រូបភាព​ជន​ភៀស​ខ្លួន​រ៉្វាន់ដា​ត្រូវ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រឿង​រ៉ាវ​ជន​ភៀស​ខ្លួន​កម្ពុជា

Misleading Social

រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​ដ៏​ច្រើន​រត់​ភៀស​ខ្លួន​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា វា​ជា​ជន​ភៀស​ខ្លួន​កម្ពុជា​ដែល​ត្រូវ​បាន​ទាហាន​ថៃ​ដឹក​មក​ទម្លាក់​ចោល​នៅ​ភ្នំ​ដង​រែក​កាល​ពី​ឆ្នាំ​១៩៧៩។ រូបភាព​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

រូបភាព​មនុស្ស​ដ៏​ច្រើន​កុះករ​ធ្វើ​ដំណើរ​កាត់​តំបន់​ព្រៃ​ភ្នំ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងមក​នេះ​ជាមួយ​សំណេរ​រៀបរាប់​រំលឹក​ឡើង​វិញ​នូវ​ហេតុការណ៍​បណ្ដេញ​ជន​ភៀស​ខ្លួន​កម្ពុជា​ពី​សំណាក់​ទាហាន​ថៃនៅ​អំឡុង​ឆ្នាំ​១៩៧៩។

រូបភាព​ភ្ជាប់​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជា​ច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ព្រម​ទាំង​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប និង​ការ​បញ្ចេញ​ប្រតិកម្ម​ផ្សេងៗ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីការ​បង្ហោះ​រូបភាព​ជាមួយ​ខ្លឹមសារ​សំណេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២៥។

Facebook Post | Archived Link

រូបភាព និង​សំណេរ​ខាង​លើ​នេះ ត្រូវ​បាន​ចម្លង​ទាំង​ស្រុង​ចេញ​ពី​សំណេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ដើម​ខែ​មករា​កន្លង​មក ដែល​រៀបរាប់​ពី​ទុក្ខ​វេទនា​ពលរដ្ឋ​កម្ពុជា​ដែល​រត់​ភៀស​ខ្លួន​ចេញ​ពី​សង្គ្រាម និង​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ​ពី​សំណាក់​​កង​ទ័ព​ថៃនៅ​អំឡុង​ឆ្នាំ​១៩៧៩។

រូបភាព​ភ្ជាប់​ជាមួយ​ខ្លឹមសារ​សំណេរ​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ចែក​ចាយ​បន្ត​រហូត​ដល់​ជាង ២​ពាន់​ដង ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សំណេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២៥ ដែល​រៀបរាប់​ថា “ប្រវត្តិសាស្ត្រ​ដែល​មិន​អាច​បំភ្លេច​បាន៖ នៅ​ខែ​កក្កដា ឆ្នាំ​១៩៧៩ ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ជំរុំ​ណងចាន់​រាប់​ពាន់​នាក់ ត្រូវ​ទាហាន​ថៃ​ដឹក​ទៅ​ទម្លាក់​ចោល​នៅ​ភ្នំ​ដង​រែក​ឱ្យ​វិល​ចូល​ដី​ខ្មែរ​វិញ។ បើ​មិន​តោង​វល្លិ៍ ទម្លាក់​ខ្លួន​សម្រួត​ចុះ​តាម​ជញ្ជាំង​ភ្នំ ក៏​ត្រូវ​ពួកវា​បាញ់​រះ​សម្លាប់​ចោល។ […]”។

Facebook Post | Archived Link

រូបភាព​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​លើក​ដំបូង​តាំង​ពី​ជាង ១២​ឆ្នាំ​មុន​ម៉្លេះ ប៉ុន្តែ វា​បាន​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ជា​ថ្មី បន្ទាប់​ពី​ការ​បង្ហោះ​វា​ឡើង​វិញ​កាល​ពី​ដើម​ខែ​មករា​កន្លង​មក​នេះ មុន​នឹង​វា​ត្រូវ​បាន​ចែក​ចាយ​ព្រោង​ព្រាត​បន្ថែម​ទៀត​នៅ​ចុង​សប្ដាហ៍​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបភាព និង​ខ្លឹមសារ​សំណេរ​ដូច​គ្នា​នេះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពីថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៣ ដែល​មាន​ការ​ចែក​ចាយ​ដល់​ទៅ​ជិត ៤០០​ដង​ផង​ដែរ​នា​ពេល​នោះ។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ​តាមរយៈ​ការដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

​តាម​រយៈ Google Reverse Image Search បង្ហាញ​ថា​ រូបភាព​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយប្រព័ន្ធ​សារព័ត៌មាន​​មួយ​ចំនួន​ទាំង​ភាសា​អង់គ្លេស និង​ភាសា​បារាំងជិត ១០​ឆ្នាំ​មុន។

កាល​ពី​ចុង​ឆ្នាំ​២០១៦​កន្លង សារព័ត៌មាន​ម៉ារ៉ុក Le360 Afrique ដែល​​ផ្សាយ​ជា​ភាសា​បារាំង បាន​ចុះ​ផ្សាយ​រូបភាព​នេះ​នៅ​ក្នុង​អត្ថបទ​​មួយ​ដែល​និយាយ​អំពីការ​បញ្ជូន​​ត្រឡប់​មក​ពី​ប្រទេស​កាណាដា​វិញ​នូវ​អតីត​មន្ត្រី​ម្នាក់​របស់​រ៉្វាន់ដា​ដែល​ជាប់​ចោទ​ពី​បទ​អំពើ​ប្រល័យ​ពូជ​សាសន៍។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​អត្ថបទ​មួយ​របស់​សារព័ត៌មាន Le360 Afrique ចុះ​ផ្សាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដែល​និយាយ​អំពី​ប្រទេស​កាណាដា​​បញ្ជូន​អតីត​មន្ត្រី​ម្នាក់​របស់​រ៉្វាន់ដា​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជ​សាសន៍។

Le360 Afrique | Archived Link

សារព័ត៌មាន​ដដែល​នេះ ក៏​បាន​ចុះ​ផ្សាយ​រូបភាព​នេះ​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៨​កន្លង​មក​នៅ​ក្នុង​អត្ថបទ​(archived)​មួយ​របស់​ខ្លួន​ដែល​និយាយ​អំពីការ​កាត់​ទោស​ដោយ​តុលាការ​បារាំង​ទៅ​លើ​អតីត​អភិបាល​ក្រុង​២​រូប​របស់​ប្រទេស​រ៉្វាន់ដា​ ដែលជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ក្រុម​ជន​ជាតិ​ទួតស៊ី (Tutsi) ស្ថិត​នៅភាគ​ខាង​កើត​ប្រទេស​រ៉្វាន់ដា កាល​ពី​ខែ​មេសា ឆ្នាំ​១៩៩៤។

រូបភាព​ដដែល​នេះ​ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​កូឌីវ័រ​ឈ្មោះ Le Point Sur កាល​ពី​ឆ្នាំ​២០១៤​កន្លង​មក​ផង​ដែរ នៅ​ក្នុង​អត្ថបទ​មួយ​ដែល​និយាយ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​ប្រទេស​រ៉្វាន់ដា​កាល​ពី​ឆ្នាំ​១៩៩៤។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​អត្ថបទ​មួយ​របស់​​សារព័ត៌មាន Le Point Sur ចុះ​ផ្សាយ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៤ ដែល​និយាយ​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ក្នុង​ប្រទេស​រ៉្វាន់ដា​កាល​ពី​ដើម​ទសវត្សរ៍​១៩៩០។

Le Point Sur | Archived Link

បើទោះបី​គ្មាន​ខ្លឹមសារ​រូបភាព​ដែល​អាច​ឱ្យ​គេ​ដឹង​លម្អិត​អំពី​ព័ត៌មាន​នៃ​រូបភាព​នេះ​ក៏​ដោយ អត្ថបទ​សារព័ត៌មាន​ទាំង​ពីរ​នេះ បញ្ជាក់​ថា រូបភាព​នេះ​បង្ហាញ​ជន​ភៀស​ខ្លួន​រ៉្វាន់ដា​ក្នុង​ចំនួន​ដ៏​ច្រើន បាន​គេច​ចេញ​ពី​សង្គ្រាម និង​ការ​កាប់​សម្លាប់​ដែល​កើត​ឡើង​អំឡុង​ឆ្នាំ​១៩៩៤។

Fact Crescendo បាន​ស្នើ​សុំ​ការ​បញ្ជាក់​អំពី​ខ្លឹមសារ​នៃ​រូបភាព​នេះ​ពី​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Chanbo Keo ផង​ដែរ ប៉ុន្តែ ពុំ​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​មក​វិញ​នៅ​ឡើយ​ទេ​រហូត​ដល់​ពេល​ចេញ​ផ្សាយ​អត្ថបទ​នេះ។

អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ក្នុង​ប្រទេស​រ៉្វាន់ដា បានកើត​ឡើង​រយៈ​ពេល​ត្រឹម​តែ ១២​ថ្ងៃ​ប៉ុណ្ណោះ​ចន្លោះ​ពី​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​១៩៩៤ អំឡុង​ពេល​ដែល​ប្រទេស​នេះ​មាន​សង្គ្រាម​ស៊ីវិល​ក្រុម​ជន​ជាតិ​ Tutsi និង​ក្រុម​ជន​ជាតិ Hutu។

ផ្អែក​តាម​ការ​សិក្សា​(archived)​មួយ​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០២១​កន្លង​មក ក្នុង​រយៈ​ពេល​ត្រឹម​តែ ១២​ថ្ងៃ​ប៉ុណ្ណោះ ជន​ជាតិ Tutsi និង​ជន​ជាតិ Hutu និយម​កណ្ដាល​ចន្លោះ​ពី ៥​០​ម៉ឺន​នាក់ ទៅ ៦៦​ម៉ឺន​នាក់ ត្រូវ​បាន​កាប់​សម្លាប់​ពី​សំណាក់​កម្លាំង​ប្រដាប់​អាវុធ​ជន​ជាតិ Hutu។

អំពើ​ប្រល័យ​ពូជ​សាសន៍​នេះ ក៏​បាន​បង្ខំ​មនុស្ស​រាប់​សែន​នាក់​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​ និង​ចាក​ចេញ​ពី​ប្រទេស​រ៉្វាន់ដា​ទៅ​កាន់​ប្រទេស​ជិត​ខាង​ដូចជា​សាធារណរដ្ឋ​កុងហ្កូ​ជាដើម។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​វេបសាយ GettyImages ដែល​បង្ហាញ​ឱ្យ​ឃើញ​ប្រជាជន​រ៉្វាន់ដា​ដ៏​ច្រើន​កុះករ​ភៀស​ខ្លួន​​ទៅ​កាន់​ប្រទេស​កុងហ្កូ​នៅ​អំឡុង​ឆ្នាំ​១៩៩៤ ដោយសារ​តែ​សង្គ្រាម​ស៊ីវិល និង​ការ​កាប់​សម្លាប់។

GettyImages | Archived Link

ទិដ្ឋភាព​នៃ​ជន​ភៀស​ខ្លួន​រ៉្វាន់ដា​បែប​នេះ ក៏​ត្រូវ​បាន​បង្ហាញ​ផង​ដែរ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​ព័ត៌មាន​ជា​វីដេអូ​របស់​សារព័ត៌មាន EURONEWS កាល​ពី​ឆ្នាំ​២០១៤​កន្លង ដែល​ចំ​ខួប ២០​ឆ្នាំ​ក្រោយ​អំពើ​ប្រល័យ​ពូជសាសន៍​បាន​កើត​ឡើង។

YouTube Video

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការអះអាង​ដូច​រៀបរាប់​ខាងលើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបភាព​នេះ មិន​មែន​ជា​ជន​ភៀស​កម្ពុជា​ដែល​ត្រូវ​ទាហាន​ថៃ​ដឹក​យក​មក​ទម្លាក់​ចោល​នៅ​ភ្នំ​ដង​រែក​នោះ​ឡើយ។ រូបភាព​នេះ បង្ហាញ​ជនភៀស​ខ្លួន​រ៉្វាន់ដា​ដែល​បាន​រត់​គេច​ពី​សង្គ្រាម​ស៊ីវិល និង​អំពើ​កាប់​សម្លាប់​នៅ​អំឡុង​ឆ្នាំ​១៩៩៤។

Avatar

Title:រូបភាព​ជន​ភៀស​ខ្លួន​រ៉្វាន់ដា​ត្រូវ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រឿង​រ៉ាវ​ជន​ភៀស​ខ្លួន​កម្ពុជា

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *