
កាលពីសប្ដាហ៍មុន អ្នកស្រី ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹងទៅលើអ្នកលេងហ្វេសប៊ុកល្បីឈ្មោះ លោក ផែង វណ្ណៈ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយអំពីជម្លោះគ្រួសារអ្នកអត្ថាធិប្បាយកម្មវិធីប្រកួតបាល់ទាត់ លោក ជឿន ប៊ុនចក់ ហៅ ជីកចក់ និងអ្នកលក់ឡេនៅលើបណ្ដាញសង្គម អ្នកនាង ទ្រិញ ផល្លា។
ភ្លាមៗ ការអះអាងមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា លោក ផែង វណ្ណៈ បានជាប់គុកហើយ។ ការអះអាងនេះ ត្រូវបានទទួលប្រតិកម្មមតិចម្រុះ និងចែកចាយយ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងនៅលើបណ្តាញសង្គមនេះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា កាមទេព លីម ហុង បានអះអាងនៅលើបណ្ដាញសង្គមថា អ្នកប្រើប្រាស់ហ្វេសប៊ុកដ៏ល្បីឈ្មោះ លោក ផែង វណ្ណៈ បានជាប់ពន្ធនាគារហើយ។
ការអះអាងមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងដោយទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «ផែង វណ្ណៈ ជាប់គុកហើយ… រង់ចាំព័ត៌មានលម្អិត»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើព័ត៌មានអះអាងខាងលើនេះ តាមរយៈព័ត៌មានថ្មីចុងក្រោយ និងការបំភ្លឺបកស្រាយរបស់លោក ផែង វណ្ណៈ ដោយផ្ទាល់។
ក្នុងកិច្ចសម្ភាសឆ្លើយតបនឹងការសាកសួររបស់ Fact Crescendo Cambodia លោក ផែង វណ្ណៈ បានបដិសេដនូវការអះអាងនៅលើបណ្ដាញសង្គម ដោយនិយាយថា «ឲ្យគេនិយាយអី និយាយទៅ កាមទេព លីម ហុង ហ្នឹង ដែលនិយាយការពិតពីអង្កាល់»។
ដូចគ្នានេះ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក ផែង វណ្ណៈ បង្ហោះកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ថ្មីៗនេះ បានបង្ហាញឱ្យលោកចូលជួបអ្នកស្រី ហ៊ុន ស៊ីណាត ដើម្បីសុំអធ្យាស្រ័យពីលោកស្រី ហ៊ុន ស៊ីណាត។

បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក កាលពីសប្ដាហ៍មុន លោកស្រី ហ៊ុន ស៊ីណាត បានប្រកាសប្ដឹងលោក ផែង វណ្ណៈ ទៅតុលាការ បន្ទាប់ពីលោក ផែង វណ្ណៈ បានលើកឈ្មោះលោកស្រីនៅពេលនិយាយអំពីជម្លោះគ្រួសាររបស់លោក ជឿន ប៊ុនចក់ និងអ្នកនាង ទ្រិញ ផល្លា។
ការអះអាងស្រដៀងគ្នាខាងលើនេះ ក៏ធ្លាប់ត្រូវបានស្ថាប័នត្រួតពិនិត្យការពិត Fact Crescendo Cambodia ផងដែរ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ដោយរកឃើញថា ការអះអាងនោះ មិនត្រឹមត្រូវនោះឡើយ។ សម្រាប់ព័ត៌មានលម្អិត សូមអានអត្ថបទ រូបថតលោក ផែង វណ្ណៈ ជាប់ខ្នៅដៃ គឺជារូបភាពកាត់តតែប៉ុណ្ណោះ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថារូបថត និងការលើកឡើងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ លោក ផែង វណ្ណៈ ពុំបានជាប់ពន្ធនាគារដូចការអះអាងនោះទេ ហើយលោកទើបតែជួប និងធ្វើការសុំទោសលោកស្រី ហ៊ុន ស៊ីណាតកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ថ្មីៗនេះ។

Title:លោក ផែង វណ្ណៈ ពុំបានជាប់ពន្ធនាគារដូចការអះអាងនោះឡើយ
Fact Check By: Kakada SimResult: False
