មាន​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​នោះ​ឡើយ ហើយ​ប៉ះពាល់​ដល់​សុខភាព ឬ​មាន​គ្រោះ​ថ្នាក់​ដល់​អាជីវិត​អ្នក​ប្រើ​ប្រាស់​ទៀត​ផង។

ក្រសួង​សុខាភិបាល​ក៏​បាន​ព្រមាន​ផង​ដែរ​ថា នឹង​ចាត់​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​អ្នក​ផ្សព្វផ្សាយ ចែកចាយ និង​លក់​ផលិត​ផល​គ្មាន​លេខ​បញ្ជីការ​ត្រឹម​ត្រូវ​នេះ។ ​

ខាង​ក្រោម​នេះ គឺ​ជា​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​កាល​ពី​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០២៤។

Archived Link

ទោះជាយ៉ាងណា ផលិត​ផល​នេះ​នៅ​តែ​ត្រូវ​បាន​ផ្សព្វផ្សាយ​លក់​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ដដែល បើ​ទោះបីជា​មាន​ការ​ព្រមាន​អំពី​វិធានការ​ផ្លូវ​ច្បាប់​ពី​ក្រសួង​សុខាភិបាល​ក្ដី។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន​ទៀត បាន​ផ្សព្វផ្សាយ​ថា ​ផលិត​ផល​នេះ​ត្រូវ​បាន​ក្រសួង​សុខាភិបាល​កម្ពុជា​ទទួល​ស្គាល់។

ប៉ុន្តែ ក្រសួង​បាន​បដិសេធ​នូវ​ការ​ផ្សព្វផ្សាយ​បែប​នេះ ដោយ​ចាត់​ទុក​ថា ជា​ព័ត៌មាន “ក្លែង​ក្លាយ” និង​ទាមទារ​ឱ្យ​លុប​ចោល​ជា​បន្ទាន់ ហើយ​​បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ជា​ថ្មី។

Archived Link

វេជ្ជបណ្ឌិត គ្រុយ សួយហួរ អ្នក​ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ឯ​គ្លីនិក​ឧត្ដមភាព​នៅ​រាជ​ធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា គ្មាន​ការ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ឱ្យ​ជា​សះ​ស្បើយ​ទាំង​ស្រុង​នោះ​ឡើយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ប៉ុន្តែ ការ​ព្យាបាល​ជាមួយ​គ្រូ​ពេទ្យ​ឯកទេស អាច​ជួយ​អ្នក​ជំងឺ​ឱ្យ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ និង​មាន​សុខភាព​ល្អ​ដូច​អ្នក​ធម្មតា​ដែរ។

ការ​ប្រើ​ប្រាស់​ផលិតផល​គ្មាន​ការ​ណែនាំ​ត្រឹម​ត្រូវ​ពី​គ្រូ​ពេទ្យ​ឯកទេស ឬ​ការ​ប្រើ​ប្រាស់​ឱសថ​បុរាណ លោក​វេជ្ជបណ្ឌិត គ្រុយ សួយហួរ ដែល​បាន​ផ្ដល់​សេវា​ព្យាបាល និង​អ្នក​ថែទាំង​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អស់​រយៈ​ពេល ៥​ឆ្នាំ​មក​ហើយ​នោះ បាន​ព្រមាន​ពី​ហានិភ័យ​ចំពោះ​សុខភាព ដូចជា ខូច​តម្រង​នោម​រហូត​ដល់​ត្រូវ​លាង​ឈាម។

ជាង​នេះ​ទៅទៀត លោក​វេជ្ជ​បណ្ឌិត​បន្ថែម​ថា ហានិភ័យ​មួយ​ទៀត​សម្រាប់​សុខភាព គឺ​ជំងឺ​ទឹក​នោម​ផ្អែម​វិវត្ត​ទៅ​រក​ស្ថានភាព​ធ្ងន់​ធ្ងរ ហើយ​អ្នក​ជំងឺ​ប្រឈម​មុខ​នឹង​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង និងដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

ជា​ការ​ណែនាំ វេជ្ជបណ្ឌិត សួយហួរ បាន​ប្រាប់​ទៅ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​អស់ ឱ្យ​ទៅ​ជួប​គ្រូ​ពេទ្យ​ឯកទេស ដើម្បី​ពិនិត្យ និង​ព្យាបាល​ឱ្យ​បាន​ត្រឹម​ត្រូវ ជៀស​វាង​ការ​ប្រើ​ផលិត​ផល​ផ្សេងៗ។

យើង​បាន​ស្វែង​រក​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពី​ផលិត​ផល​ឈ្មោះ HYPOLY នេះ ហើយ​ក៏​បាន​រក​ឃើញ​ព័ត៌មាន​កាន់​តែ​ច្បាស់​លាស់​បន្ថែមទៀត​អំពី​ប្រភព​នៃ​ផលិត​ផល​នេះ។

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​ព័ត៌មាន​ផ្សាយ​ដោយ​វេបសាយ​មួយ​ចំនួន ដែល​និយាយ​ថា ផលិត​ផល HYPOLY នេះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​មួយ​របស់​វៀតណាម​ឈ្មោះ​ក្រុមហ៊ុន Tavuco Vietnam Trading Co., Limited ។

បើ​តាម​សេចក្ដី​រាយការណ៍​​ព័ត៌មាន​​មួយ​កាល​ពី​ឆ្នាំ​២០២២ អាជ្ញាធរ​គ្រប់​គ្រង​សុវត្ថិភាព​ចំណីអាហារ​វៀតណាម បាន​ផាក​ពិន័យ​ក្រុមហ៊ុន Tavuco Vietnam Trading Co., Limited ចំនួន ៥០​លាន​ដុង ឬ​ប្រហែល ២​ពាន់​ដុល្លារ​អាមេរិក ដោយសារ​តែ​ក្រុមហ៊ុន​មួយ​នេះ បាន​ផ្សព្វផ្សាយ​លក់​ផលិត​ផល​របស់​ខ្លួន​ឈ្មោះ HYPOLY ហួស​ពី​ការ​ពិត។

អាជ្ញាធរ​គ្រប់​គ្រង​សុវត្ថិភាព​ចំណី​អាហារ​វៀតណាម បាន​លើក​ឡើង​ថា ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​អាហារ​បំប៉ន​របស់​ក្រុមហ៊ុន​មួយ​នេះ មិន​ត្រឹម​តែ​បំពាន​ច្បាប់​ទេ ប៉ុន្តែ ក៏​បំពាន​ទៅ​លើ​សីលធម៌ និង​ជាបទ​ល្មើស​បំពាន​លើ​អ្នក​ជំងឺ​ផង​ដែរ។

អាជ្ញាធរ​គ្រប់​គ្រង​សុវត្ថិភាព​ចំណី​អាហារ​វៀតណាម បញ្ជាក់​ថា អាហារ​បំប៉ន​សុខភាព មិន​មែន​ជា​ឱសថ​ទេ មិន​អាច​ប្រើ​ជំនួស​ឱសថ​បាន​ឡើយ ហើយ​ថា ប្រសិន​បើ​ឈឺ ប្រជាជន​ត្រូវ​តែ​ទៅ​មន្ទីរ​ពេទ្យ​ពិនិត្យ​សុខភាព និង​ទទួល​ការ​ព្យាបាល​ឱ្យ​ទាន់​វេលា។

សេចក្ដីរាយការណ៍​ព័ត៌មាន​ដដែល​នេះ បាន​បញ្ជាក់​ថា ក្រុមហ៊ុន​មួយ​នេះ បាន​ផ្សព្វផ្សាយ​ហួស​ពី​ការ​ពិត​ថា ផលិត​ផល HYPOLY របស់​ខ្លួន អាច​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​បាន ដោយ​មិន​ចាំ​បាច់​ប្រើ​ថ្នាំ​វេជ្ជសាស្ត្រ​ចេញ​ដោយ​គ្រូ​ពេទ្យ​ជំនាញ​នោះ​ឡើយ។

Doanhng Hiephoinhap | Archived Link

បើ​តាម​ការ​ផ្សាយ​មួយ​ទៀត​របស់​សារព័ត៌មាន​វៀតណាម ក្រុមហ៊ុន Tavuco Vietnam Trading Co., Limited ក៏​ត្រូវ​បាន​អាជ្ញាធរ​គ្រប់​គ្រង​សុវត្ថិភាព​ចំណី​អាហារ​វៀតណាម ផាក​ពិន័យ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០២១​កន្លង​មក ដោយសារ​តែ​បាន​ផ្សព្វផ្សាយ​លក់​ផលិត​ផល​របស់​ខ្លួន​ហួស​ពី​ការ​ពិត។ អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ (archived)

ចំណែក​អត្ថបទ​ព័ត៌មាន​មួយ​ទៀត បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​មួយ​នេះ បាន​ផ្សព្វផ្សាយ​ដោយ​មិន​ត្រឹម​ត្រូវ​នូវ​ផលិត​ផល​របស់​ខ្លួន ដោយ​និយាយ​ថា ផលិត​ផល​អាហារ​បំប៉ន​របស់​ខ្លួន គឺ​ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម។

VietQ | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល HYPOLY មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ក្រសួង​សុខាភិបាល​កម្ពុជា​បញ្ជាក់​ថា ផលិត​ផល​នេះ​គ្មាន​បញ្ជី​ការ​របស់​ក្រសួង​ទេ ហើយ​ដាស់​តឿន​ប្រជា​ពលរដ្ឋ​កុំ​ឱ្យ​ប្រើ​ប្រាស់​ផលិត​ផល​នេះ ដែល​នាំ​ឱ្យ​ប៉ះពាល់​សុខភាព។ ចំណែក​អាជ្ញាធរ​គ្រប់​គ្រង​សុវត្ថិភាព​ចំណី​អាហារ​វៀតណាម​វិញ បាន​បញ្ជាក់​ថា ផលិត​ផល HYPOLY មិន​មែន​ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ទេ ដោយ​វា​គ្រាន់​តែ​ជា​អាហារ​បំប៉ន​ប៉ុណ្ណោះ។

Avatar

Title:ផលិត​ផល​មួយ​ត្រូវ​បាន​ផ្សាយ​ដោយ​​បំផ្លើស​ថា វា​អាច​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែមដោយ​ខ្លួន​ឯង

Fact Check By: Jay Udom

Result: False