ខណៈ​ដែល​គុណភាព​សំណង់​សាធារណៈ​តែង​តែ​រង​ការ​រិះគន់​ពី​មហាជន​​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ រូបថត​ការដ្ឋាន​សំណង់​បេតុង​មួយ​ដែល​គ្មាន​រែង​ដែក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ន័យ​ថា ការដ្ឋាន​សាង​សង់​ផ្លូវ​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រដ្ឋាភិបាល​ទទួល​រង​ការ​រិះគន់​បន្ថែម​ទៀត​ បន្ទាប់​ពី​រូបថត​នេះ​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបភាព​​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

រូបថត​​ដែល​បង្ហាញ​ការ​សាង​សង់​ផ្លូវ​ចាក់​បេតុង​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ដើម​ខែ​នេះ​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា វា​ជា​ការ​សាង​សង់​ផ្លូវ​បេតុង​មួយ​ដោយ​ពុំ​មាន​ដាក់​ដែក​បង្កប់​នៅ​ក្នុង​ល្បាយ​បេតុង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

​ព័ត៌មាន​នេះ​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​បែប​ និង​មតិ​យោបល់​រិះគន់​ដ៏​ច្រើន​ ដែល​ជឿ​ថា ដំណើរការ​​សាង​សង់​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះពិត​ជា​កើត​ឡើង​នៅ​កម្ពុជា​មែន។

ខាង​ក្រោម​នេះ គឺជា​រូបភាព​ផ្ដាម​ចេញ​សំណេរ​នៅ​ផ្សព្វផ្សាយ​នៅ​លើ​​បណ្ដាញ​សង្គម​​នៅ​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “ចាក់​សិន ចាំ​គាស់​ដាក់​ដែក​តាម​ក្រោយ ឬ​យ៉ាងណា?”។

Facebook Post | Archived

រូបថត​ដូច​គ្នានេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​រាប់​សិប​​ដង។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នេះ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់ថា “ចាក់​សិន ចាំ​គាស់​ដាក់​ដែក​តាម​ក្រោយ ឬ​យ៉ាងណា? ដឹង​ស្រុក​ណា​ទេ​លោក​អើយ?”។

Facebook Post | Archived Link

Facebook Post | Archived Link

រូបថត​ដូច​គ្នា​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ។ គេ​អាច​មើល​រូបថត​ដូច​គ្នា​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ Link 1 (archived), Link 2 (archived), Link 3 (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​​តាម​រយៈ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញព័ត៌មាន​នៃ​ការ​បក​ស្រាយ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​បាន​បញ្ជាក់​ថា រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​ដំណើរការ​សាង​សង់​ផ្លូវ​ថ្នល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ។

អ្នកនាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា រូបថត​នៃ​ការ​សាង​សង់​ផ្លូវ​បេតុង​គ្មាន​ដាក់​ដែក​នេះ គឺ​ជា​ការ​សាង​សង់​ផ្លូវ​បេតុង​មួយ​នៅ​ក្នុង​ខេត្ត​មួយ​នៅ​ប្រទេស​ថៃ។

DAP-NEWS | Archived Link

តាម​រយៈ Google Reverse Image Search យើង​ក៏​បាន​រក​ឃើញ​រូបថត​ដូច​គ្នា​នេះ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​កក្កដា ឆ្នាំ​២០២៤ ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ជា​ភាសា​ថៃ​ថា ปฏิบัติการหมาเฝ้าบ้าน។

សំណេរ​ជា​ភាសា​ថៃ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​នេះ រៀបរាប់​ក្នុង​ន័យ​ចោទ​សួរ​អំពី​គុណភាព​ផ្លូវ​បេតុង​ដែល​សាង​សង់​នៅ​តំបន់​ជនបទ​នៃ​ខេត្ត​មួយ​ដោយ​ពុំ​មាន​រាយ​ដែក​បង្កប់​ក្នុង​ល្បាយ​ស៊ីម៉ង់តិ៍​ឡើយ។

Facebook Post | Archived Link

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​បញ្ជាក់​នៅ​ក្នុង​ផ្នែក​បញ្ចេញ​មតិ​ថា សំណង់​ផ្លូវ​បេតុង​នេះ​ស្ថិត​នៅ​ក្នុង​​ឃុំ​ឡាំផៈយ៉ា នៃ​ស្រុក​បានឡេន ខេត្ត​នគរបឋម ប្រទេស​ថៃ។

ក្រុម​ការងារ Fact Crescendo បាន​សាក​សួរ​ទៅ​កាន់​​ទំព័រ​ហ្វេសប៊ុក​ឃុំ​ឡាំផៈយ៉ា (เทศบาลตำบลลำพญา อำเภอบางเลน จังหวัดนครปฐม) ហើយ​ជំទប់​ទី១​នៃ​ឃុំ​ឡាំផៈយ៉ា អ្នកស្រី Chayanan Kaewaudomrat បាន​ទទួល​ស្គាល់​រូបថត​នោះ គឺ​ជា​រូបថត​នៃ​ការ​សាង​សង់​ផ្លូវ​បេតុង​នៅ​ក្នុ​ងឃុំ​របស់​អ្នកស្រី មិន​មែន​ជា​រូបថត​មក​ពី​ប្រទេស​កម្ពុជា​នោះ​ឡើយ។

អ្នកស្រី Chayanan Kaewaudomrat បញ្ជាក់​បន្ថែម​ថា កំណាត់​ផ្លូវ​នេះត្រូវ​បាន​សាង​សង់​ត្រឹម​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដែល​បាន​ដាក់​តម្រៀប​ដែក​នៅ​ផ្នែក​ខាង​លើ​នៃ​បេតុង ដែល​អាច​ឱ្យ​ផ្នែក​ត្រួត​ពិនិត្យ​ផ្លូវ​អាច​ឃើញ​ដែក​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​សំណង់​ផ្លូវ​បេតុង។

ជាង​នេះ​ទៅ​ទៀត មន្ត្រី​មូលដ្ឋាន​រូប​នេះ បាន​ផ្ញើ​រូបថត​មួយ​ចំនួន​ដែល​បង្ហាញ​លក្ខណៈ​បច្ចេកទេស​នៃ​ការ​សាង​សង់​ផ្លូវ​នៅ​ក្នុង​ឃុំ​ឡាំផៈយ៉ា ស្ថិត​នៅ​ក្នុង​ស្រុក​បានឡេន ខេត្ត​នគរបឋម។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ រូបថត​នៃ​ការដ្ឋាន​សាង​សង់​ផ្លូវ​បេតុង​មួយ​នេះ មិន​មែន​ជា​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​នៅ​ជន​បទ​ក្នុង​ប្រទេស​កម្ពុជា​ទេ។ រូបថត​នេះ គឺ​ជា​ការដ្ឋាន​សាង​សង់​ផ្លូវ​បេតុង​នៅ​ក្នុង​ឃុំ​មួយ​នៃ​ខេត្ត​នគរបឋម ប្រទេស​ថៃ កាល​ពី​ខែ​មិថុនា​កន្លង​មក​នេះ។

Avatar

Title:រូបថត​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​នៅ​ថៃ​បង្ក​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ក្នុង​ចំណោម​សាធារណជន​កម្ពុជា

Written By: Jay Udom

Result: Misleading