
ថ្មីៗនេះ កម្ពុជាបានសម្រេចហាមឃាត់អ្នកដំណើរទាំងអស់មកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា មិនឱ្យធ្វើដំណើរចូលមកកម្ពុជានោះឡើយ ក៏ព្រោះតែឥណ្ឌាកំពុងប្រឈមមុខនឹងការផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរនៃការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ទម្រង់ថ្មី។ បន្ទាប់មក ការជជែក និងការចែករំលែកជាច្រើននៅលើបណ្ដាញសង្គម បានផ្ដោតទៅលើបញ្ហាកំពុងកើតឡើងនៅក្នុងប្រទេសឥណ្ឌា ដែលកំពុងប្រយុទ្ធនឹងការរាតត្បាតនៃមេរោគកូវីដ-១៩។ ក្នុងចំណោមនោះ ការអះអាងមួយបានលើកឡើងថា ក្រុមអ្នកគោរពប្រតិបត្តិតាមជំនឿហិណ្ឌូសាសនា បានសម្រេចចិត្តបោះចោលទេវរូប នៅតាមផ្លូវសាធារណៈ និងតាមទឹកជាដើម បន្ទាប់ពីពួកគេយល់ថា ទេវដែលពួកគេគោរពនោះ មិនបានជួយការពារពួកគេពីការឆ្លងមេរោគកូវីដ-១៩នោះឡើយ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិតបានរកឃើញថា ការពិតមិនដូចទៅនឹងការអះអាងនេះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបថត ៤សន្លឹក ដែលបង្ហាញចម្លាក់ព្រះគណេស និងទេវរូបដទៃទៀតនៅក្នុងជំនឿហិណ្ឌូសាសនា បានស្ថិតនៅរ៉ាត់រាយនៅលើផ្លូវថ្នល់ និងអណ្ដែតនៅលើទឹកជាដើម។ ទំព័រហ្វេសប៊ុកដដែលនេះ បានអះអាងថា ទេវរូបទាំងនេះ ត្រូវបានសាសនិកហិណ្ឌូបោះចោលនៅតាមដងផ្លូវ និងក្នុងទឹក បន្ទាប់ពីពួកគេអស់ជំនឿលើចម្លាក់ទាំងនោះ ដែលពុំអាចជួយពួកគេឱ្យគេចផុតពីការឆ្លងមេរោគកូវីដ-១៩។
រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកតៗគ្នាពីសំណាក់អ្នកប្រើហ្វេសប៊ុករហូតដល់ទៅរាប់ពាន់ដងឯណោះ រួមជាមួយប្រតិកម្ម និងការបញ្ចេញមតិចម្រុះបែបជាច្រើនផងដែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកនោះ រៀបរាប់ថា «ក្រុមអ្នកកាន់សាសនា Hindu បានចោលព្រះដែលខ្លួនគោរព ពេញដងផ្លូវ និងដងស្ទឹង»។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើការអះអាងនេះតាមរយៈដំណើរការផ្ទៀងផ្ទាត់រូបថតនៅក្នុងកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យទៅដល់រូបថតដើមទាំងស្រុង និងព័ត៌មានលម្អិតនៃរូបថតទាំងនេះ។
រូបថតបង្ហាញទេវរូបរាយប៉ាយនៅលើដងផ្លូវ ត្រូវបានចុះផ្សាយកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ដោយសារព័ត៌មាន The Hindu ដែលជាសារព័ត៌មានដ៏ចំណាស់បំផុតមួយរបស់ប្រទេសឥណ្ឌា។ សេចក្ដីរាយការណ៍ជាភាសាអង់គ្លេសនៃសារព័ត៌មាននេះ ចុះផ្សាយក្រោមចំណងជើងថា «No idols thrown at Sabarmati river front» ឬអាចប្រែសម្រួលជាភាសាខ្មែរថា «គ្មានទេវរូបត្រូវបានបោះចោលនៅតាមមាត់ទន្លេសាបាម៉ាទីទេ»។
បើតាមសារព័ត៌មានដដែលនេះ ចម្លាក់ទាំងអស់នោះ រូបថតនេះ គឺជាពិធី Dashama ដែលត្រូវបានប្រារព្ធឡើងនៅទីក្រុងអាម៉េដាបាដ(Ahmedabad) ស្ថិតនៅក្នុងរដ្ឋគុជរ៉ាត់ (Gujarat) ភាគពាយព្យនៃប្រទេសឥណ្ឌា។ ពិធីមួយនេះ ត្រូវបានគេប្រៀបប្រដូចទៅនឹងការគោរពចំពោះព្រះគណេសរបស់ពលរដ្ឋឥណ្ឌានៅតាមបណ្ដារដ្ឋជាច្រើនទៀតផងដែរ។
ពិធីបុណ្យ Dashama ដែលជាការគោរពដល់ព្រះនាង Dashama ជាទេវីមួយដួងនៅក្នុងជំនឿហិណ្ឌូនិយមនោះ ត្រូវបានរៀបចំឡើងយ៉ាងពិសេសរយៈពេល ១០ថ្ងៃ ហើយនៅថ្ងៃចុងក្រោយ អ្នកគោរពប្រតិបត្តិបានស្រង់ទឹកដល់ចម្លាក់ទេវី Dashama ដែលត្រូវបានផលិតឡើងពីកំបោរ និងតុបតែងទៅដោយពណ៌ដ៏ស្រស់ស្អាត ឬយកចម្លាក់ទេវី Dashama ទៅបណ្ដែតក្នុងទឹកទន្លេ។
The Hindu’s report | Archived Link
ចំណែកឯសារព័ត៌មាន India Times បានចុះផ្សាយនូវអត្ថបទមួយជាមួយរូបថតជាច្រើនសន្លឹក ដែលបង្ហាញនូវទេវរូបជាច្រើនផ្សេងគ្នា ត្រូវបានបណ្ដែតចូលទន្លេគង្គារ និងដៃនៃទន្លេដ៏សំខាន់មួយនេះនៅក្នុងប្រទេសឥណ្ឌា។ បើតាមការចុះផ្សាយនៃសារព័ត៌មានមួយនេះ ការទម្លាក់វេទរូបផ្សេងៗចូលក្នុងទឹកទន្លេ គឺជាប្រពៃណីរបស់អ្នកប្រតិបត្តិតាមជំនឿសាសនាហិណ្ឌូនៅក្នុងប្រទេសមានប្រជាជនដ៏ច្រើនមួយនេះ។
India Times Report | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងរបស់ទំព័រហ្វេសប៊ុកដូចបានរៀបរាប់ខាងលើមកនេះ មិនត្រឹមត្រូវនោះឡើយ។ ទេវរូបទាំងនោះ មិនមែនត្រូវបានពលរដ្ឋឥណ្ឌាបោះចោល ឬទម្លាក់ចោលទឹកទន្លេរ ដោយសារមិនអាចបញ្ចៀសពួកគេមិនឱ្យឆ្លងមេរោគកូវីដ-១៩នោះទេ។ ទេវរូបទាំងនោះ ស្ថិតនៅរាយប៉ាយនៅតាមដងផ្លូវ និងអណ្ដែតនៅក្នុងទឹកទន្លេ បន្ទាប់ពីការបិទបញ្ចប់ពិធីបុណ្យស្រង់ទឹកព្រះទៅតាមជំនឿហិណ្ឌូសាសនានៅក្នុងប្រទេសឥណ្ឌា។

Title:សាសនិកហិណ្ឌូមិនបានគ្រវែងចោលទេវរូបព្រោះតែមិនអាចការពារពួកគេពីកូវីដ-១៩ទេ
Fact Check By: Jay UdomResult: False