Fact-Check: តើ​មេរោគ​កូវីដ-១៩​កើត​ឡើង​លើ​ពលរដ្ឋ​ចិន និង​វៀតណាម​ដែរ​ឬទេ?

COVID-19 Misleading

កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ៦២,៧០០​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែ​កក្កដា​នេះ ក្នុង​នោះ​មនុស្ស​ដល់​ទៅ ៩៥៣​នាក់​ហើយ បាន​ស្លាប់​បាត់​បង់​ជីវិត​​ក្រោយ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ប្រភេទ​នេះ។ ខណៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​កំណើន​នៃ​ការ​ឆ្លង​រីក​រាល​នៃ​មេរោគ​កូវីដ-១៩​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​បាន​ចោទ​សួរ​ថា ហេតុអ្វី​បាន​ជា​មេរោគ​កូវីដ-១៩​ឆ្លង​ និង​សម្លាប់​តែ​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ បែរ​ជា​ពលរដ្ឋ​ចិន និង​វៀតណាម មិន​កើត​អ្វី​ទៅ​វិញ។ ចម្ងល់​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា ចម្ងល់​បែប​នេះ គឺ​ជា​ការ​យល់​ច្រឡំ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០៤ ខែ​កក្កដា ឆ្នាំ​២០២១​ គណនី​ហ្វេសប៊ុក​មួយ​ បាន​ចោទ​សួរ​នៅ​លើ​បណ្ដាញ​សង្គម​ថា ហេតុអ្វី​បាន​ករណី​ឆ្លង​កូវីដ-១៩ និង​ស្លាប់​ដោយសារ​ជំងឺ​នេះ កើត​មាន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​វៀតណាម​ជា​ប្រទេស​ជិត​ខាង​កម្ពុជា និង​ប្រទេស​ចិន បែរ​ជា​មិនមាន​ករណី​ឆ្លង និង​ស្លាប់​កើត​ឡើង​ទៅ​វិញ។

ការ​ចោទ​សួរ​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ និង​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​និយាយ​ភាសា​ខ្មែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ រៀបរាប់​ថា​ «ហេតុអី​កូវីដឆ្លង​ស្លាប់​តែ​ពលរដ្ឋ​ខ្មែរ? ចុះ​យួន និង​ចិន ហេតុ​អី​មិន​ឆ្លង​មិន​ងាប់?»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​ប៉ុស្តិ៍​នេះ​តាម​រយៈ​ការ​ស្វែង​រក​តួលេខ​ឆ្លង​កូវីដ-១៩ និង​តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ​នៅ​ក្នុង​ប្រទេស​វៀតណាម និង​ប្រទេស​ចិន ដែល​ត្រូវ​បាន​កត់ត្រា​ដោយ​អង្គការ​សុខភាព​ពិភព​លោក។

​តួលេខ​កត់ត្រា​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO) បង្ហាញ​ថា ប្រទេស​វៀតណាម​បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ-១៩​ទៅ​លើ​មនុស្ស​ចំនួន ៣០,៤៧៨​នាក់​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២០ រហូត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១នេះ។

តួលេខ​នេះ ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ផង​ដែរ​ថា ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នៅ​ប្រទេស​វៀតណាម ក៏​បាន​បណ្ដាល​ឱ្យ​មនុស្ស ១១៩​នាក់​ហើយ បាន​ស្លាប់​បាត់​បង់​ជីវិត។

ករណី​ស្លាប់​ជាលើក​ដំបូង​ដោយសារ​ជំងឺ​កូវីដ​-១៩​នៅ​ប្រទេស​វៀតណាម បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២០ ហើយ​នៅ​ត្រឹម​ចុង​ខែ​សីហា​ឆ្នាំ​មុន វៀតណាម​បាន​កត់​ត្រា​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩សរុប ៣៥​នាក់។

ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ មិន​បាន​កើត​មាន​ទៀត​ទេ​រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២១ វៀតណាម​ក៏​បាន​រាយការណ៍​ពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​ជាថ្មី។

ចាប់​តាំង​ពី​ថ្ងៃ​ទី១០ ខែ​ឧសភា​មក វៀតណាម​បន្ត​រាយការណ៍​ពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ជា​បន្ត​បន្ទាប់​ដែល​មាន​ចំនួន​សរុប​រហូត​ ៨៤​នាក់​បន្ថែម​ទៀត។

ចំណែក​ឯ​តួលេខ​ឆ្លង​វិញ វៀតណាម​បាន​រក​ឃើញ​មនុស្ស​ឆ្លង​មេរោគ​កូវីដ-១៩​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​​ផង​ដែរ ប៉ុន្តែ តួលេខ​ឆ្លង​ប្រចាំ​ថ្ងៃ​មាន​ចំនួន​តិច​តួច មុន​នឹង​វៀតណាម​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩​កាន​់តែ​ច្រើន​នៅ​ក្នុង​ខែ​កក្កដា​នេះ។

WHO’s Covid-19 Situation Report | Archived Link

​សម្រាប់​ប្រទេស​ចិន​វិញ កំណត់ត្រា​របស់​អង្គការ​សុខភាព​ពិភព​លោក បង្ហាញ​ថា ប្រទេស​មហា​អំណាច​មួយ​នេះ រក​ឃើញ​មនុស្ស​រហូត​ដល់ ១១៩,៣៧៤​នាក់​ ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២០​កន្លង​មក​រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១។

ករណី​ឆ្លង​មេរោគ​កូវីដ-១៩ ត្រូវ​បាន​រក​ឃើញ​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន ប៉ុន្តែ ក្នុង​កម្រិត​តូច មុន​នឹង​ករណី​ឆ្លង​ថ្មី បាន​ងើប​ឡើង​វិញ​នៅ​ចន្លោះ​ខែ​ឧសភា និង​ខែ​កក្កដា​នេះ។

ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នៅ​ប្រទេស​ចិន ក៏​បាន​សម្លាប់​ជីវិត​មនុស្ស ៥,៥៨៩​នាក់​ផង​ដែរ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២០​កន្លង​មក។ ករណី​ស្លាប់​ភាគ​ច្រើន​លើស​លប់ បាន​កើត​ឡើង​នៅ​ចន្លោះ​ខែ​មករាដល់​ខែ​មីនា​ឆ្នាំ​មុន ដែល​មាន​ចំនួន​រហូត​ដល់​ទៅ ៤,៦៣៩​នាក់។ ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ចិន បាន​កើន​ឡើង​វិញ​ចាប់​ពី​សប្ដាហទី​៤​នៃ​ខែ​ឧសភា​រហូត​មក​ដល់​ខែ​កក្កដា ឆ្នាំ​២០២១​នេះ។

WHO’s Covid-19 Situation Report | Archived Link

សម្រាប់​ប្រទេស​កម្ពុជា​វិញ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា មនុស្ស​ដល់​ទៅ ៦២,៧០០​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ចុង​ខែ​មករា​ឆ្នាំ​មុន​រហូត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១​នេះ។

កំណត់​ត្រា​របស់​អង្គការ​សុខភាព​ពិ​ភព​លោក បង្ហាញ​ថា ចំនួន​ករណី​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​កម្ពុជា បាន​កើន​ឡើង​ខ្លាំង​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​កន្លង​មក​នេះ នៅ​ពេល​កម្ពុជា​ប្រកាស​ពី​ការ​រក​ឃើញ​ករណីឆ្លង​ក្នុង​សហគមន៍ជា​លើក​ទី​៣។ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​រហូត​ដល់​ទៅ ៦១,៣៩១​នាក់ បាន​ឆ្លង​មេរោគ​កូវីដ-១៩នៅ​ចន្លោះ​​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ​រហូត​មក​ដល់​ថ្ងៃ​ទី១២ ខែ​កក្កដា​នេះ។ តួលេខ​នេះបង្ហាញ​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ៩៨​ភាគរយ ត្រូវ​បាន​រក​នៅ​ក្នុង​រយៈ​ពេល ៥​ខែ​ចុង​ក្រោយ​នេះ។

ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ បាន​សម្លាប់​ជីវិត​មនុស្ស​រហូត​ដល់ ៩៥៣​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១​នេះ ដែល​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នេះ បានកើត​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២១​មក។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​លើក​ឡើង​ថា ប្រទេស​ចិន និង​វៀតណាម គ្មាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ-១៩ និង​គ្មាន​មនុស្ស​ស្លាប់​ដោយសារ​មេរោគ​កូវីដ-១៩​នោះ មិន​ត្រឹម​ត្រូវ​នោះ​ទេ។ ប្រទេស​ទាំង​ពីរ​នេះ មិន​មែន​គ្មាន​ករណី​ឆ្លង​ និង​ស្លាប់​ដោយសារ​មេរោគ​កូវីដ-១៩​នោះ​ឡើយ។ ប្រទេស​ចិន​មាន​មនុស្ស​ ៥,៥៨៩​នាក់ បាន​ស្លាប់​ដោយសារ​មេរោគ​កូវីដ-១៩ ខណៈ​ប្រទេស​វៀតណាម​មាន​មនុស្ស​ដល់​ទៅ ១១៩​នាក់​ហើយ បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​នេះ។

Avatar

Title:តើ​មេរោគ​កូវីដ-១៩​កើត​ឡើង​លើ​ពលរដ្ឋ​ចិន និង​វៀតណាម​ដែរ​ឬទេ?

Fact Check By: Jay Udom  

Result: Misleading

Leave a Reply

Your email address will not be published.